គម្រោងទិដ្ឋាការថ្មីដែលអាជ្ញាធរឥណ្ឌូនេស៊ីដាក់ឈ្មោះថា«ផ្ទះទីពីរ»នោះនឹងអនុញ្ញាតឱ្យជនបរទេសអាចស្នាក់នៅលើកោះបាលីបានរយៈពេល ៥ ឆ្នាំ ឬក៏១០ ឆ្នាំ និងអាចធ្វើសកម្មភាពផ្សេងៗបានធម្មតាឱ្យតែពួកគេបំពេញតាមតម្រូវការរបស់អាជ្ញាធរមូលដ្ឋាន។
អ្នកដែលចាប់អារម្មណ៍ចំពោះគម្រោងទិដ្ឋាការថ្មីនេះ គឺត្រូវតែមានប្រាក់យ៉ាងតិចណាស់ ២ ពាន់លានរូពីប្រហែលជិត១៣ម៉ឺនដុល្លារអាមេរិកនៅក្នុងគណនីធនាគាររបស់ពួកគេ និងលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងហោចណាស់ ៣៦ ខែ។
អគ្គនាយកស្តីទីទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ឥណ្ឌូនេស៊ីលោក វីដូដូ អេកាត់ចះចាណា (Widodo Ekatjahjana) បាននិយាយក្នុងអំឡុងពេលចាប់ផ្តើមគម្រោងនេះកាលពីថ្ងៃអង្គារ ទី២៥ ខែតុលាថា គម្រោងនេះ មានគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានច្រើនទៅកាន់កោះបាលី និងគោលដៅផ្សេងៗទៀត។
ការចាប់ផ្ដើមគម្រោងនេះ បានធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នៅមុនពេលឥណ្ឌូនេស៊ីគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការរៀបចំកិច្ចប្រជុំកំពូលរបស់មេដឹកនាំក្រុមប្រទេសជី២០ (G20) នៅពាក់កណ្តាលខែវិច្ឆិកា ដែលនឹងឃើញមានគណៈប្រតិភូរាប់ពាន់នាក់ទៅកាន់កោះបាលី។ ទោះយ៉ាងណា គម្រោងថ្មីនេះនឹងចាប់ផ្ដើមចូលជាធរមាននៅថ្ងៃទី២៥ ខែធ្នូចុងឆ្នាំនេះ។
លោក អេកាត់ចះចាណា Ekatjahjana បានបន្ថែមថា គោលនយោបាយអន្តោប្រវេសន៍នេះគឺជាការលើកទឹកចិត្តមួយមិនមែនសារពើពន្ធ ដែលអាចជាការជំរុញឱ្យជនបរទេសមួយចំនួនស្នាក់នៅ និងរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចឥណ្ឌូនេស៊ី នៅចំពេលស្ថានភាពសេដ្ឋកិច្ចសកលកាន់តែមានថាមពលខ្លាំងឡើងៗ។
កោះបាលីដែលពឹងផ្អែកលើភ្ញៀវទេសចរ គឺស្ថិតនៅក្នុងខេត្តមួយរបស់ប្រទេសឥណ្ឌូនេស៊ីដែលរងគ្រោះខ្លាំងជាងគេបំផុតដោយសារជំងឺរាតត្បាតកូវីដ១៩។ សេដ្ឋកិច្ចរបស់កោះនេះបានធ្លាក់ចុះជាង ៩,៣%ក្នុងឆ្នាំ២០២០ និងធ្លាក់ចុះជិត ២,៥%កាលពីឆ្នាំ២០២១។
ជាមួយការបើកទ្វារឡើងវិញរបស់កោះបាលីនៅចុងឆ្នាំមុន និងកិច្ចប្រជុំកំពូលG20 ធនាគារកណ្តាលឥណ្ឌូនេស៊ីសង្ឃឹមថា សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងកើនឡើងពី ៣,៨% ទៅ ៤,៦%នៅឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ ក៏គម្រោងទិដ្ឋាការថ្មីនេះហាក់ដូចជាមិនទាន់កំណត់លក្ខខណ្ឌច្បាស់លាស់ចំពោះវិស័យទេសចរណ៍នៅកោះបាលីនេះ។
លោក ពូទូ វីណាស្ត្រា (Putu Winastra) ប្រធានផ្នែកទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ឥណ្ឌូនេស៊ីនៅកោះបាលីបានសម្តែងពីភាពមិនច្បាស់លាស់អំពីរបៀប ដែលគោលនយោបាយថ្មីនេះនឹងជួយជំរុញទេសចរណ៍នៅលើកោះនេះ។
លោក វីណាស្ត្រា បានប្រាប់ទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA ថា ទិដ្ឋាការផ្ទះទីពីរនេះ នឹងត្រូវផ្តល់ទៅឱ្យអ្នកដែលស្នាក់នៅកោះបាលីក្នុងរយៈពេលវែង ដូច្នេះហើយជនបទេសបែបនេះនឹងមិនត្រូវការពួកគេទាំងផ្នែកទេសចរណ៍ និងការធ្វើដំណើរកម្សាន្តនោះទេ ព្រោះពួកគេនឹងមិនស្នាក់នៅតាមសណ្ឋាគារនោះឡើយ៕
អត្ថបទ៖ សុខ ជា