គណៈកម្មាធិការអចិន្ត្រៃយ៍រួមទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) នៃប្រទេសថៃ បានឱ្យដឹងថា ការហូរចូលដូចទឹកបាក់ទំនប់នៃផលិតផលឧស្សាហកម្មថោកៗរបស់ចិន កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្មរបស់ប្រទេសថៃ ដោយធ្វើឱ្យប្រទេសក្បែរខាងកម្ពុជា មួយនេះបាត់បង់ចំណែកទីផ្សារមួយភាគធំ និងនាំឱ្យឱនភាពពាណិជ្ជកម្មជាមួយចិន កើនឡើងជិតដល់២០ពាន់លានដុល្លារអាម៉េរិក។
វត្តមាននៃក្រុមហ៊ុនលក់រាយតាមអនឡាញរបស់ចិន ធ័រមូ (Temu) មកដល់ប្រទេសថៃ ត្រូវបានព្យាករថា នឹងធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ ដែលកត្តានេះបានធ្វើឱ្យសហព័ន្ធឧស្សាហកម្មថៃ (FTI) ទទូចសុំឱ្យរដ្ឋាភិបាលថៃ ដំឡើងពន្ធលើទំនិញនាំចូលមួយចំនួន។
លោក ប៉ាយ៉ង ស្រ៊ីវ៉ានិច (Payong Srivanich) ប្រធានសមាគមធនាគារថៃ (Thai Bankers' Association) ដែលបានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រួមទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) កាលពីថ្ងៃពុធ ទី៧ ខែសីហា បានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការថ្មីៗទេ ក្រុមហ៊ុនថៃកាន់តែច្រើនថែមទៀតអាចនឹងត្រូវបិទទ្វារ។
ទិន្នន័យផ្លូវការបង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា ការនាំចូលទំនិញពីប្រទេសចិន បានកើនឡើង៧,១២%ឈានដល់ជាង៣៧ពាន់លានដុល្លារអាម៉េរិក ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មជិត១០ពាន់លានដុល្លារដោយកើនឡើងជាង១៥%បើធៀបនឹងឆ្នាំមុន។
ចំណែកទីផ្សារគ្រឿងអគ្គិសនីរបស់ប្រទេសថៃនៅអាស៊ីអាគ្នេយ៍ បានធ្លាក់ចុះពីជិត១៣%មកនៅត្រឹមជាង១១% ហើយរថយន្តផលិតនៅប្រទេសថៃបានធ្លាក់ចុះពីជិត២១%មកនៅត្រឹមជិត១៩%។ ការធ្លាក់ចុះនេះបានរួមចំណែកធ្វើឱ្យវិស័យផលិតកម្មរបស់ថៃ ធ្លាក់ចុះ១,៨%នៅឆមាសទី១ ដើមឆ្នាំ២០២៤។ វត្តមាននៃក្រុមហ៊ុនលក់រាយតាមអនឡាញរបស់ចិន ធ័រមូ (Temu) មកដល់ប្រទេសថៃ ដែលលក់ផលិតផលថោកៗដោយផ្ទាល់ដល់អតិថិជនជាអ្នកប្រើប្រាស់ ក៏កំពុងបន្ថែមសម្ពាធលើសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុកផងដែរ។
នៅឆមាសទី១ ដើមឆ្នាំ២០២៤ រោងចក្រថៃចំនួន៦៦៧រោងចក្រត្រូវបានបិទទ្វារ ដោយកើនឡើងរហូតដល់៨៦,៣%បើធៀបនឹងឆ្នាំមុន ដែលជាមធ្យមមាន១១១រោងចក្រត្រូវបានបិទទ្វារក្នុងមួយខែៗ។
លោក ក្រៀងក្រៃ ធាននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានថ្លែងថា រដ្ឋាភិបាលថៃ គួរតែពិចារណាកំណត់ពន្ធថ្មីលើផលិតផលមួយចំនួនដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ASEAN-China FTA)៕
ដោយ: តែម សុខុម