បើតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី បានកំណត់ថា ឥណ្ឌូនេស៊ី មិនទទួលស្គាល់សញ្ជាតិពីរសម្រាប់មនុស្សពេញវ័យទេ ដូច្នេះហើយពលរដ្ឋឥណ្ឌូនេស៊ីណា ដែលកាន់លិខិតឆ្លងដែនពីរត្រូវតែជ្រើសរើសយកតែមួយគត់នៅពេលពួកគេមានអាយុ១៨ឆ្នាំឡើងទៅ។ ប៉ុន្តែលោក លូហ៊ុត ផានចៃតាន (Luhut Pandjaitan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគ បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងផ្តល់សញ្ជាតិពីរដល់អតីតពលរដ្ឋឥណ្ឌូនេស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតនោះទេ។
ការបង្ហាញគម្រោងការរបស់លោក លូហ៊ុត នេះបានធ្វើឡើងនៅចំពោះមុខនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft គឺលោក សាត្យា ណាដែឡា (Satya Nadella) ដែលបានសន្យាថានឹងដាក់ការវិនិយោគជិត២ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោកបាននិយាយថា ឥណ្ឌូនេស៊ី ក៏បានអញ្ជើញជនភៀសខ្លួនឥណ្ឌូណេស៊ី ដែលមានជំនាញបច្ចេកទេសច្បាស់លាស់ឱ្យចូលទៅធ្វើការនៅក្នុងប្រទេសនេះ ហើយនឹងអនុញ្ញាតឱ្យពួកគេទទួលបានសញ្ជាតិពីរក្នុងពេលឆាប់ៗនេះផងដែរ។ បើតាមទិន្នន័យពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ហាញថា ពលរដ្ឋឥណ្ឌូនេស៊ី ជិត៤ពាន់នាក់ បានក្លាយជាពលរដ្ឋសិង្ហបុរី នៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២២៕
អត្ថបទ៖ សុខ មង្គល