កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកា គ.ស.ផ. ។
កិច្ចប្រជុំនេះ គឺជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១» ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, «ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព ។ ជាមួយគ្នានេះ, «ផែនការសកម្មភាព» អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានចក្ខុវិស័យរយៈពេលវែង ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា៖
ទី១. ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ,
ទី២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា និង
ទី៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ ។
ដើម្បីសម្រេចបានចក្ខុវិស័យនេះ, «ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» នឹងអនុវត្តជាពីរដំណាក់កាលគឺ៖
- ដំណាក់កាលទី១ “២០២៥-២០២៨”៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ ។
- ដំណាក់កាលទី២ “២០២៩-២០៣៨”៖ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហ-គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុល-ភាព ។
អង្គប្រជុំបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្ដីព្រាង «ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» ។ ទន្ទឹមនេះ អង្គប្រជុំបានធ្វើការពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន និងបានស្នើឱ្យក្រុមការងារពិនិត្យបន្ថែម លើការប្រើប្រាស់ពាក្យពេជន៍នៅក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (ក.ប.ស.ផ.) និងលេខាធិការដ្ឋាន ក.ប.ស.ផ. ដែលបានខិតខំរៀបចំ និងកែសម្រួលសេចក្តីព្រាង «ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» ជាបន្តបន្ទាប់ ស្របតាមមតិយោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើឱ្យសេចក្តីព្រាងផែនការមេនេះកាន់តែមានភាពច្បាស់លាស់, គ្រប់ជ្រុងជ្រោយ និងបញ្ចប់តាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ៕