របាយការណ៍ផ្លូវការពីរដ្ឋាភិបាល ស្តីពីកំណើនសេដ្ឋកិច្ចឥណ្ឌាដ៏ខ្ពស់គឺស្របទៅនឹងទិន្នន័យដែលបានចងក្រង និងវាយតម្លៃពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដូចគ្នា ជុំវិញកំណើន២០%នៃសេដ្ឋកិច្ចឥណ្ឌាចាប់ពីខែមេសាដល់មិថុនា ឆ្នាំ២០២១។ កំណើននេះត្រូវអ្នកជំនាញ និងអ្នកវិភាគផ្នែកសេដ្ឋកិច្ចនៅឥណ្ឌា អះអាងថាជាការជួយរុញច្រានដោយយុទ្ធនាការចាក់វ៉ាក់សាំងបានចំនួនច្រើនទៅៗ ដែលធ្វើឲ្យគេអាចឈានទៅគ្រប់គ្រងលើការឆ្លងរាលដាលកូវីដ១៩ ហើយអាចអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យនានា ដំណើរការជាធម្មតាឡើងវិញ។
ជាក់ស្តែង វិស័យសំណង់របស់ឥណ្ឌាបានងើបឡើងវិញក្នុងអត្រា៦៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹម ៥០%ប៉ុណ្ណោះ។ ដោយឡែក វិស័យផលិតកម្មឧស្សាហកម្ម បានពង្រីកខ្លួនដល់ជិត៥០% ធៀនទៅនឹងអត្រា៣៦%ប៉ុណ្ណោះនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិស័យកសិកម្មវិញ បានកើនឡើង ៤.៥% ធៀបនឹងត្រីមាសមុនដែលកើនត្រឹម ៣.៥%។
អ្វីជាមូលហេតុនៅពីក្រោយកំណើនសេដ្ឋកិច្ចឥណ្ឌាទោះរងគ្រោះខ្លាំងដោយសាររលកឆ្លងកូវីដ១៩?
គេនៅចាំបានថាកាលពីរលកឆ្លងលើកដំបូងនៅឥណ្ឌាកាលពីឆ្នាំ២០២០ ទោះបីការរាលដាលមិនមានចំនួនច្រើនខ្លាំងក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលក្រុងញ៉ូដេលី បានដាក់ចេញវិធានការណ៍តឹងរឹងបំផុត ពោលគឺប្រធានាធិបតីឥណ្ឌាលោក ណារីនដ្រា ម៉ូឌី បានបញ្ជាឲ្យបិទខ្ទប់ទាំងស្រុងនៅទូទាំងប្រទេសតែម្តង ទោះបីជាតំបន់ខ្លះមិនមានករណីវិជ្ជមានក៏ដោយ។ ប្រការនេះបានធ្វើប៉ះពាល់ខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច អាជីវកម្មទាំងតូចទាំងធំនៅឥណ្ឌា។
ក្រោយមក នៅគ្រាដែលឥណ្ឌាជួបប្រទះនឹងរលកឆ្លងលើកទី២ក្នុងឆ្នាំ២០២១ ទោះការឆ្លងរាលដាលកាលនោះ មានសភាពខ្លាំងជាងមុនក៏ពិតមែន តែរដ្ឋាភិបាលក្រុងញូដេលី បានបញ្ជាឲ្យគេបិទខ្ទប់តែតំបន់ណាដែលមានករណីឆ្លងខ្លាំងប៉ុណ្ណោះ ខណៈតំបន់ផ្សេងៗត្រូវដាក់ចេញនូវបម្រាមគោចរ។ ប្រការនេះហើយ ដែលអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ចឥណ្ឌានៅបន្តដង្ហើមបាន ជាហេតុធ្វើឲ្យប្រទេសសេដ្ឋកិច្ចធំលំដាប់ទី៣នៅអាស៊ីមួយនេះ មើលឃើញពីកំណើនសេដ្ឋកិច្ចខ្លាំងដូចពេលនេះ។
សូមជម្រាបថា សេដ្ឋកិច្ចឥណ្ឌាត្រូវបានស្ថាប័នរដ្ឋ និងអន្តរជាតិនានាព្យាករណ៍ថា នឹងមានកំណើនក្នុងរង្វង់ ៩%នៅពេញមួយឆ្នាំ២០២១នេះ ប៉ុន្តែសេដ្ឋវិទូបានអះអាងថា ប្រសិនបើការចាក់វ៉ាក់សាំង ដំណើរការទៅបានរលូននិងក្នុងចំនួនកាន់តែច្រើន នោះសេដ្ឋកិច្ចឥណ្ឌាអាចនឹងមានកំណើនលើសពីការព្យាករណ៍នេះទៅទៀត។
បច្ចុប្បន្នឥណ្ឌាចាក់វ៉ាក់សាំងដល់ពលរដ្ឋបានចំនួន ៥០%នៃពលរដ្ឋពេញវ័យសរុបរបស់ខ្លួនហើយ ក្នុងនោះ ១៥%នៃពួកគេទទួលបានវ៉ាក់សាំងទាំងពីរដូស៕