យោងតាមទស្សនាវដ្ដី The Financial Times ពានរង្វាន់មេធាវីដែលមាននវានុវត្តន៍ប្រចាំអាស៊ីប៉ាស៊ីហ្វិកនេះ គឺជាការទទួលស្គាល់ថា ជ័យលាភីជាមេធាវីដែលមានគំនិតច្នៃបង្កើតថ្មី (នវានុវត្តន៍) នៅក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន។
ឯកឧត្តម សុក ស៊ីផាន់ណា មានអាជីពជាច្រើន ដូចជា ជាប្រធានក្រុមហ៊ុន Sok Siphana & Associates ជាក្រុមហ៊ុនមេធាវីឯកជន ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្លាប់បម្រើការងារនៅក្នុងអង្គការអភិវឌ្ឍន៍អន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ និងវិស័យឯកជន ផងដែរ។
ឯកឧត្តម សុក ស៊ីផាន់ណា បានជួយចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងស្ដារសង្គមកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសអាស៊ានមួយនេះឆ្លងកាត់សង្គ្រាមនិងជម្លោះផ្ទៃក្នុងជាង ២ទសវត្ស ដែលបានបណ្ដាលឲ្យរូបឯកឧត្ដមក្លាយជាជនភៀសខ្លួន។
ឯកឧត្តម សុក ស៊ីផាន់ណា ទទួលការអប់រំនិងសញ្ញាបត្រច្បាប់នៅសហរដ្ឋអាមេរិក និងអូស្ត្រាលី ប៉ុន្តែ បានវិលត្រលប់មកមាតុភូមិវិញនៅពេលសង្គ្រាមស៊ីវិលនៅកម្ពុជាបានបញ្ចប់។
នៅឆ្នាំ១៩៩៩ ឯកឧត្ដមបានក្លាយជាដឹកនាំក្រុមការងារជួយកម្ពុជាឲ្យទទួលបានសមាជិកភាពនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក WTO។ ឯកឧត្តមក៏បានជួយអភិវឌ្ឍប្រព័ន្ធច្បាប់របស់ប្រទេសកម្ពុជា ដោយចងក្រងច្បាប់និងបទប្បញ្ញត្តិនានា និងបានក្លាយជាអគ្គលេខាធិការដំបូងបង្អស់នៃគណៈមេធាវីកម្ពុជា។
ឯកឧត្តម សុក ស៊ីផាន់ណា ក៏ត្រូវបានមើលឃើញថា ជាបុគ្គលដែលតែងតែជំរុញលើកទឹកចិត្តយុវជនខ្មែរ និងពង្រឹងអំណាចសហគ្រិនស្ត្រីកម្ពុជា ផងដែរ៕