នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Business Standard របស់ឥណ្ឌា។
នៅក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ចឥណ្ឌូ-អាមេរិក លើកទី ១៧ ស្ដីពីដំណើរឆ្ពោះទៅរកការងើបឡើងវិញនៃភាពរឹងមាំក្រោយវិបត្តិកូវីដ ១៩ លោក នីទីន ហ្គាតការី (Nitin Gadkari) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺឥណ្ឌា និងអាមេរិកមានតួនាទីសំខាន់ក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។
មានមូលហេតុសំខាន់១ ដែលធ្វើឲ្យ លោករដ្ឋមន្ត្រីក្រសួងសាធារណៈការមានក្តីសង្ឃឹមខ្ពស់នោះគឺ វិនិយោគិនអាមេរិកកាន់តែច្រើនឡើង នឹងមកវិនិយោគលើគម្រោងផ្លូវ និង ផ្លូវហាយវេនៅឥណ្ឌា ដោយពួកគេមានឱកាសធំក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងប្រទេសឥណ្ឌា។
ពិសេសគេនៅចាំថា កាលពីខែសីហាកន្លងទៅ សហរដ្ឋអាមេរិកបានលើកឡើងប្រាប់ឥណ្ឌាថា ខ្លួនមិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ទៀតនោះទេ។ ថ្វីត្បិតតែបែបនេះក្ដី ឥណ្ឌា បច្ចុប្បន្ន នេះកំពុងសម្លឹងមើល និងខិតខំធ្វើការលើបញ្ហាទីផ្សារបន្ថែមទៀត ដែលវាជាឱកាសដ៏ធំមួយសម្រាប់វិស័យនាំចេញរបស់ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតទី២ក្នុងលោកមួយនេះ។
សូមរំឮកថា ឥណ្ឌាត្រូវបានដកចេញពីប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលបានផ្តល់ការបន្ធូរបន្ថយពន្ធមួយចំនួន ដល់ការនាំចេញទំនិញកាលពីឆ្នាំ ២០១៩។
យោងតាមការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិកបង្ហាញថា នៅរយៈពេល ៧ខែ ដំបូងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងឥណ្ឌា សម្រេចបានជាង ៦១ពាន់លានដុល្លារអាមេរិក មានការធ្លាក់ចុះ ជាង១៧%។ ក្នុងនោះ ឥណ្ឌានាំចេញទៅអាមេរិក មានជាង៣៩ពាន់លានដុល្លារ ខណៈអាមេរិកនាំចូលទៅឥណ្ឌាវិញមានជាង២២ពាន់លានដុល្លារ។ យ៉ាងណាមិញ នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ សម្រេចបានត្រឹមតែប្រមាណ ជាង ៧៨ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះ ជាង២៤%៕
អត្ថបទ៖ ស៊ើង និមល់