លោក រ៉ាចេស កុមា ស៊ីង (Rajesh Kumar Singh) រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងស្រុកបានលើកឡើងក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះថា ឥណ្ឌាបានកំណត់គោលដៅទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឱ្យបានយ៉ាងតិច១០០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយនិន្នាការនេះផ្ដល់សញ្ញាវិជ្ជមាន និងកើនឡើងខ្លាំងជាលំដាប់។ ការកំណត់គោលដៅនេះ គឺជាមហិច្ឆតាដ៏ធំ បើធៀបជាមួយនឹងទំហំវិនិយោគផ្ទាល់ពីបរទេសប្រចាំឆ្នាំជាមធ្យមជាង៧០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ឆ្នាំ គិតមកទល់នឹងខែមីនា ឆ្នាំ២០២៣។
លោក រ៉ាចេស កុមា ស៊ីង (Rajesh Kumar Singh) បានអួតសរសើរថា តួលេខវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន គឺខិតកាន់តែកៀកគោលដៅ១០០ពាន់លានដុល្លារអាម៉េរិកហើយ។ ប្រទេសឥណ្ឌា ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតរបស់ពិភពលោកមានភាពទាក់ទាញខ្លាំង ចំពោះអាជីវកម្មនានា ដែលចង់ការពារខ្លួនពីផលប៉ះពាល់ដែលបង្កឡើងដោយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ តាមរយៈការពង្រីកប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដែលពេលខ្លះត្រូវបានគេហៅថា យុទ្ធសាស្ត្រ "ចិនបូកមួយ"។
តួយ៉ាង ក្រុមហ៊ុនធំៗនានា ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Apple Inc និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics ជាដើម កំពុងបង្កើនផលិតកម្មនៅក្នុងប្រទេសឥណ្ឌា ដោយទាញយកអត្ថប្រយោជន៍ពីគោលនយោបាយលើកទឹកចិត្តដែលផ្តល់ដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi)។
ការបង្កើនចំណែកផលិតកម្មនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា គឺជាការសន្យា ដ៏សំខាន់មួយរបស់លោក ណារិនដ្រា ម៉ូឌី ដែលកំពុងស្វះស្វែងឈរឈ្មោះកាន់អំណាចអាណត្តិទី៣ នៅក្នុងការបោះឆ្នោត ដែលចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា ដ៏ខ្លីខាងមុខនេះ៕
ដោយ: តែម សុខុម