
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ សប្ដាហ៍មុន បានប្រកាសយកពន្ធទៅវិញទៅមកលើប្រទេស និងដែនដីសរុបជាង១៨០ ដែលបានបង្កជាការភ្ញាក់ផ្អើលនៅទូទាំងពិភពលោក ក្នុងនោះប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍បានរងសម្ពាធពន្ធរហូតដល់៣២% ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃពុធ សប្ដាហ៍នេះ។
ឆ្លើយតបនឹងការយកពន្ធនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក អ៊ែឡានហ្កា ហាតាតូ (Airlangga Hartarto) បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីនឹងមិនដាក់ពន្ធសងសឹកប្រឆាំងនឹងពន្ធពាណិជ្ជកម្ម៣២% របស់អាម៉េរិកនេះឡើយ ផ្ទុយទៅវិញឥណ្ឌូនេស៊ី នឹងបន្តការទូត និងការចរចាដើម្បីស្វែងរកដំណោះស្រាយ ដែលអាចផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោក អ៊ែឡានហ្កា បានអះអាងថា រាល់ការដាក់ចេញវិធីសាស្ត្រអ្វីមួយត្រូវធ្វើឡើងដោយផ្តោតលើផលប្រយោជន៍រយៈពេលវែងនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាដើម្បីរក្សាបរិយាកាសវិនិយោគ និងស្ថិរភាពសេដ្ឋកិច្ចជាតិ ហើយទីក្រុងហ្សាការតានឹងជួយគាំទ្រវិស័យដែលមានសក្តានុពល ដូចជាឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើងជាដើម។
យ៉ាងណាមិញ លោក អ៊ែឡានហ្កា បានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងប្រមូលទិន្នន័យពីក្រុមហ៊ុនពាណិជ្ជកម្ម ដើម្បីជួយបង្កើតយុទ្ធសាស្ត្រដោះស្រាយបញ្ហាពន្ធ ដែលបានដាក់ដោយអាម៉េរិក ហើយនឹងស្វែងរកវិធីដើម្បីបង្កើនពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសអឺរ៉ុបជំនួសសហរដ្ឋអាម៉េរិក និងចិន។ តែទោះជាយ៉ាងណាក៏ដោយ ទីក្រុងហ្សាការតានឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅអាម៉េរិក ដើម្បីចរចាដោយផ្ទាល់ជាមួយនឹងរដ្ឋបាលរបស់លោក ត្រាំ។
ទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបង្ហាញថា ឥណ្ឌូនេស៊ី សម្រេចបានអតិរេកពាណិជ្ជកម្មជាមួយអាម៉េរិក ជិត៧ពាន់លានដុល្លារ ក្រោយសម្រេចបានទំហំនាំចេញជាង២៦ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤៕
វិស័យពាណិជ្ជកម្ម