ការព្យាករបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមការងារស្រាវជ្រាវសេដ្ឋកិច្ចរបស់ IMF ដែលទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាចំនួនមួយសប្តាហ៍ពេញកាលពីសប្តាហ៍មុន។
ផ្អែកលើការស្រាវជ្រាវរបស់ក្រុមការងារស្រាវជ្រាវសេដ្ឋកិច្ចរបស់ IMF ដែលបានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងធនគារជាតិ អ្នកស្រាវជ្រាវ តំណាងវិស័យធនាគារ និង ដៃគូអភិវឌ្ឍន៍ បានបញ្ជាក់អះអាងថា កម្ពុជានៅតែឈរជើងរឹងមាំក្នុងតំបន់។
ស្ថាប័នអន្តរជាតិមួយនេះបានព្យាករពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលខ្លីថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០១៨ មានកំណើនដដែលក្នុងរង្វង់ ៧% ដែលកំណើននៅតែរឹងមាំនេះត្រូវបានរុញច្រាន និង គាំទ្រដោយចំណាយសាធារណៈខ្ពស់ កំណើននៃវិស័យសំណង់ និងវិស័យទេសចរណ៍ ខណៈដែលអតិផរណាមានការធ្លាក់ចុះមកនៅត្រឹម ២%។
ក្រុមការងារស្រាវជ្រាវសេដ្ឋកិច្ចរបស់ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF ដែលដឹកនាំដោយលោក Jarkko Turrnen បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែរក្សាបានភាពវិជ្ជមាន ប៉ុន្តែក៏អាចប្រឈមនឹងបញ្ហាសំខាន់ៗមួយចំនួន មានដូចជា ហានិភ័យម៉ាក្រូហិរញ្ញវត្ថុ ហានិភ័យពីខាងក្រៅ និងភាពមិនច្បាស់លាស់នៃស្ថានភាពនយោបាយដែលអាចបន្ថយទំនុកចិត្តអតិថិជន ក៏ដូចជាអ្នកវិនិយោគឲ្យមកកាន់ប្រទេសកម្ពុជា។
ស្ថាប័នដដែលនេះក៏បានលើកឡើងពីភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចសកល បានជំរុញឲ្យមានតម្រូវការនាំចេញទំនិញទៅកាន់ទីផ្សារបរទេស និងកំណើនទេសចរ ដែលនេះជាឱកាសល្អសម្រាប់កម្ពុជាក្តោបយក ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្លួន។
ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF បានផ្តល់យោបល់ថា កម្ពុជាគួរតែផ្តោតសំខាន់ក្នុងការគ្រប់គ្រងហានិភ័យម៉ាក្រូហិរញ្ញវត្ថុ ការពារនិរន្តភាពសារពើពន្ធ និងបន្តកំណែទម្រង់ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបបរិយាប័ន្ន៕