ក្រសួងច្បាប់ និងសិទ្ធិមនុស្សរបស់ឥណ្ឌូនេស៊ីបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី០៣ខែកញ្ញាថា ឥណ្ឌូនេស៊ីកំពុងដាក់ចេញនូវគម្រោងផ្ដល់ទិដ្ឋាការមាស ដើម្បីទាក់ទាញបុគ្គល និងវិនិយោគិនសាជីវកម្មបរទេសក្នុងបំណងជំរុញបង្កើនសេដ្ឋកិច្ចជាតិរបស់ប្រទេសឥណ្ឌូនេស៊ី។
អគ្គនាយកអន្តោប្រវេសន៍ឥណ្ឌូនេស៊ីលោក ស៊ីលមី ការីម (Silmy Karim) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នេះថា «ទិដ្ឋាការមាសនេះនឹងផ្តល់បណ្ណស្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីពី ៥ ទៅដល់ ១០ឆ្នាំ »។ ប៉ុន្តែលុះត្រាតែ វិនិយោគិនបរទេសបានបំពេញតាមលក្ខខណ្ឌមួយចំនួន ទើបពួកគេអាចទទួលបានទិដ្ឋាការមាសនេះ។
ដើម្បីទទួលបានទិដ្ឋាការរយៈពេល៥ឆ្នាំ គឺក្រុមវិនិយោគិនបរទេស ត្រូវបង្កើតក្រុមហ៊ុនមួយដែលមានតម្លៃជាង ២,៥លានដុល្លារ ខណៈដែលទិដ្ឋាការរយៈពេល១០ឆ្នាំវិញ គឺតម្រូវឱ្យមានការវិនិយោគចាប់ពីទឹកប្រាក់ចំនួន ៥លានដុល្លារឡើងទៅ។
ប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោករួមទាំងសហរដ្ឋអាមេរិក អៀរឡង់ នូវែលសេឡង់ និងអេ ស្ប៉ាញផងដែរ បានបង្កើតទិដ្ឋាការមាស សម្រាប់អ្នកវិនិយោគស្រដៀងគ្នា នឹងប្រទេសឥណ្ឌូនេស៊ីដែរ ក្នុងបំណងស្វែងរកការទាក់ទាញមូលធន និងក្រុមសហគ្រិនឲ្យមករកស៊ី និងស្នាក់នៅក្នុងប្រទេសខ្លួន។
ទន្ទឹមនឹងនេះ វិនិយោគិនសាជីវកម្មត្រូវបណ្ដាក់ទុនវិនិយោគចំនួន ២៥លានដុល្លារ ដើម្បីទទួលបានទិដ្ឋាការរយៈពេល៥ឆ្នាំ សម្រាប់អ្នកដែលមានតំណែងជានាយក និងស្នងការពាណិជ្ជកម្ម ហើយពួកគេត្រូវធ្វើការវិនិយោគឱ្យបានទ្វេដង ឬចំនួន ៥០លានដុល្លារ ដើម្បីទទួលបានទិដ្ឋាការរយៈពេល១០ឆ្នាំ។
បទប្បញ្ញត្តិផ្សេងៗគ្នាក៏ត្រូវបានអនុវត្តផងដែរចំពោះវិនិយោគិនបរទេសណា ដែលមិនចង់បង្កើតក្រុមហ៊ុននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយពួកគេគ្រាន់តែចំណាយមូលនិធិចាប់ពី៣៥ម៉ឺន ទៅ៧០ម៉ឺនដុល្លារ ដើម្បីទិញមូលបត្របំណុលរដ្ឋាភិបាលឥណ្ឌូនេស៊ីក៏បានដែរ។
លោក ស៊ីមី ខារីម បាននិយាយថា នៅពេលធ្វើដំណើរដល់ដល់ប្រទេសឥណ្ឌូនេស៊ី អ្នកដែលកាន់ទិដ្ឋាការមាសរបស់ឥណ្ឌូនេស៊ី គឺលែងត្រូវការស្នើសុំការអនុញ្ញាតចូលក្នុងប្រទេសនេះតទៀតហើយ៕
អត្ថបទ៖ សុខ ជា