ប្រព័ន្ធសងប្រាក់ពន្ធបដិការសម្រាប់ក្រុមហ៊ុន ដែលបានបង់ពន្ធមុនតុលាការកំពូលសហរដ្ឋអាម៉េរិក បានសម្រេចថា មិនស្របច្បាប់ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ បើតាមការបញ្ជាក់របស់ទីភ្នាក់ងារការពារព្រំដែន និងគយសហរដ្ឋអាម៉េរិក ក្រុមហ៊ុននានាអាចដាក់ពាក្យទាមទារសំណងពន្ធត្រឡប់មកវិញតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី២០ ខែមេសានេះតទៅ។
ដើម្បីទទួលបានប្រាក់ពន្ធបដិការត្រឡប់មកវិញ គយអាម៉េរិក តម្រូវឱ្យក្រុមហ៊ុនដាក់សេចក្តីប្រកាសរាយបញ្ជីទំនិញ ដែលបានបង់ពន្ធ ដើម្បីឆ្លងកាត់ការផ្ទៀងផ្ទាត់ជាមុនសិន។ ក្រៅពីបញ្ហានេះ អ្នកទាមទារសំណងអាចនឹងជួបប្រទះបញ្ហាបច្ចេកទេស និងនីតិវិធីរដ្ឋបាលមួយចំនួន ដែលអាចធ្វើឱ្យការទទួលបានសាច់ប្រាក់ជាក់ស្តែងមានការយឺតយ៉ាវជាងការរំពឹងទុក។
ក្នុងករណីសំណើត្រូវបានទីភ្នាក់ងារការពារព្រំដែន និងគយសហរដ្ឋអាម៉េរិក អនុម័ត ការដំណើរការទូទាត់ប្រាក់ពន្ធអាចចំណាយពេលពី៦០ទៅ៩០ថ្ងៃ ហើយការទូទាត់នឹងធ្វើឡើងជាដំណាក់កាល ដោយផ្តល់អាទិភាពលើការទូទាត់ពន្ធថ្មីៗមុន។
គិតចាប់តាំងពីតុលាការកំពូលអាម៉េរិក ចេញសាលក្រមសម្រេចនៅថ្ងៃទី២០ ខែកុម្ភៈ ក្រុមហ៊ុននាំចូលដែលបានបង់ពន្ធបដិការមានចំនួនសរុបប្រមាណ៣៣ម៉ឺនក្រុមហ៊ុនជាមួយប្រាក់ពន្ធរហូតដល់១៦៦ពាន់លានដុល្លារ។ ប៉ុន្តែគិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុនដែលបានដាក់ពាក្យទាមទារប្រាក់ពន្ធត្រឡប់មកវិញមានត្រឹមតែជាង៥៦,០០០ក្រុមហ៊ុនប៉ុណ្ណោះជាមួយទំហំប្រាក់ពន្ធប្រមាណ១២៧ពាន់លានដុល្លារដោយរួមបញ្ចូលទាំងការប្រាក់។
គួររំលឹកថា តុលាការកំពូលអាម៉េរិក បានសម្រេចថា ការយកពន្ធបដិការលើប្រទេសនានារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ កន្លងមកជាអំពើខុសច្បាប់ ដែលនាំឱ្យរដ្ឋបាលអាម៉េរិកត្រូវសងប្រាក់ពន្ធទៅម្ចាស់អាជីវកម្មវិញ៕
ដោយៈ សរ សុជាតិ