អតិផរណាប្រទេសឡាវ

អតិផរណានៅឡាវកើនដល់ ៣៤% កាលពីខែកញ្ញា ជាអត្រាខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំមកនេះ


ការិយាល័យស្ថិតិរបស់ឡាវបានបង្ហាញថា អត្រាអតិផរណារបស់ប្រទេសឡាវបានកើនឡើងដល់ទៅ ៣៤% កាលពីខែកញ្ញា ពោលគឺបានកើនឡើង ៤%បន្ថែមទៀត ពីកម្រិត៣០% ដែលមានកាលពីខែសីហា។ អត្រាអតិផរណាឡើងខ្ពស់មិនគួរឱ្យជឿនេះបានបណ្តាលឱ្យមានការកើនឡើងមុខទំនិញសព្វសារពើដូចជាតម្លៃម្ហូបអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងរបស់របរចាំបាច់ផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយរបស់កាសែតឡាវថ្មីៗនេះ។ តើកត្តាអ្វីខ្លះជំរុញឲ្យអតិផរណានៅប្រទេសឡាវហក់ឡើងខ្ពស់យ៉ាងដូច្នេះ?
អតិផរណានៅឡាវកើនដល់ ៣៤% កាលពីខែកញ្ញា
ដោយ

ការិយាល័យស្ថិតិរបស់ប្រទេសឡាវបានចាត់ទុកការឡើងតម្លៃទំនិញមួយផ្នែក គឺដោយសារតែការពឹងផ្អែកខ្ពស់លើការនាំចូលបើប្រៀបធៀបទៅនឹងផលិតភាពផ្ទាល់របស់ប្រទេសនេះ ហើយការកើតឡើងនូវគ្រោះធម្មជាតិព្យុះត្រូពិចម្តងហើយម្តងទៀតដែលបង្កការបំផ្លិចបំផ្លាញដំណាំ និងកសិដ្ឋាននៅទូទាំងប្រទេសក្នុងឆ្នាំនេះ ក៏ជាបញ្ហាមួយបន្ថែមទៀតសម្រាប់សេដ្ឋកិច្ចឡាវផងដែរ។

កាលពីខែកញ្ញាតម្លៃអង្ករប្រចាំឆ្នាំក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះបានកើនឡើងបន្ថែមជាង ៤៥% តម្លៃសាច់ជ្រូកកើនឡើងជាង ៣៥% បើធៀបនឹងឆ្នាំមុន រីឯតម្លៃសាច់មាន់វិញបានកើនឡើងជាង ៣២% ហើយតម្លៃត្រីនិងអាហារសមុទ្របានកើនឡើងប្រមាណជិត៣០% ចំណែកឯ តម្លៃស៊ុត ឈីស និងទឹកដោះគោក៏បានកើនឡើងប្រមាណ ៣៦% ផងដែរ។

លើសពីនេះទៅទៀតការចំណាយលើទូរគមនាគមន៍ និងការដឹកជញ្ជូនបានកើនឡើងប្រហែល៣%បើធៀបនឹងមួយខែមុន ប៉ុន្តែវាបានកើនឡើងប្រមាណ ៥៦%ឯណោះ បើធៀបនឹងមួយឆ្នាំមុន។ ជាពិសេស តម្លៃយានយន្តបានកើនឡើង ៥៦% តម្លៃប្រេងឥន្ធនៈកើនឡើងជាង ១០០% និងតម្លៃឧបករណ៍សម្រាប់ការដឹកជញ្ជូនកើនឡើង៦៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រៅពីនេះ តម្លៃនៃការថែទាំសុខភាព និងថ្នាំពេទ្យ ការអប់រំ សណ្ឋាគារ និងភោជនីយដ្ឋាន ទំនិញ និងសេវាកម្ម សុទ្ធតែបានកើនឡើងខ្ពស់ដូចគ្នាដែរ។

យ៉ាងណាមិញ កត្តាមួយចំនួនដូចជាជំងឺរាតត្បាតកូវីដ១៩ ជម្លោះរុស្ស៊ីនិងអ៊ុយក្រែន និងបំណុលសាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសឡាវបានរួមចំណែកដល់ការធ្វើឱ្យអតិផរណាកើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ២២ ឆ្នាំមកនេះ។

យោងតាមរបាយការណ៍ថ្មីៗនេះរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា តម្លៃប្រាក់គីបរបស់ឡាវបានធ្លាក់ចុះជាង ៣៧% បើធៀបនឹងប្រាក់ដុល្លារអាមេរិក និងធ្លាក់ចុះប្រមាណ ៣៣% បើធៀបនឹងប្រាក់បាតថៃ គិតនៅចន្លោះខែមករាដល់ខែសីហា។

រដ្ឋាភិបាលឡាវបានព្យាយាមតាមដាន និងគ្រប់គ្រងអត្រាប្តូរប្រាក់យ៉ាងល្អិតល្អន់ ប៉ុន្តែទោះជាយ៉ាងណាតម្លៃប្រាក់គីបរបស់ឡាវនៅតែបន្តធ្លាក់ចុះជាដដែលបើទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងល្អបំផុតបែបនោះក៏ដោយ។

បើតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោកនៅក្នុងខែតុលា ឆ្នាំ២០២២ បានបង្ហាញថា សេដ្ឋកិច្ចប្រទេសឡាវនៅឆ្នាំនេះ ២០២២ នឹងមានកំណើនសេដ្ឋកិច្ចយឺតជាងអ្វីដែលបានរំពឹងទុកពីមុនទៅទៀត ពោលគឺ ធនាគារពិភពលោកព្យាករថា នៅឆ្នាំ២០២២ សេដ្ឋកិច្ចឡាវនឹងកើនត្រឹមតែ២,៥%ប៉ុណ្ណោះ ខណៈដែលការព្យាករពីមុនថា នឹងមានដល់៣,៨%។ ប៉ុន្ដែ នៅឆ្នាំ២០២៣ សេដ្ឋកិច្ចប្រទេសនេះ ត្រូវបានបង្កើនការព្យាករដល់ ៣,៨%ឡើងវិញ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ភូមិកីឡដ្ឋាន វើលប្រ៊ីដ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការប្រកួតកីឡាស៊ីហ្គេមនឹងបញ្ចប់ការរៀបចំនៅដើមឆ្នាំក្រោយ

ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើឲ្យការៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា…

ខណៈទឹកជិតដល់ច្រមុះ អាល្លឺម៉ង់ប្រាប់អឺរ៉ុបឱ្យរួបរួមគ្នាដោះស្រាយបញ្ហាថាមពលក្រោយសមាជិកខ្លះបង្ហាញពីការខ្វែងគំនិត

នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអឺរ៉ុបចូលមកដល់ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កុល (Olaf Scholz) កាលពីថ្ងៃទី១១តុលាបាននិយាយថា ប្រទេសអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ