នៅក្នុងកិច្ចប្រជុំរបស់ស្ថាប័នហិរញ្ញវត្ថុធំៗពីរនៅលើពិភពលោក រួមមានមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍មុន ក្រុមអ្នកចូលរួមបានសម្តែងក្តីកង្វល់យ៉ាងជ្រៅចំពោះនិន្នាការសេដ្ឋកិច្ចសកល ដែលកំពុងដាំក្បាលចុះ។ ដើមឡើយពួកគេមានសុទិដ្ឋិនិយមថា អ៊ីរ៉ង់អាចនឹងយល់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីឱ្យលំហូរប្រេង ឧស្ម័ន និងជីកសិកម្មវិលរកភាពប្រក្រតីឡើងវិញ។ ប៉ុន្តែសុទិដ្ឋិនិយមនេះបានរលាយបាត់ទាំងស្រុង កាលពីថ្ងៃទី១៨ ខែមេសា បន្ទាប់ពីយោធាអាម៉េរិក បានបើកការវាយប្រហារលើនាវាដឹកទំនិញរបស់អ៊ីរ៉ង់ជាថ្មីម្តងទៀត។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងប្រធានធនាគារកណ្តាលជាច្រើនបានសម្តែងការខកចិត្តយ៉ាងខ្លាំងដែលសេដ្ឋកិច្ចពិភពលោកត្រូវបានរុញច្រានឱ្យធ្លាក់ចូលក្នុងគ្រោះមហន្តរាយជាថ្មី ក្រោយទើបងើបពីវិបត្តិ COVID-19។ មន្ត្រីជាន់ខ្ពស់មកពីតំបន់អឺរ៉ុប បានផ្ញើសារព្រមានចំៗទៅកាន់រដ្ឋបាលលោក ដូណាល់ត្រាំ ថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែមានវិធានការបន្ទាន់ និងមានប្រសិទ្ធភាពជាងនេះ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាជាងការប្រើប្រាស់កម្លាំងយោធា ដែលធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់។
ជាមួយគ្នានេះ លោក រ៉ូឡង់ លេស្កួរ (Roland Lescure) រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង បានសង្កត់ធ្ងន់ថា ចំណុចស្លាប់រស់ នៃជម្លោះនៅមជ្ឈិមបូព៌ា គឺច្រកសមុទ្រ Hormuz ដែលទាមទារឱ្យច្រកនេះត្រូវតែបើកឡើងវិញជាដាច់ខាត ដោយមិនត្រូវមានការបង្ខំឱ្យបង់ប្រាក់ក្នុងតម្លៃណាមួយឡើយ ។
ដោយឡែក លោក អាលី ប៊ីន អាម៉េដ អាល់ គូវ៉ារិ រដ្ឋមន្ត្រីហិរញ្ញវត្ថុកាតាក៏បានព្រមានដែរថា ពិភពលោកនឹងបញ្ហាវិបត្តិថាមពលធ្ងន់ធ្ងរនៅប៉ុន្មានខែខាងមុខនេះ ប្រសិនបើច្រកសមុទ្រហ័រម៉ូស ដែលជាដង្ហើមសេដ្ឋកិច្ចរបស់ពិភពលោកនៅតែត្រូវបានបិទខ្ទប់។
ជាវិធានការឆ្លើយតប IMF និង WB បានសម្រេចសន្យាផ្តល់កញ្ចប់ហិរញ្ញវត្ថុរួមគ្នាមានតម្លៃ១៥០ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងគ្រោះខ្លាំងបំផុតពីវិបត្តិថាមពល។ ក្នុងនោះដែរស្ថាប័នទាំងពីរបានស្វាគមន៍ការវិលត្រឡប់មកចូលរួមវិញរបស់ប្រទេសវេណេស៊ុយអេឡា ក្រោមការដឹកនាំរបស់រដ្ឋបាលថ្មី បន្ទាប់ពីបានផ្អាកអស់រយៈពេល៧ឆ្នាំ ដែលនេះជាសញ្ញានៃការស្វែងរកប្រភពថាមពលជំនួសបន្ថែម៕
អត្ថបទៈ សួន ឡង់ទី