សង្គ្រាមពាក្យសម្តី និងសម្ពាធសេដ្ឋកិច្ចរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានឈានដល់ចំណុចតានតឹងបំផុតសាជាថ្មី ដោយអាម៉េរិក ប្រកាសចាប់ផ្តើមសង្គ្រាមសេដ្ឋកិច្ច ដើម្បីផ្តាច់ដង្ហើមហិរញ្ញវត្ថុអ៊ីរ៉ង់។ សារព័ត៌មាន CNBC បានរាយការណ៍ថា លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក បានចាត់ទុកវិធានការនេះ ជាយុទ្ធនាការប្រយុទ្ធផ្ដាច់ព្រ័ត្ររបស់ក្រុងវ៉ាស៊ីនតោន ដើម្បីរុញច្រានសេដ្ឋកិច្ចអ៊ីរ៉ង់ ឱ្យធ្លាក់ចូលក្នុងភាពឯកោទាំងស្រុង។ វិធានការវាយប្រហារហិរញ្ញវត្ថុថ្មីនេះនឹងបន្ថែមទម្ងន់លើទណ្ឌកម្មដ៏ទូលំទូលាយដែលមានស្រាប់លើវិស័យធនាគារ ថាមពល អាកាសចរណ៍ និងរូបិយប័ណ្ណឌីជីថល ឬគ្រីបតូ។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានអះអាងថា សេដ្ឋកិច្ចអ៊ីរ៉ង់ កំពុងដុនដាបយ៉ាងធ្ងន់ធ្ងរ រួមផ្សំដោយអតិផរណាហក់ឡើងខ្ពស់ហួសពីការគ្រប់គ្រង និងការដួលរលំតម្លៃប្រាក់រីយ៉ាល។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក បានផ្ញើសារព្រមានចំៗទៅកាន់ប្រទេសទី៣ថា ប្រទេសណាដែលហ៊ានធ្វើជាសរសៃឈាមហិរញ្ញវត្ថុឱ្យរបបដឹកនាំអ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្ម និងការរុញឱ្យស្ថិតក្នុងភាពឯកោដូចគ្នា។
ឆ្លើយតបនឹងការគំរាមរបស់រដ្ឋបាលលោក ត្រាំ អ៊ីរ៉ង់ បានចេញមកព្រមានបិទច្រក Hormuz និងប្រកាសពីការរកឃើញឧស្ម័នបម្រុងដ៏សន្ធឹកសន្ធាប់រហូតដល់ជិត២០០ពាន់លានម៉ែត្រគូប។ ជាមួយគ្នានេះ អាជ្ញាធរច្រកឆ្លងកាត់ក្នុងឈូងសមុទ្រពែក្ស (PGSA) ដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ បានបង្ហោះសារព្រមានកាលពីថ្ងៃចុងសប្តាហ៍មុន ដោយគំរាមចាប់ឃាត់ ពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ ឬរឹបអូសនាវាទាំងឡាយណា ដែលរំលោភលើវិធានការឆ្លងកាត់ក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។ ជាមួយគ្នានេះ អ៊ីរ៉ង់ ក៏បានព្រមានប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រកុំឱ្យចូលរួមក្នុងយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ចរបស់អាម៉េរិក ឱ្យសោះ។
ទោះបីជាស្ថានការណ៍នយោបាយរវាងមហាអំណាចទាំងពីរឡើងកម្ដៅដល់ចំណុចកំពូលក៏ដោយ ប៉ុន្តែទីផ្សារថាមពលនៅលើទីផ្សារអន្តរជាតិ នាព្រឹកថ្ងៃទី២៤ ខែសីហា បានបង្ហាញសញ្ញាធ្លាក់ចុះបន្តិច ដោយប្រេងឆៅនៅលើទីផ្សារអាម៉េរិក បានធ្លាក់ចុះ ១,៣% មកនៅត្រឹមជិត៨៦ដុល្លារក្នុង១បារ៉ែល ខណៈប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ១,៣%មកនៅត្រឹមជាង៩៣ដុល្លារក្នុង១បារ៉ែល។
ការបើកប្រតិបត្តិការធ្វើសង្គ្រាមសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក និងការឆ្លើយតបវិញដោយកាតព្វកិច្ចយោធាលើច្រក Hormuz របស់អ៊ីរ៉ង់ គឺជាសញ្ញាព្រមានថា វិបត្តិភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាអាចនឹងបន្តអូសបន្លាយ និងដាក់សម្ពាធកាន់តែខ្លាំងលើស្ថិរភាពសេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលពិភពលោកនាពេលខាងមុខ៕
អត្ថបទៈ សួន ឡង់ទី