បើតាមការរាយការណ៍ដោយរ៉យទ័រ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកថា ឥណ្ឌូនេស៊ីត្រូវតែមានកំណែទម្រង់យ៉ាងណាធ្វើឱ្យមានតុល្យភាពរវាងវិស័យសុខភាពសាធារណៈ និងសេដ្ឋកិច្ច នៅក្នុងអំឡុងពេលមានការកើនឡើងករណីកូវីដ-១៩ ខណៈដែលប្រទេសនេះ កំពុងរងនូវរលកឆ្លងខ្ពស់ជាងគេក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ស្ថានភាពកូវីដ១៩ នៅប្រទេសឥណ្ឌុនេស៊ីនៅរយៈចុងក្រោយនេះកាន់តែដុនដាបខ្លាំងឡើងៗ ទន្ទឹមនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយថា អ្វីដែលរដ្ឋាភិបាលត្រូវធ្វើគឺស្វែងរកដំណោះស្រាយរួមបញ្ចូលគ្នាដ៏ល្អបំផុតរវាងសុខភាពសាធារណៈ និងផលប្រយោជន៍សេដ្ឋកិច្ច” ។
លោក ចូកូ វីដូដូ បាននិយាយទៅកាន់សភាថា“ ជំងឺរាតត្បាតកូវីដពិតជាបានពន្យឺតកំណើនសេដ្ឋកិច្ចរបស់របស់ឥណ្ឌូនេស៊ី ប៉ុន្តែវាមិនអាចរាំងស្ទះដល់ដំណើរការកំណែទម្រង់រចនាសម្ព័ន្ធនៃសេដ្ឋកិច្ចរបស់រប្រទេសនោះទេ។
សូមជម្រាបថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ បានគេចផុតពីការដាំក្បាលចុះនៃសេដ្ឋកិច្ចនៅត្រីមាសទី ២ ជាមួយនឹងការសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប ៧% បើទោះបីជាមានការកើនឡើងខ្លាំងនៃករណីឆ្លងកូវីដ១៩ បានគំរាមកំហែងដល់សន្ទុះនៃការងើបឡើងវិញនៅត្រីមាសទី ៣ក៏ដោយ។ ទន្ទឹមនេះ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានព្យាករថា នឹងស្ទុះងើប ៤,៤% នៅឆ្នាំ ២០២១ ដែលគាំទ្រដោយការធ្វើឱ្យប្រសើរឡើងបន្តិចម្តង ៗ នៃតម្រូវការក្នុងស្រុក និងការនាំចេញជាវិជ្ជមានពីស្ថានភាពប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក។ មិនតែប៉ុណ្ណោះ តាមការព្យាករ របស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ីអាចកើនដល់ ៥% នៅឆ្នាំ ២០២២។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីបានក្លាយជាតំបន់ក្ដៅមួយនៃតំបន់អាស៊ីសម្រាប់ការរីករាលដាលនៃជំងឺកូវីដ -១៩ ដោយមានអ្នកឆ្លង និងចំនួនអ្នកស្លាប់ប្រចាំថ្ងៃកើនឡើងខ្ពស់ខ្ពស់ជាងគេ។
ជាក់ស្ដែងនៅថ្ងៃទី១៥ ខែសីហានេះ ករណីឆ្លងថ្មីនៅឥណ្ឌូនេស៊ីមានចំនួនជាង ២ម៉ឺនករណី ដោយនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជិត៤លាននាក់ហើយ និងអ្នកស្លាប់វិញមានជិត១២ម៉ឺននាក់។
ស្របពេលដែលស្ថានភាពកូវីដ១៩ បន្ដរីករាលដាលខ្លាំង រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បានប្រឈមមុខនឹងការរិះគន់ចំពោះការដោះស្រាយការគ្រប់គ្រងបញ្ហាកូវីដ១៩មិនបានល្អផងដែរ៕
អត្ថបទ៖ ស៊ើង និមល់