ឈ្មួញនាំចេញអង្ករឥណ្ឌាបានអះអាងថា ការនាំចេញអង្ករជាង ៥០ម៉ឺនតោន ដែលត្រូវដឹកជញ្ជូនទៅកាន់កំពង់ផែនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសឥណ្ឌាបានជាប់គាំងដោយសារតែកង្វះខាតរថភ្លើងដឹកជញ្ជូន ខណៈដែលឥណ្ឌាមានគោលដៅនាំចេញអង្ករ ១លាន៥សែនតោននៅក្នុងខែមករានេះ។
ក្រុមហ៊ុន សាត់យ៉ាម បាឡាជី (Satyam Balajee) ដែលជាក្រុមហ៊ុននាំចេញអង្ករធំបំផុតរបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា ការពន្យាពេលនៃការនាំចេញរបស់ឥណ្ឌាកំពុងធ្វើឱ្យអ្នកនាំចេញកាន់តែមានការពិបាក ដោយសារថ្លៃដឹកតាមកប៉ាល់បានកើនឡើងដល់ ៣ម៉ឺនដុល្លារឯណោះក្នុងមួយថ្ងៃ ហើយអ្នកនាំចេញមួយចំនួនត្រូវបង់ប្រាក់ប្រើប្រាស់កុងតឺន័រឱ្យអ្នកដឹកជញ្ជូន ក្នុងករណីមានការពន្យាពេលក្នុងការផ្ទុកទំនិញលើសរយៈពេលកំណត់រហូតដល់ ៥០ម៉ឺនដុល្លារ។
ពាណិជ្ជករបានចាប់ផ្តើមស្រង់តម្លៃខ្ពស់ចុងក្រោយសម្រាប់ការនាំចេញទៅក្រៅប្រទេស ដើម្បីរ៉ាប់រងការគិតថ្លៃបន្ថែមក្នុងអំឡុងពេលមានការពន្យារពេលណាមួយ ខណៈការនាំចេញអង្ករប្រភេទអង្ករបាក់៥%របស់ឥណ្ឌាបានកើនឡើងដល់ ៣៨០ ដុល្លារក្នុងមួយតោន ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។
អ្នកនាំចេញឥណ្ឌាបានស្នើទៅកាន់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ខ្លួនឲ្យជួយបង្កើនសមត្ថភាពទូររថភ្លើងសម្រាប់ការដឹកជញ្ជូនអង្ករដែរ ប៉ុន្ដែ ខាងក្រសួងនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
ទោះយ៉ាងណា ការធ្លាក់ចុះនៃការនាំចេញអង្ករពីប្រទេសឥណ្ឌាដែលជាអ្នកនាំចេញអង្ករធំជាងគេរបស់ពិភពលោក ក៏បានបើកផ្លូវឱ្យអ្នកផ្គត់ផ្គង់ដែលជាគូប្រជែងដូចជា ថៃ មីយ៉ាន់ម៉ា និង វៀតណាម រួមទាំងកម្ពុជា បង្កើនការលក់ទៅកាន់ទីផ្សារបរទេសក្នុងតម្លៃខ្ពស់ជាងពេលមុនៗផងដែរ។
តួយ៉ាង ការនាំចេញអង្ករប្រភេទអង្ករបាក់៥% របស់ថៃ កាលពីសប្ដាហ៍មុនបានកើនឡើងដល់តម្លៃខ្ពស់បំផុតគិតតាំងពីពាក់កណ្ដាលខែកក្កដាមក ដោយតម្លៃអង្ករមួយតោនកើនឡើងដល់ប្រមាណ៤០៥ដុល្លារ៕
អត្ថបទ ស៊ើង និមល់