កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធ កូម៉ូដូ (Komodo) ដែលបានចាប់ផ្ដើមនៅថ្ងៃចន្ទ ដោយមានការចូលរួមពីកងទ័ពជើងទឹកជាច្រើនប្រទេស ក្នុងដែនសមុទ្ររបស់ខ្លួនតាមទម្លាប់នេះ គឺជាសមយុទ្ធ«មិនមែនសង្គ្រាម»។ វាមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសដៃគូចំនួន ៣៦ ប្រទេសនៅលើពិភពលោក។
លំហាត់កងទ័ពនេះកើតឡើងខណៈពេលដែលប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងបង្កើនការទូតផ្នែកយោធានៅក្នុងតំបន់ ដោយរៀបចំសមយុទ្ធញឹកញាប់ជាងមុនជាមួយសម្ព័ន្ធមិត្ត និងដៃគូជុំវិញកោះតៃវ៉ាន់ និងនៅក្នុងផ្លូវទឹកដ៏មមាញឹក គឺសមុទ្រចិនខាងត្បូង និងសមុទ្រប៉ាស៊ីហ្វិកខាងលិច។ វាក៏បានកើតឡើងក្រោយពីមានឧបទ្ធវហេតុកាលពីចុងសប្តាហ៍នៅច្រកសមុទ្រតៃវ៉ាន់ ដែលកងទ័ពជើងទឹកអាមេរិកបាននិយាយថា នាវាចម្បាំងចិនបានបើកកាត់នៅពីមុខនាវាចម្បាំងរបស់ខ្លួនក្នុងចម្ងាយតែប្រហែល ១៥០ ម៉ែត្រ ពោលគឺហៀបធ្វើឱ្យមានការប៉ះទង្គិចគ្នា។
កងនាវាជើងទឹកឥណ្ឌូនេស៊ីបានឱ្យដឹងថា នាវាចំនួន ១៥ គ្រឿង រួមទាំងរបស់ចិននិងរបស់រុស្ស៊ីផង បានទម្លាក់យុថ្កានៅកោះ ស៊ូឡាវេស៊ី (Sulawesi) កាលពីថ្ងៃចន្ទ ជាពេលដែលសមយុទ្ធ Komodo បានចាប់ផ្តើម។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV កាលពីថ្ងៃចន្ទ, កងទ័ពជើងទឹកចិនបានបញ្ជូននាវាពិឃាត ចាងជាង (Zhanjiang) និងនាវាចម្បាំង ស៊ូចាង (Xuchang) ដែលបំពាក់ដោយកាំជ្រួចហោះតាមបញ្ជា ឬ guided missiles។
សមយុទ្ធ Komodo ឆ្នាំនេះ ជាលំហាត់កងទ័ពជើងទឹករួមគ្នាលើកទីបួន ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ បើគិតចាប់តាំងពីការធ្វើសមយុទ្ធលើកដំបូងក្នុងឆ្នាំ ២០១៤។
ទន្ទឹមនេះ កាលពីថ្ងៃចន្ទដដែលនោះ ប្រទេសរុស្ស៊ីក៏បានបើកសមយុទ្ធកងទ័ពជើងទឹកជាឯកតោភាគីនៅក្បែប្រទេសជប៉ុនដែរ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងនាវាចរណ៍ប៉ាស៊ីហ្វិករបស់រុស្ស៊ីបានចាប់ផ្តើមធ្វើលំហាត់នៅក្នុងសមុទ្រជប៉ុននិងសមុទ្រអូខូស (Okhotsk) ពីថ្ងៃចន្ទ ទី៥ រហូតដល់ថ្ងៃទី២០ ខែមិថុនា។ មាននាវាចម្បាំងនិងនាវាជំនួយជាង៦០គ្រឿង យន្តហោះអាកាសចរណ៍កងទ័ពជើងទឹកប្រហែល៣៥គ្រឿង ឆ្មាំឆ្នេរសមុទ្រ និងបុគ្គលិកយោធាជាង ១ ម៉ឺន ១ ពាន់នាក់ ចូលរួមនៅក្នុងសមយុទ្ធនៃក្រុមកងនាវាចរណ៍ប៉ាស៊ីហ្វិកនេះ។ នេះបើតាមការបញ្ជាក់ដោយក្រសួងការពារជាតិរុស្ស៊ីក្នុងគណនេយ្យថេលេក្រាមរបស់ខ្លួន៕