មកទល់នឹងពេលនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោកចូកូ វីដូដូ ហាក់មិនបានផ្លាស់ប្តូរការសម្រេចចិត្តរបស់លោកនោះទេ ទោះបីពលរដ្ឋកាន់តែច្រើនបន្តធ្វើបាតុកម្ម ដែលគំរាមកំហែងដល់ប្រជាប្រិយភាពនយោបាយរបស់លោកក្តី។
នៅក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋបាលតាមតំបន់ លោកចូកូ វីដូដូ បានបញ្ជាឱ្យតំបន់នីមួយៗ ប្រើប្រាស់ថវិកាដែលមាន ផ្តល់ជំនួយសាច់ប្រាក់ដល់អាជីវកម្មខ្នាតតូច និងជួយដល់ការឡើងថ្លៃ ម្ហូបអាហារ និងការដឹកជញ្ជូន តាមតំបន់រៀងៗខ្លួន។ លោក វីដូដូ បានបញ្ជាក់ថា ការផ្តល់ជំនួយលើកនេះ គឺបន្ថែមពីលើរបបដែលក្រសួងហិរញ្ញវត្ថុ បានផ្តល់សាច់ប្រាក់ទៅកាន់គ្រួសារក្រីក្រ និង កម្មករមានចំណូលទាប។ ប្រធានាធិបតីរូបនេះ ជឿជាក់ប្រសិនបើតំបន់ទាំងនេះ អាចធ្វើបានអ្វីដែលលោកណែនាំ នោះគេនឹងអាចទប់អតិផរណាបាន។
ទោះយ៉ាងណា នេះមិនមែនជាអ្វីដែលពលរដ្ឋ ពិសេសគឺក្រុមបាតុករចង់បាននោះទេ។ ចាប់តាំងពីថ្ងៃទី៣ខែកញ្ញា ជាគ្រាដែលរដ្ឋចាប់ផ្តើមដំឡើងថ្លៃប្រេងដំបូង ចលនាបាតុកម្មផ្តើមចេញតាមផ្លូវការតែច្រើនទូទាំងប្រទេស និងស្ទើរតែរាល់ថ្ងៃទៅហើយ។ បាតុករថែមទាំងបានសន្យា បន្តធ្វើបាតុកម្មអហិង្សា រហូតដល់រដ្ឋាភិបាលក្រុងចាកាតា ព្រមផ្លាស់ប្តូរការសម្រេចចិត្ត មកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ឥន្ធនៈឡើងវិញ ដើម្បីបញ្ចុះតម្លៃ។
យ៉ាងណាមិញ ដោយការប្រឈមមុខដាក់គ្នាច្រើនថ្ងៃរវាងបាតុករ និងកងសន្តិសុខ ចលនាបាតុកម្មនៅតំបន់ខ្លះបានប្រែក្លាយជាហិង្សា រួមមានការបិទផ្លូវ និងការដុតកង់ឡានជាដើម។
មុនមកដល់ដំណាក់កាលនេះ អតិផរណានៅឥណ្ឌូណេស៊ីមានភាពធូរស្រាលជាងប្រទេសនានា បើទោះបីជាតម្លៃថាមពល និងអាហារកើនឡើងទូទាំងពិភពលោកដោយសារតែការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនក៏ដោយ។ នេះក៏ដោយសារតែគោលនយោបាយឧបត្ថម្ភធនប្រេងឥន្ធនៈ ដែលបានរក្សាតម្លៃប្រេងឥន្ធនៈលក់រាយក្នុងស្រុកភាគច្រើន ឱ្យនៅថេរអស់រយៈពេលជាច្រើនខែមកហើយ។ អតិផរណានៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដល់ជិត៥% កាលពីខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត៧ឆ្នាំចុងក្រោយ។ ទោះយ៉ាងណា ដោយសារតែតម្លៃប្រេងសកលកើនខ្ពស់ពេក ធ្វើឱ្យក្រុងហ្សាកាតា មិនមានលទ្ធភាពអាចទ្រាំទ្រ ផ្តល់ប្រាក់ឧបត្ថម្ភធនបន្តទៀតបាន ទើបសម្រេចចិត្តបញ្ឈប់គោលនយោបាយនេះ។
ក្រោយបញ្ចប់គោលនយោបាយឧបត្ថម្ភធនខាងលើ តម្លៃប្រេងបានហក់ឡើង៣០%ចាប់តាំងពីដើមខែកញ្ញា ធ្វើឱ្យសាំងធម្មតាមានតម្លៃ ១០ ០០០ រូភា ឬស្មើនឹងប្រមាណ ២៨០០រៀល ខណៈប្រេងម៉ាស៊ូតមានតម្លៃ ៦៨០០រូភា ឬស្មើនឹងជិត ២០០០រៀល។
គួរជម្រាបថា ការដំឡើងថ្លៃប្រេងឥន្ធនៈនៅតែជាប្រធានបទរសើបខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ អតីតរដ្ឋសមាជិកអង្គការ OPEC មួយនេះ ជាអ្នកនាំចូលប្រេងដ៏ធំមួយចាប់តាំងពីទសវត្សរ៍ឆ្នាំ ២០០០មក។ ការឡើងថ្លៃប្រេងនាពេលថ្មីនេះ នាំឱ្យមានការតវ៉ាកាន់តែដ៏ធំ និងចលាចលក្នុងសង្គម ហើយធ្វើឱ្យគេនឹកភ្នកដល់កុបកម្មកាលពីឆ្នាំ១៩៩៨ ដែលនាំទៅដល់ការដួលរលំនៃការគ្រប់គ្រងរយៈពេល៣០ឆ្នាំរបស់ប្រធានាធិបតីស៊ូហាតូ។
ចំណែក លោកចូកូ វីដូដូ ដែលជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០១៤ គឺសំដៅចូលខ្លួនមកកសាងហេដ្ឋារចនាសម្ព័ន្ធប្រទេស តាមរយៈកាត់បន្ថយការឧបត្ថម្ភធនលើវិស័យថាមពល និងជួយជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៨នៅគ្រាដែលតម្លៃប្រេងសកលកើនឡើង ប្រធានាធិបតីរូបនេះបានផ្តើមចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភធនឡើងវិញលើថាមពល ដើម្បីបញ្ជៀសអតិផរណា និងចលាចលសង្គម ដូចធ្លាប់កើតឡើងពីមុន។
ហេតុនេះហើយទើបអ្នកតាមដានព្រឹត្តិការណ៍សង្គមនៅឥណ្ឌូនេស៊ីមួយចំនួន បានដាក់ការងឿងឆ្ងល់ថា ការសម្រេចចិត្តរបស់លោកវីដូដូនៅពេលនេះ ជាការប្រថុយប្រថាននឹងជោគវាសនានយោបាយ ជាប្រធានាធិបតីរបស់លោក តាមរយៈការធ្វើឱ្យប៉ះពាល់ដល់ឱកាសឈ្នះឆ្នោតរបស់គណបក្សតស៊ូដើម្បីប្រជាធិបតេយ្យឥណ្ឌូនេស៊ី (PDI-P) នៅដើមឆ្នាំ២០២៤ខាងមុខ ដែរឬយ៉ាងណា។
ឆ្លើយតបនឹងចំងល់នេះ ប្រធានាធិបតីវីដូដូបានឆ្លើយនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNBC Indonesia ថា៖ «សម្រាប់សេដ្ឋកិច្ចជាតិវាជារឿងចាំបាច់ តែសម្រាប់រូបលោកផ្ទាល់វាគ្មានអ្វីត្រូវខាតបង់ទេ ព្រោះលោកមិនអាចឈរឈ្មោះជាបេក្ខជនប្រកួតប្រជែងតំណែងប្រធានាធិបតីទៀតបានឡើយ»។
សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញឥណ្ឌូនេស៊ីបានចែង មិនឱ្យប្រធានាធិបតីមួយរូបអាចបន្តឈរឈ្មោះ នឹងដឹកនាំប្រទេសលើសពី ពីរអាណត្តិនោះទេ។ ប៉ុន្តែចូរកុំភ្លេចថា កូនប្រុសរបស់លោកវីដូដូ ដែលបច្ចុប្បន្នជាអភិបាលក្រុង និងកូនប្រសារបស់លោកក៏ជាសមាជិកនៃបក្សកាន់អំណាចដែរ។ ដូចនេះអ្នកសង្កេតព្រឹត្តិការណ៍សង្គមនៅឥណ្ឌូនេស៊ី យល់ឃើញថាការឡើងថ្លៃឥន្ធនៈនៅពេលនេះនឹងក្លាយជា ការធ្វើអត្តឃាតនយោបាយ របស់បក្សកាន់អំណាច តស៊ូដើម្បីប្រជាធិបតេយ្យឥណ្ឌូនេស៊ី និងកូនៗរបស់លោកក៏ថាបាន៕