អាស៊ាន

រដ្ឋាភិបាលស្រមោលភូមា ទទូចស្នើសុំទៅអាស៊ាន អនុញ្ញាតឲ្យខ្លួនចូលប្រជុំអាស៊ានជំនួសក្រុមយោធា


រដ្ឋាភិបាលស្រមោលភូមា ដែលបង្កើតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងនឹងរបបសឹក នៅថ្ងៃច័ន្ទទី១៨តុលា បាននិយាយស្វាគមន៍ការសម្រេចរបស់អាស៊ានក្នុងការមិនអញ្ជើញលោក មីន អ៊ុងឡាំង មេដឹកនាំយោធាភូមា ឲ្យចូលរួមក្នុងជំនួបកំពូលអាស៊ានដែលធ្វើឡើងនៅចុងខែតុលានេះ។ ទន្ទឹមនឹងការស្វាគមន៍នេះ រដ្ឋាភិបាលស្រមោលនេះ បាននិយាយថា ពួកគេផ្ទាល់គួរតែក្លាយជាអ្នកតំណាងស្របច្បាប់របស់ប្រទេស ក្នុងការចូលរួមជំនួបកំពូលអាស៊ានលើកនេះ ជំនួសវិញ ទើបជាការស័ក្ដិសម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបភាពនៃការប្រជុំប្រទេសក្នុងអាស៊ាន
ដោយ

ការ​បង្ហាញ​ការ​សារ​ទរ​ពី​រដ្ឋាភិបាល​ស្រមោល​ភូមា ដែល​ត្រូវ​បាន​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ​ដូចនេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អាស៊ាន នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន បាន​សម្រេច​ជា​ផ្លូវការ មិន​អញ្ជើញ​មេដឹកនាំ​យោធា​ភូមា ឲ្យ​មក​ចូលរួម​ជំនួប​កំពូល​អាស៊ាន​ឡើយ​។ ជំនួប​កំពូល​អាស៊ាន​នេះ គឺ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រ៊ុ​យ​ណេ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែតុលា ២០២១​។

អាស៊ាន​បាន​សម្រេច​អញ្ជើញ​តំណាង​ភូមា ដែល​មិនមែន​ជា​អ្នកនយោបាយ ឱ្យមក​ចូលរួម​ប្រជុំ​ជំនួស​វិញ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តើ​ជា​បុគ្គល​អ្នកតំណាង​រូប​ណា​នោះ​ទេ​។ ប្រការ​នេះ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ស្រមោល​ភូមា​សាទរ​ផង​ដែរ ទោះបី​ខ្លួន​អះអាង​ថា ក្រុម​ពួក​គេ​ជា​អ្នកតំណាង​ស្របច្បាប់ នឹង​គួរតែ​ត្រូវ​បាន​កោះ​អញ្ជើញ​ក្តី​។

យ៉ាងណាមិញ រដ្ឋាភិបាល​ស្រមោល​ដដែល​នេះ បាន​ព្រមាន​ថា អ្នកតំណាង​នោះ ទោះ​មិនមែន​ជា​អ្នកនយោបាយ​ក្តី ប៉ុន្តែ​ត្រូវ​ចាំបាច់​ធានា​ឲ្យ​បាន​ថា មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​របប​សឹក ឬ​មិនមែន​ជា​អ្នកតំណាង​របស់​របប​សឹក​ឡើយ​។ 

ជុំវិញ​បញ្ហា​នេះ​ដែរ អ្នកនាំពាក្យ​របប​សឹក​ភូមា​លោក​ហ្សា មីន​ទុន (Zaw Min Tun) កាលពី​ចុង​ស​ប្តា​ហ៍​មុន បាន​ចេញ​មុខ​មក​ចោទប្រកាន់ និង​ស្តីបន្ទោស​ការ​សម្រេច​របស់​អាស៊ាន​មិន​អញ្ជើញ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ថា ជា​អំពើ​ជ្រៀតជ្រែក​ពី​បរទេស​។

សូម​ជម្រាប​ថា អាស៊ាន​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ពិតជា​បាន​ទទួល​សម្ពាធ​ជា​បន្តបន្ទាប់​ពី​សហគមន៍​អន្តរជាតិ ជុំវិញ​វិបត្តិ​នៅ​ភូមា​នេះ​។ ជា​រឿយ​ៗ​សហគមន៍​អន្តរជាតិ​បាន​ចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​រួម​ជំរុញ​ឲ្យ​អាស៊ាន​ប្រកាន់​យក​ជំហរ​តឹងរ៉ឹង​ជាមួយ​ភូមា ពិសេស​ការ​ដែល​ភូមា​មិន​បាន​អនុវត្ត​ទៅ​តាម​ដំណោះស្រាយ​៥​ចំណុច​ដែល​អាស៊ាន ខិតខំ​ចំណាយពេល​ប្រជុំ​ពិភាក្សា និង​រៀបចំ​ឡើង ដើម្បី​ឈាន​ទៅ​បញ្ចប់​អំពើ​ហឹ​ង្សា​ដ៏​រ៉ាំរ៉ៃ​នៅ​ប្រទេស​មួយ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តួលេខកំណើនសេដ្ឋកិច្ចចិនថយចុះ ធ្វើឲ្យរង្គើដល់ផ្សារភាគហ៊ុនចិន និងហុងកុង

ព័ត៌មាន
ផ្សារភាគហ៊ុននៅចិនដីគោក និងហុងកុង បានធ្លាក់ចុះនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីមានការលេចឡើងនូវទន្នន័យអំពីការថមថយចុះនៃកំណើនសេដ្ឋកិច្ចរប…

ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីព្រួយបារម្ភចំពោះផែនការនុយក្លេអ៊ែររបស់ AUKUS

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ