លោក សានតានូ សេនហ្គូបតា (Santanu Sengupta) សេដ្ឋវិទូឥណ្ឌាប្រចាំនៅធនាគារវិនិយោគ Goldman Sachs បាននិយាយកាលពីថ្ងៃទី ២០ ខែវិច្ឆិកាថា សេដ្ឋកិច្ចឥណ្ឌាត្រូវបានរំពឹងថានឹងមានខុសពីអ្វីដែលបានដៅទុកសម្រាប់ឆ្នាំ២០២៣ ជាមួយការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងឆមាសទីមួយ ដោយសារតែឥទ្ធិពលនៃការជំរុញផ្នែកសេដ្ឋកិច្ចលើការបើកប្រទេសឡើងវិញត្រូវបានកាត់បន្ថយ។
ធនាគារវិនិយោគរបស់សហរដ្ឋអាមេរិក Goldman Sachs បានបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាក្នុងរយៈពេល៧ខែចាប់តាំងពីខែមីនា ឆ្នាំ២០២២ដែលគេចាត់ទុកថាជាពេលកបើកទ្វារឡើងវិញក្រោយការឆ្លងជំងឺកូវីដនោះ គឺមានល្បឿនលឿនជាងកំណើននៃប្រទេសមានទីផ្សារដែលកំពុងរីកចម្រើនបំផុតផ្សេងទៀតនៅក្នុងរយៈពេល ៧ ខែដំបូងបន្ទាប់ពីពួកគេបានបើកទ្វារឡើងវិញ។
លោក សេនហ្គូបតា សេដ្ឋវិទូឥណ្ឌាប្រចាំនៅធនាគារវិនិយោគ Goldman Sachs បាននិយាយថា នៅក្នុងឆមាសទី២ គេរំពឹងថាកំណើននឹងកើនឡើងឡើងវិញនៅពេលដែលកំណើនសេដ្ឋកិច្ចសកលងើបឡើងវិញ ការនាំចេញសុទ្ធធ្លាក់ចុះ ហើយវដ្តនៃការវិនិយោគកើនឡើង។
ធនាគារទុនបម្រុងនៃប្រទេសឥណ្ឌា (RBI) កាលពីសប្តាហ៍មុនបានកំណត់អត្រាកំណើនក្នុងស្រុកនៅកម្រិត ៧% សម្រាប់ឆ្នាំ២០២២-២៣។
លោក សេនហ្គូបតា រំពឹងថា រដ្ឋាភិបាលនឹងបន្តផ្តោតលើការចំណាយមូលធន និងមើលឃើញសញ្ញានៃការបន្តងើបឡើងវិញនៃការវិនិយោគដែលកំពុងចាប់កំណើតជាមួយលក្ខខណ្ឌអំណោយផលជួយឱ្យសេដ្ឋកិច្ចកើនឡើងនៅឆមាសទី២។
ធនាគារ Goldman Sachs រំពឹងថាអតិផរណាឥណ្ឌាដែលកំពុងកើនខ្ពស់នោះ នឹងធ្លាក់ចុះមកនៅ ៦,១% ក្នុងឆ្នាំ២០២៣ ពោលគឺបន្តធ្លាក់ចុះពី ៦,៨% ក្នុងឆ្នាំ២០២២ ហើយថា អន្តរាគមន៍របស់រដ្ឋាភិបាលទំនងជានឹងកំណត់តម្លៃម្ហូបអាហារ ហើយអតិផរណាទំនិញស្នូលប្រហែលជាបានឡើងថ្លៃដល់កម្រិតកំពូលរួចទៅហើយ។
ក្រុមហ៊ុន Goldman រំពឹងថា ធនាគារកណ្ដាលឥណ្ឌា នឹងដំឡើងអត្រាការប្រាក់គោល ០,៥% នៅក្នុងខែធ្នូ ឆ្នាំ២០២២ និងដំឡើង ០,៣៥ បន្ថែមទៀតនៅខែកុម្ភៈឆ្នាំក្រោយ ដោយធ្វើបន្តរហូតដល់អត្រា ៦,៧៥%៕
អត្ថបទ៖ សុខ ជា