ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មដែលបស្ចិមលោកបានដាក់ទៅលើរុស្ស៊ីក្នុងការឆ្លើយតបនឹងការឈ្លានពានទៅលើអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២បាននាំឱ្យមានការធ្លាក់ចុះក្នុងអត្រាជាង ៤% នៃពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ីដែលជាកិច្ចប្រជុំក្រៅវេទិកាតំបន់អាស៊ាន នៅរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ី ថា ដើម្បីជួយកែតម្រូវស្ថានភាពធ្លាក់ចុះនៃពាណិជ្ជកម្មរវាងរុស្ស៊ី និងអាស៊ាន ការពិភាក្សាលើផែនការក្នុងការប្រើប្រាស់រូបិយបណ្ណជាតិរបស់អាស៊ាន គឺគួរតែត្រូវបានពិចារណា។
លោក ឡាវរ៉ូវ បាននិយាយនៅក្នុងសម្ភាសន៍ជាមួយកាសែត Kompas របស់ឥណ្ឌូនេស៊ីថា ប្រទេសរុស្ស៊ី«ត្រៀមខ្លួនជាស្រេចសម្រាប់ការងារជាក់ស្តែង»ជាមួយអាស៊ាន ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុកនេះ។
លោក ឡាវរ៉ូវ បាននិយាយទៀតថា មិនមែនតែរុស្ស៊ីទេ សូម្បីតែប្រទេសមួយចំនួនទៀតក៏កំពុងកាត់បន្ថយការពឹងផ្អែករបស់ពួកគេទៅលើប្រាក់ដុល្លារអាមេរិក និងការផ្លាស់ប្តូរទៅរកប្រព័ន្ធទូទាត់ជំនួសឱ្យប្រាក់ដុល្លារ និងការទូទាត់ជារូបិយបណ្ណជាតិផងដែរ។
សមាជិកអាស៊ាន បានលើកទឹកចិត្តឱ្យប្រើប្រាស់រូបិយបណ្ណក្នុងស្រុកជាជាងប្រាក់ដុល្លារ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។
លោក ឡាវរ៉ូវ បានប្រាប់កាសែត Kompas ថា ទោះជាមានការធ្លាក់ចុះពាណិជ្ជកម្មជារួមជាមួយបណ្តាប្រទេសអាស៊ានក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតរបស់ប្លុកនេះបានកើនឡើង ៤៥% កាលពីឆ្នាំមុន គឺឡើងដល់ជិត៤ពាន់លានដុល្លារអាមេរិក។ ឥណ្ឌូនេស៊ី និងប្រទេសសមាជិកអាស៊ានមួយចំនួនទៀត បានព្យាយាមរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយរុស្ស៊ី ទោះជាពួកគេបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ៕