រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាស (Saifuddin Abdullah) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីជួបជាមួយសមភាគីគឺលោកស្រីរ៉េតណូ ម៉ាស៊ូឌី (Retno Marsudi ) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីថា ភាគីទាំងទាំងពីរ គឺម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានយល់ស្របលើបញ្ហាចុងក្រោយនៅក្នុងតំបន់ទាក់ទងនឹងប្រទេសជិតខាងដែលកំពុងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ”។ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ព្រួយបារម្ភថា កិច្ចព្រមព្រៀងនៃសម្ព័ន្ធ AUKUS អាចនាំឱ្យមានការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរក្នុងតំបន់ និងធ្វើឱ្យរង្គោះរង្គើដល់តុល្យភាពយុទ្ធសាស្ត្រនៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
ទន្ទឹមនេះ គេមើលឃើញថា ប្រទេសហ្វីលីពីនដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាការពារជាតិរបស់សហរដ្ឋអាមេរិកបានចេញមុខគាំទ្រ AUKUS ដែលធ្វើឲ្យប្រទេសនេះ កាន់តែពិបាកមើលមុខគ្នាថែមទៀតជាមួយនឹងប្រទេសចិន ខណៈដែលវិបត្តិនៅសមុទ្រចិនខាងត្បូងកំពុងមានការឡើងកម្ដៅនៅឡើយ។
សូមជម្រាបថា កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅសមុទ្រចិនខាងកើត និងខាងត្បូងដែលនាំឱ្យរំខានដល់ការដឹកជញ្ជូនដែលមានតម្លៃរាប់ពាន់លានដុល្លារ ឬស្មើនឹងមួយភាគបីនៃពាណិជ្ជកម្មពិភពលោក។
គួរកត់សម្គាល់ដែរថា ក្រៅតែពីការព្រួយបារម្ភអំពីបញ្ហា AUKUS កន្លងមកម៉ាឡេស៊ីបានក៏បានបង្ហាញទស្សនៈជុំវិញនឹងបញ្ហារវាងចិន និងអាស៊ានផងដែរ។ ជាក់ស្ដែង រដ្ឋមន្ត្រីឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានសម្តែងការខកចិត្តផងដែរចំពោះរបបយោធាភូមា។ ទន្ទឹមនេះ អាស៊ានក៏បានចេញសេចក្តីថ្លែងការណ៍រួមឯកភាពជាផ្លូវការ ដោយបានសម្រេចមិនអញ្ជើញមេដឹកនាំយោធាភូមា ឲ្យមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅចុងខែតុលាខាងមុខនេះទេ ដោយសារតែរបបសឹកមិនបានអនុវត្តត្រឹមត្រឹមតាមកិច្ចព្រមព្រៀងលើផែនការដំណោះស្រាយទាំង៥ចំណុច ដែលបានដាក់ចេញ និងបានចុះហត្ថលេខា កាលពីខែមេសាកន្លងទៅនេះ៕
អត្ថបទ៖ ស៊ើង និមល់