មាសជាលោហៈដ៏មានតម្លៃមួយនៅលើពិភពលោក ហើយវាជាឧបករណ៍ទូទាត់ ដែលមានស្ថិរភាពបំផុតដោយមកដល់ពេលនេះនរណាក៏ស្រលាញ់ចង់បានមាសមករក្សាទុកដែរ។ ប៉ុន្តែនៅលើពិភពលោកនេះមានតែប្រទេសឥណ្ឌាមួយទេ ដែលត្រូវបានគេដឹងថា ជាប្រទេសមានប្រជាជនស្រលាញ់មាសបំផុត។បើយោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ បច្ចុប្បន្នប្រជាជនឥណ្ឌាមានមាសប្រមាណ៣ម៉ឺន៤ពាន់៦រយតោនមានតម្លៃប្រមាណ៣,៨ទ្រីលានដុល្លារ។ បរិមាណមាសនៅក្នុងដៃពលរដ្ឋឥណ្ឌានៅពេលនេះ គឺច្រើនជាងបរិមាណមាស ដែលរក្សាទុកជាទុនបម្រុងរបស់ធនាគារកណ្តាលរបស់សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ អ៊ីតាលី បារាំង រុស្ស៊ី និងចិនទៅទៀត។
តាមការប៉ាន់ប្រមាណ ឥណ្ឌាមានប្រជាពលរដ្ឋប្រមាណជាង១ពាន់៤រយលាននាក់ ដូច្នេះប្រជាជនឥណ្ឌាម្នាក់មានមាសប្រមាណ២៥ក្រាម ពោលគឺមានតម្លៃប្រមាណជា៣២៥០ដុល្លារ ស្របពេល ដែលអត្រា GDP សម្រាប់ពលរដ្ឋឥណ្ឌាម្នាក់ៗមានតម្លៃត្រឹម២៨២០ដុល្លារក្នុងមួយឆ្នាំ។ សម្រាប់ឥណ្ឌាមាសមានតម្លៃទាំងសម្រាប់សេដ្ឋកិច្ច និងវប្បធម៌ ដោយមាសត្រូវបានចាក់ឬសយ៉ាងជ្រៅក្នុងវប្បធម៌ឥណ្ឌា ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីសាសនាហិណ្ឌូ។
រាល់ពិធីសាសនា ជាពិសេសគឺពិធីបុណ្យ ឌីវ៉ាលី (Diwali) ប្រជាជនឥណ្ឌា និយមទិញមាសដើម្បីគោរពបូជាដល់ព្រះនាងលស្មី ដែលជាទេពធិតានៃទ្រព្យសម្បត្តិ ហើយនៅក្នុងពិធីមង្គលការជាដើម ក៏ជាពិធី ដែលគេនិយមប្រើប្រាស់មាសផងដែរ ដើម្បីដំណាងឲ្យឋានៈ តួនាទីនៅក្នុងសង្គម៕
ដោយៈ សរ សុជាតិ