Advertisement
អំបិលនាំចូល

ឆ្នាំ ២០១៩ នេះ ការនាំចូលអំបិលពីក្រៅ​ប្រទេស អាចនឹងមានច្រើនជាងឆ្នាំមុនទៅទៀត!


ឆ្នាំមុន កម្ពុជាបាននាំចូលអំបិលពីចិន រាប់ ម៉ឺនតោន ដោយសារតែបញ្ហាភ្លៀងធ្លាក់ច្រើនខ្វះអំបិលផ្គត់ផ្គង់ទីផ្សារ តែនៅឆ្នាំនេះវិញ កម្ពុជា អាចនឹងត្រូវនាំចូលអំបិលពីក្រៅប្រទេសច្រើនជាងមុនទៅទៀត ព្រោះម្ចាស់ស្រែអំបិលមួយចំនួនបានបោះបង់ការផលិត ខណៈសហគមន៍អ្នកផលិតអំបិលខេត្តកំពត កែបនឹងត្រូវរំលាយនៅត្រឹមដំណាច់ខែមីនានេះហើយ។នេះបើតាមការបញ្ជាក់ ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហគមន៍។
អំបិល​កំពត
ដោយ
Advertisement

លោក អ៊ុំ ឈុន ប្រធាន​រដ្ឋបាលសហគមន៍​អ្នកផលិតអំបិល​កំពតកែប បាន​ឲ្យដឹង​នៅថ្ងៃទី ២៧ មីនា នេះថា នៅឆ្នាំ ២០១៩នេះ ការនាំចូលអំបិល​ពីបរទេស អាចនឹងមាន​ច្រើន​លើសពីឆ្នាំមុន​ទៅទៀត ! មានច្រើន ព្រោះថា ការ​ផលិតអំបិល​ក្នុងស្រុក កំពុងប្រឈម​បញ្ហាកង្វះកម្លាំងពលកម្ម​កាន់តែខ្លាំង ខណៈបញ្ហាអាកាសធាតុ​នៅតែជាកត្តា​គំរាមកំហែង​ធំមួយ​ដែរ ដែលធ្វើឲ្យ​បរិមាណ​ផលិត​នឹង​មិនមានតាមផែនការ។

ទោះយ៉ាងណា​លោកថា លោក​មិនទាន់​អាច​ប៉ាន់ស្មាន​ពី ទំហំ​នៃការនាំចូល​អំបិល ពីក្រៅប្រទេស​នៅឆ្នាំនេះ ថា​នឹងមានចំនួនប៉ុន្មាននៅឡើយទេ។ ប៉ុន្ដែ កាលពីឆ្នាំ ២០១៨ កម្ពុជា​បាននាំចូលអំបិល​ពីប្រទេសចិន ចំនួន​២ ម៉ឺនតោន។

ការឈាន​ទៅរំលាយ​សហគមន៍ អ្នកផលិត​អំបិល​ខេត្ត​កំពត កែប ក៏អាចនឹងធ្វើឲ្យ​ការផលិត​អំបិល​កម្ពុជា​ត្រូវ​ប្រឈម​នឹងបញ្ហា​កាន់តែ​ខ្លាំងផងដែរ។

តាមការ​បញ្ជាក់ ពី​​ថ្នាក់ដឹកនាំ​សហគមន៍​អំបិល​រូបនេះ ការ​ឈានដល់​ការបិទ​សហគមន៍​ផលិតអំបិលនេះ គឺដោយសារតែ​កសិករ​ស្រែអំបិល​ប្រមាណ ៣០% បាន​លែងបន្ត​ការផលិត​អំបិលរបស់ខ្លួន ដោយសារតែ​ខ្វះកម្លាំង​ពលកម្ម និងការផលិត​រងគ្រោះ​ដោយសារ​បញ្ហា​អាកាសធាតុ ធ្វើឲ្យ​ចំណូលពួកគាត់​ធ្លាក់ចុះ ។

ជាមួយគ្នានេះ ​សហគមន៍​អ្នកផលិត​អំបិល ខេត្ត​កំពត​កែប ក៏បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែលថា សហគមន៍​ផលិត​អំបិល​បាន​ស្នើសុំ​រាជរដ្ឋាភិបាល​នាំចូលអំបិល​ផ្ដាច់មុខ​ពីបរទេស ក្រោយពី​សហគមន៍នេះ ប្រកាស​រំលាយចោល នៅដំណាច់​ខែ​មីនានេះ។ 

លោក អ៊ុំ ឈុន បញ្ជាក់ថា ក្នុងកិច្ចប្រជុំ​ពិភាក្សា ស្ដីអំពី ស្ថានភាព​នៃការគ្រប់គ្រង និងអភិវឌ្ឍការងារ​ស្រែអំបិល ដែលមាន​ក្រសួង​ពាក់ព័ន្ធនានា​ចូលរួម កាលពីថ្ងៃទី ២៥ មីនា​កន្លងទៅនេះ ខាង​សហគមន៍ មិនបានស្នើ​សុំរាជរដ្ឋាភិបាល​នាំចូល​អំបិលផ្ដាច់មុខ​ពីក្រៅប្រទេស​នោះឡើយ គ្រាន់តែស្នើសុំ​បិទសហគមន៍ចោល​ប៉ុណ្ណោះ ព្រោះ​មានម្ចាស់​ស្រែអំបិល​មួយចំនួន​មិនបាន​ចូលរួម​ក្នុង​ការ​ផលិត​បន្ត​ទៀត​នោះឡើយ។

ទោះយ៉ាងណា លោក អ៊ុំ ឈុន បាន​បញ្ជាក់ថា ឯកឧត្តម រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានប្រាប់​ឲ្យសហគមន៍​កុំទាន់​អាល​បិទសហគមន៍អី សូមរង់ចាំមើល​ចំណាត់​ការពីរាជរដ្ឋាភិបាលសិន ខណៈដែល​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម នឹង​ស្នើសុំគោលការណ៍ពី​រាជរដ្ឋាភិបាល ដើម្បី​ជួយឲ្យ​សហគមន៍នេះ អាចបន្តជីវិត​ទៅមុខ​ទៀត។ 

Advertisement

មាន​មតិសារធារណៈជន​ឡើង​ដែរថា ការដែល​ម្ចាស់ស្រែអំបិល​លែងចង់ផលិត​អំបិលតទៅទៀត ព្រោះដោយ​សារតែ បច្ចុប្បន្ន​តម្លៃដីធ្លី​នៅក្នុងតំបន់​នោះកំពុង​មានការកើន​ឡើងថ្លៃ ហើយ​ម្ចាស់ស្រែអំបិល​លែងចង់​ផលិតអំបិលទៀតហើយ ដោយងាកមក​លក់ដីយក​លុយទៅ​ធ្វើអ្វី​ផ្សេងវិញ។

ទោះយ៉ាងណា លោក អ៊ុំ ឈុន បាន​បញ្ជាក់ថា ដីស្រែអំបិល ដែលផ្ទៃដីផលិតអំបិល​ទំហំ ជាង ៤.៥០០ ហិកតា ជាកម្មសិទ្ធិ​ឯកជន របស់កសិករ​ផលិតអំបិល ជាង ២០០ នាក់នេះ  តាម​គោលការណ៍ គឺមិនអាច​យកទៅ លក់ ធ្វើអ្វីក្រៅពី​ការផលិត​អំបិលនោះឡើយ។ តែយ៉ាងណា លោកថា កន្លងមក ក៏មានលេច​ឭដំណឹងក្រៅផ្លូវ​​ការ​ខ្លះៗដែរថា មាន​ម្ចាស់ស្រែអំបិល​មួយចំនួន ​បាន​លួច​លក់ដីស្ងាត់ៗ ទៅឲ្យ​ឈ្មួញ ដោយមាន​ការសម្រួល​ពីអាជ្ញាធរ​មូលដ្ឋាន​ផងដែរ ដោយមិនបាន​ឲ្យ​សហគមន៍​ដឹងឭនោះឡើយ។ 

បើតាម ​លោកអុំ ឈុន ដ្បិតតែ​សហគមន៍​ត្រូវបាន​រំលាយក៏ដោយ ប៉ុន្ដែ អ្នក​ផលិតអំបិលនៅតែបន្ដ​ផលិត ដោយមាន​ការគ្រប់គ្រង​ដោយផ្ទាល់ ពីអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ។ តែយ៉ាងណា លោកសំណូមពរ​ឲ្យ​អាជ្ញាធរ​តាមដាន​ការផលិត​ឲ្យបាន​ជាប់លាប់​ដើម្បីធានា​នូវគុណភាព​អំបិល​ដែលមានអ៊ីយ៉ូតគ្រប់គ្រាន់ សម្រាប់​សុខភាពពលរដ្ឋ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ជំរុញ​នីតិ​វិធី​ពិនិត្យ​ឡើងវិញ​​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) សម្រាប់​កម្ពុជា

ព័ត៌មាន
សមាជិក​ព្រឹទ្ធ​សភា​អាមេរិក គឺ​លោក ថេត គ្រូស បាន​ជំរុញ​សភា​អាមេរិក ឲ្យ​បន្ត​នីតិ​វិធី​ទៅ​មុខ ពាក់ព័ន្ធ​នឹង​ច្បាប់​របស់​គាត់ ដែល​បា...

ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​ទទួល​បាន​ដី​វិញ​ពី​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម

ព័ត៌មាន
អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ប្រគល់​ភ្នំ​ជា​ទីសក្ការ:​ចំនួន​២០ និង​តំបន់​ផ្សេងៗ​ទៀត​ជា​ច្រើន មក​ឲ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ចំនួន​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ