ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងពេញទំហឹងចំពោះឥណ្ឌូនេស៊ី ដែលនឹងមកដល់នាពេលខាងមុខ ដើម្បីពិភាក្សាក្នុងកិច្ចការវិនិយោគ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ អ្នកជំនាញក្នុងវិស័យស្រូវអង្ករនៅកម្ពុជាបានបង្ហាញការសាទរយ៉ាងខ្លាំង និងបង្ហាញក្ដីរំពឹងថា វិស័យស្រូវអង្ករនៅកម្ពុជា នឹងកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ប្រសិនបើមានការវិនិយោគលើការកែច្នៃស្រូវអង្ករបន្ថែម។
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ដែលជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។ បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កិច្ចសន្ទនាក៏បានផ្ដោតទៅលើ ការយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខស្បៀង ដែលក្នុងនោះ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាក់នៅបំណងក្នុងការនាំអង្ករចេញពីកម្ពុជា ហើយនៅពេលដែលខ្លីខាងមុខនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានសុំការអនុញ្ញាតពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះ ផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោហ៊ុនសែន ក៏បានមានប្រសាសន៍ថា កម្ពុជានឹងស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ី ដែលនឹងមកកម្ពុជានៅពេលខាងមុខ ក្នុងការពិភាក្សាលើការនាំអង្ករចេញពីកម្ពុជា។ ស្របពេលជាមួយគ្នានោះ សម្ដេចក៏បានលើកឡើងអំពីលទ្ធភាព ដែលអ្នកវិនិយោគឥណ្ឌូនេស៊ី អាចដាក់ទុន ១០០% នៅកម្ពុជាលើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ។
ជុំវិញបំណងនៃការវិនិយោគក្នុងវិស័យស្រូវអង្ករនេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា យល់ឃើញថា ការចង់វិនិយោគបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ក៏ដូចជា ចង់នាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ី សុទ្ធតែផ្ដល់ផលវិជ្ជមានសម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា។ សម្រាប់លោក លន់ យ៉េង បើកម្ពុជាអាចនាំចេញអង្ករទៅទីផ្សារឥណ្ឌូនេស៊ីបន្ថែម មិនត្រឹមធ្វើឲ្យស្រូវអង្ករនៅកម្ពុជាកាន់តែប្រសើរឡើងនោះទេ តែក៏នឹងធ្វើឲ្យតម្លៃអង្ករកម្ពុជាកាន់តែខ្ពស់ និងផ្ដល់ផលចំណេញកាន់តែច្រើនសម្រាប់កសិករ។
សូមបញ្ជាក់ថា នារយៈពេលចុងក្រោយនេះ តម្លៃស្រូវនៅកម្ពុជា ហាក់ចាប់ផ្ដើមបង្ហាញនូវសញ្ញាណវិជ្ជមាន និងមានតម្លៃកាន់តែប្រសើរគួរឲ្យកត់សម្គាល់ ជាពិសេសស្របពេលដែលពិភពលោកបាននិងកំពុងមានតម្រូវការស្បៀងអាហារកាន់តែច្រើន។ ជាក់ស្ដែង បច្ចុប្បន្ន តម្លៃស្រូវនៅកម្ពុជា កំពុងហក់ឡើងជាបន្តបន្ទាប់ មិនធ្លាប់មានពីមុនមក ដោយតម្លៃស្រូវជាមធ្យមអាចលក់បានក្នុងតម្លៃចន្លោះពី ១ ១០០រៀល ទៅ ១ ៣០០រៀល ក្នុង១គីឡូក្រាម។ ទន្ទឹមនឹង តម្លៃស្រូវនៅកម្ពុជាកើនឡើង ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក៏មានស្ថានភាពល្អប្រសើរ ផងដែរ ពោលនៅរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបានការនាំចេញអង្កជាង ៥០% នៃផែនការ ៧០ម៉ឺនតោន ដែលស្មើនឹងជាង ៣៦ម៉ឺនតោន គិតជាទឹកប្រាក់សរុបមានជាង ២៥០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕