ប្រទេសអាស៊ីខាងត្បូងមួយនេះមានចំនួនប្រជាជនសរុបជាង១ពាន់៤រយលាននាក់ ដោយក្នុងនោះមានអ្នកចុះឈ្មោះបោះឆ្នោតសរុបជាង៩៧០លាននាក់។ ដោយសារតែមានចំនួនអ្នកបោះឆ្នោតច្រើនពេក ដូច្នេះហើយប្រទេសនេះបានចែកការបោះឆ្នោតជា៧ដំណាក់កាល ដើម្បីបង្កភាពងាយដល់ដំណើរការរៀបចំការបោះឆ្នោតឱ្យបានរលូន។ ការបោះឆ្នោតនេះ ត្រូវចំណាយពេលពេលជាង១ខែ ពោលគឺចន្លោះពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១ ខែមិថុនា។ ការរាប់សន្លឹកឆ្នោតទាំងអស់នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ខណៈលទ្ធផលបោះឆ្នោតត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃដដែលនោះ។
ដើម្បីអាចបង្កើតរដ្ឋាភិបាលមួយបាន គណបក្សនយោបាយ ត្រូវការសំឡេងឆ្នោតភាគច្រើនចំនួន២៧២អាសនៈ។ គណបក្សផារ៉ាទីយ៉ា ចាណាតា របស់លោក ណារិនដ្រា ម៉ូឌី ធ្លាប់បានទទួលសំឡេងភាគច្រើនយ៉ាងងាយស្រួលនៅក្នុងការបោះឆ្នោតពីរលើកចុងក្រោយមកនេះ ដោយលើកដំបូងទទួលបាន២៨២អាសនៈនៅក្នុងឆ្នាំ២០១៤ និងលើកទីពីរបាន៣០៣អាសនៈក្នុងឆ្នាំ២០១៩។ បើតាមការស្ទង់មតិបានបង្ហាញថា សម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដឹកនាំដោយគណបក្សគណបក្សផារ៉ាទីយ៉ា ចាណាតា នឹងជាប់ឆ្នោតសម្រាប់អាណត្តិទីបីបន្តទៀត។
ទោះយ៉ាងណា គណបក្សសមាជជាតិ (National Congress) ដែលជាបក្សប្រជែងដ៏សំខាន់នៅប្រទេសនេះកំពុងប្រឹងប្រែងដណ្តើមយកភាពរុងរឿងពីអតីតកាលរបស់ខ្លួនមកវិញ បន្ទាប់ពីខ្លួនធ្លាប់បានដឹកនាំប្រទេសនេះជាច្រើនទសវត្សរ៍មកហើយនៅក្រោយពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៤៧។ សូមរំលឹកថា គណបក្សប្រជែងនេះបានទទួលអាសនៈត្រឹមតែ៤៤ក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ២០១៤ និងបាន៥២អាសន្នៈនៅក្នុងការបោះឆ្នោតឆ្នាំ២០១៩៕
អត្ថបទ៖ សុខ មង្គល