គន្លឹះជោគជ័យ

គោលការណ៍​ទាំង​១០​ដើម្បីភាព​​ជោគជ័យ​របស់​​លោក ជែក ម៉ា


លោក​ ជែក ម៉ា បាន​ចាប់​ផ្តើម​អាជីវកម្ម​របស់​លោក​ដោយ​មាន​ទឹក​ប្រាក់​តែ​២​ម៉ឺន​ដុល្លារ​ ដែល​បាន​មក​ពី​ប្រពន្ធ​និង​មិត្ត​ភក្តិ​ខ្លះ តែ​ពេល​នេះ​លោក​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ជាង ៣០​ពាន់​លាន​ដុល្លារ។ លោក​គឺ​ជា​ជន​ជាតិ​ចិន​ដី​គោក​ទី​មួយ​ដែល​ទស្សនាវដ្តី ចាត់​ទុក​ជា​កំពូល​សហគ្រិន​ម្នាក់ និង​ជា​មហា​សេដ្ឋី​ដែល​មាន​ជាង​គេ​លេខ​រៀង​ទី​១៨​នៅ​ក្នុង​លោក។
គោលការណ៍​ជោគជ័យ ១០​យ៉ាង របស់​មហាសេដ្ឋី​ចិន ជែក ម៉ា
ដោយ

លោក​គឺ​ជាអ្នក​បង្កើត​ក្រុមហ៊ុន​ទិញ​លក់​ទំនិញ​តាម​អនឡាញ​ឈ្មោះ អាលីបាបា (Alibaba)។ ខាង​ក្រោម​នេះ​គឺ​ជា​គោលការណ៍​ជោគជ័យ​ទាំង​១០​យ៉ាង របស់​លោក ជែក ម៉ា៖

១. ត្រៀម​ទម្លាប់​ឲ្យ​ហើយ​ជាមួយ​នឹង​ការ​ត្រូវ​គេ​បដិសេធ 

លោក ជែក ម៉ា ធ្លាប់​សម្ភាស​ការងារ​ធ្លាក់​ចំនួន​៣០​ដង សូម្បី​តែ​សម្ភាស​ជាមួយ​ក្រុមហ៊ុន KFC ដែល​មាន​បេក្ខជន​សម្ភាស​ចំនួន ២៤​នាក់ ហើយ​ជាប់​២៣​នាក់ តែ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​ធ្លាក់។ 

លោក​ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​រៀន​នៅ​សាកល​វិទ្យាល័យ​ Harvard ហើយ​ត្រូវ​គេ​បដិសេធ​ចំនួន​១០​ដង​ផង​ដែរ អ៊ីចឹង​ហើយ ទើប​ធ្វើ​ឲ្យ​គាត់​បាន​ស៊ាំ​រួច​ទៅ​ហើយ​នឹង​ពាក្យ​បដិសេធ។ គាត់​ថា នៅ​ពេល​ដែល​យើង​ត្រូវ​បាន​គេ​​បដិសេធ​ វា​ជា​កត្តា​ជំរុញ​ចិត្ត​មួយ​ឲ្យ​យើង​ខំ​ប្រឹង តែ​មិន​ត្រូវ​ដួល​ដាច់​ខាត។

២. ធ្វើ​យ៉ាង​ម៉េច​រក្សា​សុបិន​របស់​អ្នក​ឲ្យ​រស់​ជានិច្ច 

គាត់​បាន​បញ្ជាក់​ថា កូន​សោ​សម្ងាត់​ដើម្បី​ទៅ​រក​ភាព​ជោគជ័យ​នោះ គឺ​ធ្វើ​យ៉ាង​ម៉េច​រក្សា​សុបិន​របស់​អ្នក​ឲ្យ​រស់​ជានិច្ច ព្រោះ​ថា ថ្ងៃ​ណា​មួយ​អ្នក​អាច​ពើប​ប្រទះ​វា។

៣. ត្រូវ​​ផ្តោត​​សំខាន់​​ទៅ​​លើ​​វប្បធម៌ 

កត្តា​ជោគជ័យ​មួយ​របស់ អាលីបាបា គឺ​យើង​មាន​វប្បធម៌​របស់​យើង។ ពួក​យើង​មាន​គុណ​តម្លៃ បេសក​កម្ម ជា​ពិសេស គឺ​វប្បធម៌​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ជាង​គិត​តែ​អំពី​លុយ។

៤. កុំ​គិត​ពី​ការ​ទិះតៀន​បែប​បន្តុះ​បង្អាប់​បន្ទាប​បន្ថោក​មក​លើ​យើង 

នៅ​ពេល​ដែល​លោក​ចាប់​ផ្តើម អាលីបាបា ដំបូង ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ អាលីផេយ៍ (Alipay) មនុស្ស​ជា​ច្រើន​គិត​ថា ជា​គំនិត​ឆ្កួត​លេលា​មួយ ប៉ុន្តែ លោក​មិន​ខ្វល់ លោក​ថា ដរាប​ណា មាន​មនុស្ស​ប្រើ​វា គឺ​គេ​នឹង​ដឹង​ស​ខ្មៅ​ហើយ។ មក​ដល់​ពេល​នេះ មាន​មនុស្ស​ជាង ៨០០​លាន​នាក់​ដែល​រាប់​ទាំង​អ្នក​ធ្លាប់​ទិះតៀន​លោក​ដែរ កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ អាលីផេយ៍។

៥. ចាំបាច់​ត្រូវ​មាន​ការ​លើក​ទឹក​ចិត្ត​ជាប់​ជានិច្ច 

លោក​ថា លោក​ចូល​ចិត្ត​មើល​កុន ហើយ​រៀន​ជា​ច្រើន​ពី​កុន។ លោក​តែងតែ​មើល​កុន​ដែល​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​ធ្វើ​អ្វី​មួយ។ សូម្បី​របៀប​លោក​និយាយ និង​ថ្លែង​សុន្ទរកថា​ក៏​លោក​រៀន​ពី​កុន​ដែរ។

៦. រក្សា​ការ​ផ្ចិត​ផ្ចង់​ការ​ផ្តោត​គំនិត​របស់​យើង​ជាប់​ជានិច្ច 

នៅ​ពេល​ដែល​ទើប​ចាប់​ផ្តើម​ថ្មីៗ លោក​ថា មាន​មនុស្ស​ជា​ច្រើន​បាន​មក​ណែនាំ​ឲ្យ​លោក​ធ្វើ​នេះ​ធ្វើ​នោះ ដោយ​ប្រាប់​ថា បាន​ចំណេញ​ច្រើន បាន​ប្រាក់​ច្រើន តែ​លោក​បាន​ប្រាប់​ទៅ​ពួក​គេ​វិញ​ថា លោក​មិន​ចាប់​អារម្មណ៍​ទេ។ លោក​ផ្តោត​ទៅ​លើ​អ្វី​ដែល​លោក​កំពុង​តែ​ធ្វើ​ប៉ុណ្ណោះ។

៧. ចាំបាច់​ត្រូវ​មាន​ឈ្មោះ​ល្អ​មួយ 

នៅ​ពេល​ដែល​លោក​ចាប់​ផ្តើម​ដំបូង ឈ្មោះ​ប្រព័ន្ធ​អ៊ិនថឹណិត​ដែល​ល្បី​ជាង​គេ​កាល​នោះ គឺ យ៉ាហ៊ូ។ លោក​បាន​គិត​ពីរ​បី​ថ្ងៃ រក​ឈ្មោះ​ណា​មួយ​ដែល​ល្បី​អ៊ីចឹង​ដែរ ហើយ​លោក​ក៏​បាន​នឹក​ឃើញ​ពាក្យ អាលីបាបា។ លោក​បាន​សួរ​ទៅ​អ្នក​រត់​តុ​នៅ​ហាង​អាហារ​ដែល​លោក​ទៅ​ទទួល​ទាន​ថា ស្គាល់ អាលីបាបា ទេ? នាង​ឆ្លើយ​ថា​ស្គាល់ ហើយ​លោក​ក៏​បន្ត​សាកសួរ​មនុស្ស​ប្រមាណ​សាម សែ​សិប​នាក់​ទៀត ពេល​ចេញ​មក​វិញ ហើយ​ពួក​គេ​សុទ្ធតែ​ស្គាល់​ អាលីបាបា ទាំង​អស់។

៨. អតិថិជន​គឺ​លេខ១ 

លោក​បាន​រក្សា​ទ្រឹស្តី​បុរាណ​របស់​គោលការណ៍​ទីផ្សារ​ដែល​តែងតែ​និយាយ​ថា អតិថិជន​ជា​ស្តេច។ លោក​បាន​ចាត់​ចំណាត់​ថ្នាក់​សម្រាប់​មុខ​របរ គឺ​អតិថិជន​លេខ១ បុគ្គលិក​គឺ​លេខ​២ រីឯ​ភាគហ៊ុន​របស់​យើង​គឺ​ទី៣។

៩. ឈប់​រអ៊ូ​តវ៉ា​ច្រើន មក​ស្វែងរក​ឱកាស​វិញ​ប្រសើរ​ជាង 

នៅ​ពេល​ដែល​យើង​រអ៊ូ​ច្រើន យើង​នឹង​ខាត​ពេល បាត់​បង់​ទឹក​ចិត្ត ទើស​នេះ​ទើស​នោះ ហើយ​ក៏​ទៅ​បន្ទោស​ថា គ្មាន​ឱកាស ប៉ុន្តែ តាម​ពិត​ទៅ ឱកាស​គឺ​កើត​មាន​នៅ​ពេល​ដែល​យើង​កំពុង​រអ៊ូ​ហ្នឹង​ឯង។

១០. ត្រូវ​តែ​មាន​ឆន្ទៈ​មុះមុត៖

កាល​ពី​ឆ្នាំ១៩៩៨ លោក​បាន​ប្រជុំ​ជាមួយ​នឹង​បុគ្គលិក​របស់​លោក​ទាំង​អស់ ដែល​មាន​ប្រមាណ​ជាង​១០​នាក់​តែ​ប៉ុណ្ណោះ ដោយ​និយាយ​ថា បើ​សិន​ជា​យើង​នៅ​តែ​ប្រកាន់​វប្បធម៌​ចូល​ធ្វើការ​ម៉ោង​៨​ព្រឹក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ម៉ោង​៥​ល្ងាច​នោះ គឺ​មិន​ចាំ​បាច់​ធ្វើការ​ជាមួយ​គ្នា​នោះ​ទេ យើង​ត្រូវ​តែ​ខំ​ធ្វើការ​ឡើង ដោយ​មិន​​គិត​ពី​ពេល​វេលា។ 

លោក​ពន្យល់​ថា យើង​មាន​ខួរ​ក្បាល​ដូច​ពួក​បស្ចិម​ប្រទេស​ដែរ ហេតុអី​ក៏​យើង​មិន​អាច​ធ្វើ​បាន? អ៊ីចឹង យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើការ​វេញ​ធ្លុង​តែ​មួយ ហើយ​ដឹង​ថា យើង​កំពុង​ធ្វើ​អ្វី ពេល​នោះ​យើង​នឹង​មាន​កម្លាំង​ចិត្ត​ដើម្បី​បន្ត​ទៅ​មុខ​ទៀត​ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា លី ហួរ ប្រើ​យុទ្ធសាស្រ្ត​អ្វី​ខ្លះ​ទើប​ការ​វិនិយោគ​បុរី​លំនៅដ្ឋាន​ជោគ​ជ័យ​ខ្លាំង?

ព័ត៌មាន
ពាណិជ្ជករ​និង​វិនិយោគិន​ល្បីៗ​នៅ​លើ​ពិភពលោក តែង​តែ​មាន​គោលការណ៍ រូបមន្ត និង​យុទ្ធសាស្រ្ត ដឹកនាំ​អាជីវកម្ម​ខុស​ប្លែក​ពី​គ្នា​រៀងៗ​ខ្លួន…

អាយុ​គ្រាន់តែ​ជាតួលេខ! អាយុ​ជិត​១​សតវត្សរ៍​ទើប​ជួប​គូ​ព្រេង!

ព័ត៌មាន
នៅ​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក មាន​អាពាហ៍​ពិពាហ៍​មួយ​ដែល​ធ្វើ​ឲ្យ​រំភើប​និង​ភ្ញាក់​ផ្អើល​ដល់​សារព័ត៌មាន​ដ៏​ធំបំផុត​របស់​អាមេរិក ឌឹ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ