កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ដែលកាន់តែស៊ីជម្រៅខ្លាំងឡើងរវាងប្រទេសដៃគូទាំង៣ បានបង្ហាញកាន់តែច្បាស់ឡើងតាមរយៈការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការការពារសន្តិសុខនៅសមុទ្រចិនខាងត្បូងជាកន្លែងដែលហ្វីលីពីន និងចិនកំពុងជាប់គាំងក្នុងជម្លោះទឹកដី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន nikkeiasia និង រ៉យទ័រ។
កងកម្លាំងការពារខ្លួនជប៉ុន នឹងបញ្ជូនកងយោធាច្រើនបំផុតមិនធ្លាប់មានរហូតដល់១,៤០០នាក់ចូលរួមក្នុងសមយុទ្ធ បាលីកាតាន់ របស់ហ្វីលីពីន-អាមេរិក ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីគោលនយោបាយការពារប្រទេសបែបសកម្ម របស់លោកស្រីនាយករដ្ឋមន្ត្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi)។
ជប៉ុនធ្លាប់បានចូលរួមក្នុងសមយុទ្ធ ស្មាទល់នឹងស្មា ជាភាសាហ្វីលីពីននេះ ចាប់តាំងពីឆ្នាំ២០១២ ក្នុងនាមជាអ្នកសង្កេតការណ៍។ សកម្មភាពរបស់ជប៉ុនកាលពីពេលមុនៗ ហាក់មានកំណត់ ដោយកាលពីឆ្នាំមុនមានកម្លាំងយោធាជប៉ុនចូលរួមត្រឹមតែ ១៥០នាក់ប៉ុណ្ណោះ។ សមយុទ្ធដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំជាង១ទសវត្សរ៍មកហើយនេះ នឹងត្រូវធ្វើឡើងនៅទូទាំងប្រទេសហ្វីលីពីន ដោយមានកម្លាំងយោធាចូលរួមទាំងអស់ជាង១៧,០០០នាក់។
ជាមួយគ្នានេះក្រសួងការបរទេសចិនបានបង្ហាញប្រតិកម្មភ្លាមៗពាក់ព័ន្ធនឹងសមយុទ្ធនេះថា កិច្ចសហប្រតិបត្តិការខាងយោធារវាងប្រទេសណាមួយ មិនគួរធ្វើឱ្យប៉ះពាល់ដល់ការយោគយល់ និងការជឿទុកចិត្តរវាងគ្នានឹងគ្នាជាមួយប្រទេសនៅក្នុងតំបន់ឡើយ។
លោក ហ្គួ ជាគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា៖«អ្វីដែលតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវការខ្លាំងបំផុត គឺសន្តិភាព និងភាពស្ងប់សុខ ហើយអ្វីដែលយើងត្រូវការតិចបំផុត គឺការនាំកងកម្លាំងពីខាងក្រៅចូលមក ដើម្បីបង្កការបែកបាក់ និងការប្រឈមមុខដាក់គ្នា»។
សម្ព័ន្ធមិត្តផ្សេងទៀតដូចជាអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា ក៏នឹងចូលរួមក្នុងសមយុទ្ធខាងលើផងដែរ។ សមយុទ្ធដែលរួមមានទាំងការការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នា និងសមយុទ្ធបាញ់គ្រាប់ពិត ប្រឆាំងនឹងការលើកទ័ពឡើងគោកដ៏ធំនេះបានចាប់ផ្ដើមនៅថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស