ការសម្រេចបញ្ឈប់បញ្ជូនពលកររបស់ឥណ្ឌូនេស៊ីនេះ គឺជាឧបសគ្គថ្មីមួយទៀត សម្រាប់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេទី២របស់ពិភពលោក និងជាអ្នកផលិតដ៏សំខាន់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ីកំពុងប្រឈមនឹងការខ្វះខាតកម្មករប្រហែល១លាន២សែននាក់ ហើយបញ្ហាខ្វះខាតកម្លាំងពលកម្មនេះ ត្រូវបានគេមើលឃើញថា អាចនឹងរារាំងការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសម៉ាឡេស៊ីលោក Hermono បានប្រាប់អ្នកសារព័ត៌មានថា ការបញ្ឈប់បញ្ជូនពលករទៅកាន់ម៉ាឡេស៊ីនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរអន្តោប្រវេសន៍របស់ប្រទេសម៉ាឡេស៊ីបានបន្តប្រើប្រព័ន្ធជ្រើសរើសពលករនៅតាមប្រព័ន្ធអ៊ីនធឺណិត ដោយទង្វើនេះគឺអាចបង្កឲ្យមានឱកាសសម្រាប់ការជួញដូរពលកម្មខុសច្បាប់ និងពលកម្មដោយបង្ខំជាដើម។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសម៉ាឡេស៊ី បាននិយាយថាទៀតថា ការចេះតែបន្តប្រើប្រព័ន្ធជ្រើសរើសពលករនៅតាមប្រព័ន្ធអ៊ីនធឺណិត គឺបានបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី កាលពីខែមេសាកន្លងទៅ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការការពារពលករដែលបម្រើការងារនៅតាមផ្ទះរបស់ក្រុមគ្រួសារឯកជននៅប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីធនធានមនុស្សម៉ាឡេស៊ីលោក Saravanan បានបញ្ជាក់ថា លោកបានទទួលលិខិតមួយពីអាជ្ញាធរឥណ្ឌូណេស៊ីដែលបានប្រាប់លោកពីការបញ្ឈប់ការបញ្ជូនពលករនេះ ហើយ លោកនឹងពិភាក្សារឿងនេះជាមួយក្រសួងមហាផ្ទៃដែលគ្រប់គ្រងនាយកដ្ឋានអន្តោប្រវេសន៍។
ក្រុមហ៊ុនម៉ាឡេស៊ីមួយចំនួនបានដាក់ពាក្យស្នើសុំពលករប្រហែល ២ម៉ឺននាក់ ដែលក្នុងនោះចំនួនប្រហែលពាក់កណ្តាលគឺ សម្រាប់ការងារនៅតាមស្រែចម្ការ និងផលិតកម្ម។ នេះបើយោងតាមលោក Hermonoឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសម៉ាឡេស៊ី ។
ប្រទេសម៉ាឡេស៊ីពឹងផ្អែកលើកម្លាំងពលករបរទេសរាប់លាននាក់ ដែលភាគច្រើនមកពីប្រទេសឥណ្ឌូនេស៊ី បង់ក្លាដែស និងនេប៉ាល់ ដើម្បីបំពេញការងារនៅតាមរោងចក្រ និងចម្ការជាប្រភេទការងារដែលពលរដ្ឋម៉ាឡេស៊ីមិនចង់ធ្វើនោះទេ។
ទោះបីជាមានការបន្ធូរបន្ថយការរឹតបន្តឹងកូវីដ១៩ លើការជ្រើសរើសបុគ្គលិកតាំងពីខែកុម្ភៈមកក៏ដោយ ក៏ប៉ុន្តែប្រទេសម៉ាឡេស៊ីនៅតែមិនបានឃើញការវិលត្រឡប់មកវិញរបស់ពលករវិញនៅឡើយទេ ដោយសារមានការយល់ព្រមយឺតយ៉ាវពីរាជរដ្ឋាភិបាល និងកិច្ចពិភាក្សាអូសបន្លាយពេលយូរជាមួយប្រទេសពាក់ព័ន្ធទាំងនេះ ជុំវិញការការពារកម្មករនិយោជិត។
តួយ៉ាង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ទាក់ទងនឹងការប្រព្រឹត្តចំពោះពលករចំណាកស្រុកនៅក្នុងប្រទេសម៉ាឡេស៊ី ជាហេតុធ្វើឱ្យក្រុមហ៊ុនម៉ាឡេស៊ីចំនួន៧ត្រូវបានសហរដ្ឋអាមេរិកហាមឃាត់នាំចេញទំនិញទៅអាមេរិកក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែអ្វីដែលសហរដ្ឋអាមេរិកបានពិពណ៌នាថា ក្រុមហ៊ុនទាំងនោះ មានការប្រើ«ពលកម្មដោយបង្ខំ»៕