តាមអ្វីដែលត្រូវបានកត់សម្គាល់ដោយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ទស្សនវិស័យកំណើនសេដ្ឋកិច្ចវៀតណាមហាក់មានភាពប្រសើរឡើងកាន់តែច្រើន នៅចំពេលដែលកំណើននៅប្រទេសជាធំៗជាច្រើនទៀតក្នុងតំបន់អាស៊ីកំពុងមាននិន្នាការថមថយចុះ។ តួយ៉ាង សេដ្ឋកិច្ចប្រទេសយក្សៗសេដ្ឋកិច្ចនៅអាស៊ីដូចជា ប្រទេសចិន ត្រូវបាន IMF ទម្លាក់ការព្យាករកំណើនអស់ ០,៧% សេដ្ឋកិច្ចជប៉ុនត្រូវបន្ទាបការព្យាករអស់ ០,៨% និង ឥណ្ឌាត្រូវបានបន្ថយការព្យាករកំណើន ១,១%។
ហេតុអ្វីក៏សេដ្ឋកិច្ចវៀតណាមនឹងមានការស្ទុះកើនឡើងខ្លាំងនៅឆ្នាំនេះ? បើតាមការវាយតម្លៃរបស់ IMF សេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ គឺមានការគោលនយោបាយគាំទ្រល្អ ដូចជាការបន្ទាបអត្រាការប្រាក់ កំណើនឥណទានរឹងមាំ និងមានការគាំទ្រដោយកម្មវិធីស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋាភិបាលជាដើម។ ជាមួយគ្នានេះ វៀតណាមក៏មានទិន្នផលក្នុងវិស័យផលិតរឹងមាំ និងការងើបឡើងវិញនៃសកម្មភាពលក់រាយ និងវិស័យទេសចរណ៍ផងដែរ។ ទាំងអស់នេះ គឺសុទ្ធសឹងជាកត្តាជួយរុញច្រានឲ្យសេដ្ឋកិច្ចវៀតណាម នឹងបន្ដកំណើនខ្ពស់ដល់ទៅ ៧% នៅឆ្នាំ២០២២។
របាយការណ៍ពីក្រសួងពាណិជ្ជកម្មវៀតណាម នៅឆមាសទី១នេះ វៀតណាមសម្រេចទំហំពាណិជ្ជកម្មជាមួយអន្តរជាតិសរុបជាង ៣៧០ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញមាន ១៨៦ពាន់លានដុល្លារ កើនឡើងជាង១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ នៅពេញមួយឆ្នាំ២០២២ វៀតណាមរំពឹងថា ការនាំចេញនឹងកើនដល់៣៦៨ពាន់លានដុល្លារ កើនជិត១០% ធៀបនឹងឆ្នាំមុន។
ទោះយ៉ាងណា អតិផរណារបស់វៀតណាម នៅក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ ក៏បានងើបឡើងខ្ពស់ជាងមុនដែរ ប៉ុន្ដែវានៅតែស្ថិតនៅកម្រិតក្រោម ៤% នៃគោលដៅដែលបានកំណត់ដោយធនាគារកណ្ដាលរបស់វៀតណាមនៅឡើយទេ។
ទោះជាបែបនេះក្ដី IMF បានព្រមានថា អតិផរណាអាចនឹងបន្ដកើនឡើងថែមទៀត នៅពេលដែលសកម្មភាពសេដ្ឋកិច្ចត្រឡប់មករកកម្រិតពេញលេញធម្មតាឡើងវិញ។ ជាមួយគ្នានេះ បញ្ហាតម្លៃដឹកជញ្ជូន ជីសិកម្ម និងចំណីសត្វឡើងថ្លៃខ្ពស់ ក៏ទំនងជានឹងរុញឲ្យតម្លៃទំនិញ និងសេវាកម្មនៅវៀតណាមកើនខ្ពស់ទៅតាមនោះដែរ។
លើសពីនេះទៀត ការកើនឡើងយឺតនៃសេដ្ឋកិច្ចរបស់ប្រទេសជាដៃគូធំៗរបស់វៀតណាមដូចជា អាមេរិក ចិន និងសហភាពអឺរ៉ុប ក៏អាចនឹងកាត់បន្ថយតម្រូវការសម្រាប់ការនាំចេញទំនិញរបស់វៀតណាមផងដែរ។
ទន្ទឹមគ្នានេះ IMF បានគូសបញ្ជាក់ថា វៀតណាម ក៏ត្រូវប្រុងប្រយ័ត្នអំពីស្ថានភាពនៃការរឹតបន្ដឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងប្រទេសសេដ្ឋកិច្ចធំៗក្នុងគោលដៅកាត់បន្ថយអតិផរណា ក៏ដូចជាភាពមិនច្បាស់លាស់នៅក្នុងទីផ្សារពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោក រួមទាំងកត្តាផ្សេងៗទៀត។
សូមបញ្ជាក់ថា កាលពីខែសីហាកន្លងទៅនេះ ធនាគារពិភពលោកក៏បានព្យាករសេដ្ឋកិច្ចវៀតណាមថានឹងកើនដល់ ៧,៥% នៅឆ្នាំ២០២២ កើនពីកំណើន ២,៦% កាលពីឆ្នាំ២០២១ ខណៈអតិផរណារបស់ប្រទេសនេះ នឹងមានជាមធ្យម ៣,៨% នៅពេញមួយឆ្នាំ២០២២នេះ៕