ប្រការនេះ កំពុងធ្វើឲ្យឥណ្ឌា កំពុងប្រឈមមុខហានិភ័យធ្ងន់ធ្ងរ ដ្បិតថា ខ្លួនអាចនឹងត្រូវស្ដីបន្ទោសពីលោកខាងលិច ពិសេសអាមេរិកតែម្ដង ព្រោះសហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងខិតខំខ្លាំងមែនទែន ក្នុងការពង្រឹងការអនុវត្តដាក់ទណ្ឌកម្មផ្អាកការទិញប្រេង ពីរុស្ស៊ី ជាការប្រឆាំងឆ្លើយតបនឹងការឈា្លនពានលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuter។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ីនាពេលបច្ចុប្បន្ន មិនបានរារាំងប្រទេសផ្សេងៗ ក្នុងការទិញប្រេងពីរុស្ស៊ីនោះទេ ប៉ុន្ដែ គេរំពឹងថា ទីក្រុងវ៉ាស៊ិនតោននឹងមានការព្រមាន អំពីការរឹតបន្តឹង ការទិញប្រេងរបស់ប្រទេសផ្សេងទៀត មិនឲ្យលើសពីកម្រិតធម្មតានោះឡើយ។
ក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេសឥណ្ឌា ដែលជាអ្នកនាំចូល និងប្រើប្រាស់ប្រេងធំជាងគេទី ៣ របស់ពិភពលោកនោះ បាននិងកំពុងប្រមូលទិញប្រេងពីរុស្ស៊ី តាមរយៈការដេញថ្លៃ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈមកម្ល៉េះ ដោយទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃពិសេសពីរុស្ស៊ី ខណៈអ្នកទិញផ្សេងទៀតបានផ្អាកការនាំចូលប្រេងពីរុស្ស៊ី។ ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ មកទល់ពេលនេះ ឥណ្ឌាបានទិញប្រេងពីរុស្ស៊ីយ៉ាងហោចណាស់ ១៣ លានបារ៉ែលទៅហើយ ដែលវាជិតស្មើទៅនឹងការទិញប្រេងពេញមួយឆ្នាំ២០២១កន្លងទៅដែលមានត្រឹម ១៦ លានបារ៉ែលប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី ទីក្រុងញូវដេលីបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនថ្កោលទោស ចំពោះសកម្មភាពរបស់ទីក្រុងម៉ូស្គូនោះទេ។ ក្នុងនោះ ឥណ្ឌាក៏បាន បោះឆ្នោតបដិសេធលើដំណោះស្រាយជាច្រើនរបស់អង្គការសហប្រជាជាតិស្តីពីសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងខែនេះថា ប្រទេសឥណ្ឌា គឺមានភាពរង្គោះរង្គើជាមួយគ្នាខ្លះៗជុំវិញបញ្ហា ក្នុងការធ្វើសកម្មភាពប្រឆាំងនឹងរុស្ស៊ី។
សហរដ្ឋអាមេរិកមិនបានជំទាស់ប្រទេសឥណ្ឌាចំពោះការទិញប្រេងពីរុស្ស៊ីទេ ប្រសិនបើប្រទេសនេះទិញដោយបញ្ចុះតម្ល។ក្រសួងការបរទេសអាមេរិកបានដឹងពីកិច្ចពិភាក្សារវាងរុស្ស៊ី និង ឥណ្ឌា ទាក់ទងនឹងការទិញប្រេងនេះដែរ។
យ៉ាងណាអាមេរិកនឹងនៅតែបន្តចូលរួម ជាដៃគូជាមួយឥណ្ឌា និងជុំវិញពិភពលោក អំពីសារៈសំខាន់នៃសកម្មភាពរួមដ៏រឹងមាំនៃការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា ដើម្បីដាក់សម្ពាធដល់វិមានក្រឹមឡាំងឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ទីភ្នាក់ងារថាមពលអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានប៉ាន់ប្រមាណថា ទណ្ឌកម្ម និងការផ្អាកការទិញប្រេងពីរុស្ស៊ី អាចនឹងធ្វើឲ្យប្រទេសនេះ បាត់បង់នូវការផលិតផ្គត់ផ្គង់ប្រេងប្រមាណ ៣ លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់ទីផ្សារពិភពលោក៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន