ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា តាមផែនការក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងតភ្ជាប់ជើងហោះហើរមកកម្ពុជា នៅចុងឆ្នាំ២០២៤នេះ ប៉ុន្តែដោយសារមានការប្រែប្រួល ការភ្ជាប់ជើងហោះហើរនេះនឹងពន្យារពេលរហូតដល់ដើមឆ្នាំក្រោយវិញ ពោលបើគ្មានការប្រែប្រួលទេនឹងចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងញូវដេលី-ភ្នំពេញ និងទីក្រុងកុលកាតា-សៀមរាប នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។ បើតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា កន្លងមករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានផ្តល់ការអនុញ្ញាតលើផ្នែកពាក់ព័ន្ធនានា ដល់ក្រុមហ៊ុនអាកាសចរណ៍ IndiGo រួចរាល់ហើយ ដោយរង់ចាំតែការហោះហើរជាក់ស្តែងរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចាប់ផ្តើមបើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង៤ជើងក្នុងមួយសប្តាហ៍ ប៉ុន្តែដោយសារកត្តាស្ថានភាពសេដ្ឋកិច្ចសកល ទីផ្សារហោះហើររវាងកម្ពុជា-ឥណ្ឌា ហាក់មិនទាន់ល្អប្រសើរនោះទេ ពោលគឺសប្តាហ៍ខ្លះមានការហោះហើរចំនួន៤ជើង ខ្លះទៀតចុះមកនៅត្រឹម៣ជើង ឬ២ជើងប៉ុណ្ណោះ។ តែទោះជាបែបនេះក្តី មន្ត្រីជាន់ខ្ពស់រូបនេះ ជឿជាក់ថា ការហោះហើររវាងកម្ពុជា-ឥណ្ឌា នឹងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុន Air Cambodia កំពុងខិតខំជំរុញ និងផ្សព្វផ្សាយការតភ្ជាប់ទីផ្សារនេះឱ្យបានកាន់តែទូលំទូលាយ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ជឿជាក់ថា តាមរយៈការតភ្ជាប់ផ្លូវថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo នេះ នឹងផ្ដល់ផលចំណេញជាច្រើនដល់ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ដូចជាចំណេញពេលវេលាក្នុងការធ្វើដំណើរ ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ដ្បិតថា កម្ពុជាប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកកម្ពុជាវិញតាមរយៈទេសចរណ៍វប្បធម៌ និងសាសនាផងដែរ៕