![មូលនិធិរូបិយវត្ថុអន្តរជាតិ](https://cdn.cambonomist.com/media/images/IMF_mntnchvytmlpphlbasdasdada.2e16d0ba.fill-960x540.jpg)
លោកស្រី គ្រីស្ដាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមថា ពេលនេះ IMF មិនទាន់អាចវាយតម្លៃផលប៉ះពាល់នៃពន្ធគយអាម៉េរិកទៅលើសេដ្ឋកិច្ចពិភពលោកបាននៅឡើយទេ ព្រោះស្ថានការណ៍អាចនឹងមានការប្រែប្រួល ដែលពិបាកនឹងប៉ាន់ស្មាន។
ជាការពិតណាស់ ពិភពលោកអាចទាយដឹងមុនហើយថា នឹងមានគោលនយោបាយទាំងនេះ ព្រោះលោក ដូណាល់ ត្រាំ បានប្រកាសរួចហើយអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសប្រធានាធិបតីអាម៉េរិក។ ប៉ុន្តែភាពមិនប្រាកដប្រជាច្រើននៅតែមាន ដូចនេះក្នុងនាមស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ មិនទាន់អាចវាយតម្លៃពីផលប៉ះពាល់មកលើសេដ្ឋកិច្ចពិភពលោកបាននៅឡើយទេ។
នាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ រូបនេះ បានកត់សម្គាល់ថា សេដ្ឋកិច្ចពិភពលោកហាក់ដូចជាមានភាពធន់គួរឱ្យកត់សម្គាល់ ទោះបីជាមានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់យ៉ាងណាក្ដី។ លោកស្រីបានលើកឡើងថា ទស្សនវិស័យសម្រាប់ស្ថានភាពអតិផរណា គឺពិបាកនឹងប៉ាន់ស្មានខ្លាំងណាស់នៅពេលនេះ។
លោកស្រីបានគូសបញ្ជាក់ថា IMF ត្រូវតែរង់ចាំមើលស្ថានការណ៍ជាក់ស្ដែងសិន ហើយប្រសិនបើអតិផរណានៅក្នុងតំបន់មួយចំនួនធ្លាក់ចុះ ធនាគារកណ្តាលនៃប្រទេសនានាអាចនឹងបញ្ចុះអត្រាការប្រាក់។
គួររំឭកថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធគយរហូតដល់ទៅ២៥% លើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលទៅក្នុងសហរដ្ឋអាម៉េរិក ដើម្បីជួយគាំទ្រដល់ឧស្សាហកម្មដែលកំពុងជួបការលំបាកនានា នៅក្នុងសហរដ្ឋអាម៉េរិក ប៉ុន្តែការធ្វើបែបនេះនឹងបង្កឱ្យសង្រ្គាមពាណិជ្ជកម្មផ្ទុះកាន់តែខ្លាំង និងមានសត្រូវកាន់តែច្រើន៕
ដោយ: តែមសុខុម