ទស្សនវិស័យសេដ្ឋកិច្ច

ប្រធាន IMF ថា ហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុកើនឡើង និងបានអំពាវនាវឱ្យប្រុងប្រយ័ត្នបន្ថែមទៀត


ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានចេញមកនិយាយក្នុងសុន្ទរកថាថ្មីចុងក្រោយមួយ នៅទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃអាទិត្យទី២៦មីនា ដោយបានអំពាវនាវឱ្យប្រទេសនានាក្នុងពិភពលោកបន្តការប្រុងប្រយ័ត្នបន្ថែមទៀត ទោះជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនមួយចំនួនបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីរម្ងាប់ភាពតានតឹងទីផ្សារយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (រូបភាព ស៊ិនហួរ)
ដោយ

នាយិកាគ្រប់គ្រងមូលនិធិ IMF លោកស្រី គ្រីស្ដាលីណា ចចជីវ៉ា បានរំលឹកឡើងវិញនូវការយល់ឃើញរបស់លោកស្រីថា ឆ្នាំ២០២៣នឹងក្លាយជាឆ្នាំដ៏លំបាកមួយទៀត ដោយកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថា នឹងថយចុះមកនៅខាងក្រោម ២,៩% ដោយសារតែស្លាកស្នាមពីជំងឺកូវីដ១៩ សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុ។

លោកស្រីបាននិយាយនៅវេទិកាអភិវឌ្ឍន៍ប្រទេសចិនថា ទោះជាមានទស្សនវិស័យកាន់តែប្រសើរឡើងសម្រាប់ឆ្នាំ២០២៤ក៏ដោយ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចពិភពលោកនឹងនៅតែធ្លាក់ចុះទាបជាងមធ្យមភាគជាប្រវត្តិសាស្ត្ររបស់ខ្លួន ៣,៨% ហើយទស្សនវិស័យទាំងមូលក៏នៅតែមើលឃើញកំណើនធ្លាក់ចុះផងដែរ ហើយមូលនិធិ IMF គ្រោងនឹងចេញផ្សាយការព្យាករថ្មីនៅខែក្រោយនេះ។

លោកស្រី ចចជីវ៉ា បាននិយាយថា ក្រុមអ្នកបង្កើតគោលនយោបាយនៅបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះហានិភ័យនៃស្ថិរភាពហិរញ្ញវត្ថុ ក្រោយពីមានការដួលរលំធនាគារនៅអាមេរិក ដោយបានបន្ធូរបន្ថយភាពតានតឹងទីផ្សារបានមួយកម្រិត ប៉ុន្តែការបន្តការប្រុងប្រយ័ត្នគឺចាំបាច់បំផុត។

លោកស្រី ចចជីវ៉ា បាននិយាយថា ដូច្នេះមូលនិធិ IMF បន្តតាមដានការវិវឌ្ឍមួយចំនួនយ៉ាងដិតដល់ និងកំពុងវាយតម្លៃពីផលប៉ះពាល់ ដែលអាចកើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក និងស្ថិរភាពហិរញ្ញវត្ថុសកល ហើយលោកស្រីបានបន្ថែមថា មូលនិធិ IMF កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសដែលងាយរងគ្រោះបំផុត និងជាពិសេសប្រទេសដែលមានចំណូលទាប ប៉ុន្តែជំពាក់បំណុលគេច្រើន។

លោកស្រីក៏បានព្រមានដែរថា ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ចក៏អាចពុះហែកពិភពលោកឱ្យទៅជាប្លុកសេដ្ឋកិច្ចគូប្រជែងបណ្តាលឱ្យមាន«ការបែកបាក់គ្នាដ៏គ្រោះថ្នាក់ ដែលនឹងធ្វើឱ្យគ្រប់គ្នាកាន់តែក្រីក្រទៅៗ និងកាន់តែមិនសូវមានសុវត្ថិភាពផងដែរ។

លោកស្រី ចចជីវ៉ា បាននិយាយថា ការស្ទុះងើបឡើងវិញនូវសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិន ជាមួយកំណើនផលិតផលក្នុងស្រុកសរុបដែលបានព្យាករ ៥,២% ក្នុងឆ្នាំ២០២៣បានផ្តល់ក្តីសង្ឃឹមមួយចំនួន សម្រាប់សេដ្ឋកិច្ចពិភពលោក ដោយប្រទេសចិនរំពឹងថា នឹងមានចំណែកប្រហែល ១ ភាគ ៣ នៃកំណើនពិភពលោកនៅឆ្នាំ២០២៣។

លោកស្រីបាននិយាយថា មូលនិធិ IMF ប៉ាន់ប្រមាណថា រាល់ការកើនឡើងនូវអត្រា ១% នៃកំណើនផលិតផលក្នុងស្រុកសរុបនៅប្រទេសចិន បានបណ្តាលឱ្យមានការកើនឡើង ០,៣ %នៃកំណើននៅប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើននៅអាស៊ីផ្សេងទៀត។

លោកស្រីបានជំរុញឱ្យអ្នកបង្កើតគោលនយោបាយនៅប្រទេសចិនធ្វើការដើម្បីបង្កើនផលិតភាព និងធ្វើឱ្យមានតុល្យភាពសេដ្ឋកិច្ចឡើងវិញឱ្យហួសពីការវិនិយោគ និងឆ្ពោះទៅរកកំណើនដោយសារការប្រើប្រាស់យូរអង្វែង រួមទាំងតាមរយៈកំណែទម្រង់ឆ្ពោះទៅរកទិសដៅទីផ្សារដើម្បី ដាក់កម្រិតលើសកម្មភាពរវាងវិស័យឯកជន និងសហគ្រាសរដ្ឋ៕

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនធានាផ្តល់បរិយាកាសអាជីវកម្មកាន់តែប្រសើរឡើងសម្រាប់ក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនអាមេរិក

ព័ត៌មាន
បន្ទាប់ពីចិនបានប្រកាសសមាសភាពគណរដ្ឋមន្រ្តីថ្មីៗរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសចិនបានចេញមកប្រកាសថា ខ្លួននឹងផ្តល់បរិយាកាសអាជ…

ទីផ្សារអចលនទ្រព្យវៀតណាម កំពុងមានសេចក្តីសង្ឃឹមឡើងវិញ ក្រោយធនាគារកណ្ដាលបន្ថយអត្រាការប្រាក់

ព័ត៌មាន
ក្រោយពីមានសេចក្តីរាយការណ៍អំពីការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅទូទាំងប្រទេស វៀតណាម គួបផ្សំនឹងបញ្ហាទីផ្សារហិរញ្ញវត្ថុសាកលកំពុងមានភាពចលាចល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ