កម្ពុជាព្រួយបារម្ភចំពោះកំណើនអំពើហិង្សានៅមីយ៉ាន់ម៉ា!

កិច្ចប្រជុំបន្ទាន់រដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា សម្រេចបានការព្រមព្រៀងគ្នាអ្វីខ្លះ?


អាស៊ានគួរតែដល់ពេលធ្វើសកម្មភាពជាក់ស្តែង ហើយអាស៊ានត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាជាស្នូល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានចេញផ្សាយកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២២ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំបន្ទាន់ រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីបញ្ហាមីយ៉ាន់ម៉ា។ ការលើកឡើងដូចនេះពីប្រធានអាស៊ាន ធ្លាក់ចុះមកស្របពេលដែលកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ ខិតចូលមកក្នុងពេលមិនដល់២សប្តាហ៍ទៀតផង។
កិច្ចប្រជុំបន្ទាន់រដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា សម្រេចបានការព្រមព្រៀងគ្នាអ្វីខ្លះ?

កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកំណើនអំពើហិង្សាក្នុងប្រទេស​មីយ៉ាន់ម៉ា ពិសេសអំពើហិង្សា​ក្នុងពេលថ្មីៗនេះ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសកាន់តែច្រើនឡើង។

ជាក់ស្តែង កាលពីថ្ងៃទី២៣ខែតុលា មនុស្សប្រហែល​៥០នាក់បាត់បង់ជីវិត ខណៈប្រហែល១០០នាក់ទៀតរងរបួសដោយសារ​ការទម្លាក់គ្រាប់បែក​ពីយន្តហោះយោធាមីយ៉ាន់ម៉ា ទៅលើការប្រគំតន្រ្តី​មួយកន្លែង នៅរដ្ឋកាលីន​ភាគខាងជើងមីយ៉ាន់ម៉ា។ ករណីដោយឡែកមួយទៀត ដែលមានមនុស្សយ៉ាងហោចណាស់​៨នាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុង​ពន្ធនាគារ អ៊ុនសេន ដែលមាន​ការយាមកាម​យ៉ាងតឹងរ៉ឹងនៅមីយ៉ាន់ម៉ា។

ក្រៅពីករណីទាំងនេះ អាស៊ានបានកត់សម្គាល់ស្ថានភាពមនុស្សធម៌​នៅទូទាំង​ប្រទេស​មីយ៉ាន់ម៉ា មានសភាព​កាន់តែយ៉ាប់យ៉ឺនជាងមុនទៀត ដែលការណ៍នេះ គឺផ្ទុយទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច​របស់អាស៊ាន។

នៅចំពោះមុខស្ថានការណ៍កាន់តែដុនដាបនៅមីយ៉ាន់ម៉ា ឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពី​មីយ៉ាន់ម៉ា នៅថ្ងៃទី២៧ខែតុលា បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយនៅលេខាធិការដ្ឋានអាស៊ាន ក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សារកដំណោះស្រាយបន្ថែម ពិសេសដើម្បីជំរុញវឌ្ឍនភាព​កិច្ចព្រមព្រៀង​ជាឯកច្ឆន្ទប្រាំចំណុច​របស់​អាស៊ាន ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

ជាលទ្ធផលសេចក្តីថ្លែងការណ៍ក្រោយចប់កិច្ចប្រជុំឱ្យដឹងថា អង្គប្រជុំសស្វែងរកបានអនុសាសន៍គន្លឹះដែលត្រូវដាក់ជូនប្រមុខដឹកនាំអាស៊ាន​ពិចារណា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និង៤១ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងកិច្ចខិតខំប្រែងប្រែង​នាំយក​ស្ថានការណ៍​ប្រសើរឡើងវិញសម្រាប់មីយ៉ាន់ម៉ា។ ទោះយ៉ាងណា គេមិនបានបញ្ជាក់ឡើយថា អនុសាសន៍​គន្លឹះ​ទាំងនេះមានអ្វីខ្លះនោះទេ ខណៈកិច្ចប្រជុំបន្ទាន់​មួយនេះ មិនមានវត្តមានភាគី​មីយ៉ាន់ម៉ាឡើយ សូម្បីតែអ្នកតំណាង ដែលមិនពាក់ព័ន្ធនយោបាយក៏មិនបានចូលរួមដែរ។

ក្រៅពីនោះ កិច្ចប្រជុំបានទទួល​ស្គាល់ថា ភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែមានចំណែក​ក្នុងការបញ្ចប់ ឬធ្វើឱ្យវិបត្តិ​នយោបាយ​បច្ចុប្បន្ន​កាន់តែធ្ងន់ធ្ងរ ដែលបាន បណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសមីយ៉ាន់ម៉ា និងបង្ក ផលប៉ះពាល់យូរអង្វែងដល់សេដ្ឋកិច្ច។

គួរជម្រាបថា ភាគីមីយ៉ាន់ម៉ាមិនថាតែថ្នាក់ដឹកនាំកំពូល ឬកំរិតរដ្ឋមន្ត្រីនោះទេ គឺត្រូវបានផាត់ចេញជាហូរហែក្នុងជំនួបនៃ​ក្របខណ្ឌអាស៊ាន ចាប់តាំងពីឆ្នាំ២០២១ ដែលប្រ៊ុយណេជាប្រធាន រហូតដល់ឆ្នាំ២០២២នេះដែលកម្ពុជា​យើងធ្វើជាប្រធាន ដោយសារតែមិន​មានវឌ្ឍនភាពសោះឡើយ លើអ្វីដែលធ្លាប់បានឯកភាពគ្នា​ជាមួយអាស៊ាន ហើយផ្ទុយ​ទៅវិញស្ថានការណ៍រិតតែទុំជោរថែមទៀត។

យ៉ាងណាក៏ដោយ ប្រធានប្តូរវេនអាស៊ានគឺ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងកន្លងមកជារឿយៗហើយថា កម្ពុជានឹងធ្វើអ្វីៗគ្រប់យ៉ាង​តាមលទ្ធភាព ព្យាយាមសម្របសម្រួល និងនាំយកមីយ៉ាន់ម៉ាត្រឡប់មក​រកស្ថានភាពល្អប្រសើរវិញ ដោយហេតុថា អាស៊ានមិនអាចមានតែ៩ប្រទេសបានឡើយ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល​អាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើង ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២​ខាងមុខនេះនៅរាជធានីភ្នំពេញ៕




អត្ថបទបន្ទាប់


តម្លៃក្រុមហ៊ុន Meta ធ្លាក់ចុះជាង ៦៥ពាន់លានដុល្លារ ប៉ុន្ដែមេក្រុមហ៊ុនប្រាប់ឱ្យអត់ធ្មត់ និងបន្តក្តីសង្ឃឹមលើគម្រោង Metaverse

ព័ត៌មាន
តាមកាសែត The Financial Times បានឲ្យឹងថា តម្លៃរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះជាង ៦៥ពាន់លានដុល្លារនៅក្នុងទីផ្សារ កាលពីថ្ងៃទី២៦ ខែតុលា …

ឥណ្ឌូនេស៊ីនឹងផ្ដល់ទិដ្ឋាការថ្មី អនុញ្ញាតឱ្យជនបរទេសអាចរស់នៅលើកោះបាលីបានដល់ ១០ ឆ្នាំ

ព័ត៌មាន
ប្រសិនបើមានជនបរទេសណាចង់យកកោះបាលីធ្វើជាផ្ទះទី២របស់ពួកគេនោះ ឥឡូវនេះពួកគេអាចធ្វើបែបនោះបានហើយ នៅក្រោមគោលនយោបាយផ្ដល់ទិដ្ឋាការថ្មី ដែលរដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ