ផ្អែកលើរបាយការណ៍ពីការិយាល័យកិច្ចការពាណិជ្ជកម្មនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បទប្បញ្ញត្តិស្តីពី ទំនិញត្រូវបានហាមនាំចូល ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា មានគោលដៅចម្បង គឺដើម្បីការពារកសិករ និងឧស្សាហកម្មក្នុងស្រុក។ វិធានការដែលគ្របដណ្ដប់លើទំនិញចំនួន១២ប្រភេទនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាពិសេសការនាំចេញស្ករស អង្ករ ម៉ាស៊ីនត្រជាក់ និងទូរទឹកកក ដែលថៃ ធ្លាប់នាំចេញទៅកាន់ប្រទេសនេះយ៉ាងច្រើនសន្ធឹមសន្ធាប់តែម្តង។
របាយការណ៍ខាងលើបានបង្ហាញថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២៥ ប្រទេសថៃ បាននាំចេញស្ករសទៅកាន់ប្រទេសឥណ្ឌូនេស៊ី មានតម្លៃរហូតដល់ជាង៧២៥លានដុល្លារអាម៉េរិក និងបាននាំចេញអង្ករទៅកាន់ប្រទេសនេះរហូតដល់ជាង១,៣លានតោន ដែលធ្វើឱ្យការហាមនាំចូលរបស់ឥណ្ឌូនេស៊ីនេះបានក្លាយជាកង្វល់ដ៏ធំរបស់អ្នកនាំចេញថៃ។ គិតត្រឹមឆ្នាំ២០២៥ ឥណ្ឌូនេស៊ី មានស្តុកអង្ករប្រហែល៣,៥លានតោន ដែលគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក។
ទោះជាយ៉ាងណាក៏ដោយបើតាមសមាគមម៉ាស៊ីនត្រជាក់ និងទូរទឹកកករបស់ថៃ ចំពោះការហាមឃាត់ការនាំចូលធាតុត្រជាក់មួយចំនួនរបស់ឥណ្ឌូនេស៊ី ទំនងជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ថៃ នោះទេ ព្រោះសារធាតុទាំងនោះត្រូវបានហាមឃាត់ផលិត និងលក់នៅក្នុងប្រទេសថៃរួចទៅហើយ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីនេះ កំពុងបង្ខំឱ្យអ្នកនាំចេញថៃ ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ និងស្វែងរកទីផ្សារថ្មីៗបន្ថែម ដើម្បីបង្ការហានិភ័យសេដ្ឋកិច្ច៕
អត្ថបទៈ សួន ឡង់ទី