លោក ជីអូហ្វ្រេយ អូកាម៉ូតូ (Geoffrey Okamoto) អនុប្រធានទី១ នៃ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា នៅដើមខែមេសាឆ្នាំ២០២១ខាងមុខនេះ ស្ថាប័ន IMF នឹងធ្វើបច្ចុប្បន្នភាពការព្យាកររបស់ខ្លួនកាលពីខែមករា សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ៥,៥% ដើម្បីឆ្លុះបញ្ចាំងពីការចំណាយថវិកាជំរុញសេដ្ឋកិច្ចនៅអាមេរិក ប៉ុន្ដែ ថ្នាក់ដឹកនាំ IMF រូបនេះមិនបានបញ្ជាក់ព័ត៌មានលម្អិតទេ។
ទោះយ៉ាងណា អនុប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងពីក្ដីកង្វល់អំពីភាពផ្ទុយគ្នាដែលកំពុងកើនឡើងរវាងប្រទេសសេដ្ឋកិច្ចជឿនលឿន និងប្រទេសកំពុងមានទីផ្សាររីកចម្រើន ដោយមានមនុស្សប្រហែល៩០លាននាក់ ត្រូវបានគេមើលឃើញថាកំពុងធ្លាក់ចុះនៅក្នុងកម្រិតភាពក្រីក្រខ្លាំង តាំងតែពីមានការផ្ទុះរាលដាលនៃមេរោគឆ្លងកូវីដ-១៩មក។
លោក អូកាម៉ូតូ និយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានងើបឡើងវិញហើយ ហើយងើបឡើងនៅមុនប្រទេសមានសេដ្ឋកិច្ចលូតលាស់ធំៗទាំងអស់នៅក្នុងពិភពលោកទៅទៀត។ ក្រៅតែពីប្រទេសចិន ស្ថាប័ន IMF ក៏មានក្ដីបារម្ភអំពីសញ្ញានៃគម្លាតរវាងប្រទេសសេដ្ឋកិច្ចជឿនលឿន និង ប្រទេសកំពុងមានទីផ្សាររីកចម្រើនផងដែរ។
IMF ព្យាករថា ការកើនឡើងប្រាក់ចំណូលសម្រាប់មនុស្សម្នាក់នៅក្នុងបណ្ដាប្រទេសកំពុងរីកចម្រើន និង ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសចិនផងដែរ នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២ នឹងមានទាបជាង ២២% ធៀបនឹងអំឡុងពេលប្រទេសទាំងអស់នោះ មិនមានការឆ្លងរាលដាលនៃមេរោគ ដែលវានឹងធ្វើឲ្យប្រជាជនកាន់តែច្រើនឡើងនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំង។
អនុប្រធានទី១ របស់ IMF បានគូសបញ្ជាក់ទៀតថា ជារួមទស្សនវិស័យសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជានៅឡើយ ហើយវាមិនច្បាស់ថាតើ ការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ អាចនឹងបន្ដដល់ពេលណា ហើយការទទទួលបានវ៉ាក់សាំង នៅតែមិនមានស្មើភាពគ្នានៅឡើយរវាងប្រទេសអ្នកមាន និង អ្នកក្រ។
លោកអូកាម៉ូតូ អនុប្រធានទី១ របស់ IMF បានបន្ថែមទៀតថា មានប្រទេសខ្លះ មានលទ្ធភាពតិចតួចប៉ុណ្ណោះ ក្នុងការជំរុញការចំណាយដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាត និងកាត់បន្ថយផលប៉ះពាល់ចំពោះសេដ្ឋកិច្ចនៅអំឡុងពេលនេះ ពិសេសគឺប្រទេសចំណូលទាប ដែលមានកម្រិតបំណុលខ្ពស់។
ថ្នាក់ដឹកនាំ IMF រូបនេះ បានពន្យល់ទៀតថា ស្ថានភាពហិរញ្ញវត្ថុតឹងតែងជាងមុន ក៏អាចនឹងធ្វើឲ្យមានភាពងាយរងគ្រោះកាន់តែច្រើនឡើង នៅក្នុងប្រទេសដែលមានបំណុលសាធារណៈ និងឯកជនខ្ពស់ផងដែរ៕