ប៉ុន្តែយ៉ាងណាក៏ដោយ មហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជានេះ បាននិងកំពុងប្រឈមនឹងភាពមិនច្បាស់លាស់និងភាពស្មុគស្មាញនៃការប្រែប្រួល និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងការបែងចែកប៉ូលសេដ្ឋកិច្ចរវាងប្រទេសម្ខាងគាំទ្រអាមេរិក និងម្ខាងគាំទ្រចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះការវិនិយោគជាលក្ខណៈអន្តរជាតិពីសំណាក់ប្រទេសធំៗមួយចំនួនហាក់បីដូចជាផ្តោតលើរឿងនយោបាយ ជាជាងផលចំណេញរបស់អាជីវកម្ម ដែលបញ្ហានេះកំពុងនាំពិភពលោកឲ្យមានការបែងចែកនូវប្លុកនៃខ្សែច្រវាក់ផ្គត់ផ្គង់។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុងលើកដំបូងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា ការវិនិយោគជាអន្តរជាតិនៅមួយរយៈចុងក្រោយ ពោលគឺបន្ទាប់ពីរុស្ស៊ីបានវាយចូលឈ្លានពានអ៊ុយក្រែន ហាក់បីដូចជាផ្តោតលើរឿងនយោបាយ និងបក្សពួកជាជាងផ្តោតលើផលចំណេញអាជីវកម្ម និងសេដ្ឋកិច្ច។ បញ្ហានេះ កំពុងជំរុញឲ្យពិភពលោកឈានទៅរកការបែកចែកប្លុកនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងប៉ូលសេដ្ឋកិច្ចរវាងប្រទេស ដែលម្ខាងគាំទ្រអាមេរិក និងម្ខាងទៀតគាំទ្រចិន។ ភាពស្មុគស្មាញនៃសេដ្ឋកិច្ចសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយអន្តរជាតិ បាននិងកំពុងដាក់បន្ទុកយ៉ាងខ្លាំងមកលើប្រព័ន្ធសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុ ដ្បិតថា បញ្ហានេះបានជំរុញឲ្យពិភពលោកមានការបង្កើតប្រព័ន្ធទូទាត់អន្តរជាតិថ្មីៗជាច្រើនរវាងប្រទេសដៃគូបក្សដិបក្សនីមួយៗ។ ហើយបញ្ហាទាំងនេះកំពុងបង្កជាការរំខានដល់ការស្តារ និង ងើបឡើងវិញនៃសេដ្ឋកិច្ចសកល ដែលបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ភាពរង្គោះរង្កើនៃប្រព័ន្ធភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចជាអន្តរជាតិនេះ ក៏បាននិងកំពុងជះឥទ្ធិពលអវិជ្ជមានមកលើគោលនយោបាយបញ្ចកោណដំណាក់ការទី១របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានមហិច្ឆតាចង់អភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងដឹកនាំកម្ពុជាឲ្យចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដែលបានចាត់ទុកបរិការណ៍ប្រែប្រួលស្ថានភាពនយោបាយអន្តរជាតិខាងលើជាបរិការណ៍ ដែលកម្ពុជា ក៏ដូចជាពិភពលោកមិនធ្លាប់ជួបប្រទះក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានរៀបចំ និងចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពសេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា ការចាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ គឺដើម្បីបន្តពង្រឹង និងពង្រីកសមិទ្ធផលនានាបន្ថែមពីលើអាណត្តិកន្លងមក, ការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចសម្រេចឱ្យបានរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ, ការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ទន្ទឹមនឹងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញមហិច្ឆតាលើកស្ទួយកិត្យានុភាព និងមោទនភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរនៅក្នុងរយៈពេល២៥ឆ្នាំខាងមុខ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត នៅក្នុងរយៈពេល៥ឆ្នាំនៃអាណត្តិទី៧ រាជរដ្ឋាភិបាលនឹងផ្តោតទៅលើការអាទិភាពសំខាន់មួយចំនួនដូចជាការចីរភាពនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ និងការកសាងមូលដ្ឋានគ្រឹះ ដែលផ្តោតលើវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យអប់រំ សុខាភិបាល និងវិស័យរដ្ឋបាលសាធារណៈ ខណៈដែលវិស័យធំៗទាំងនេះនាយករដ្ឋមន្ត្រីនៃកម្ពុជានឹងដឹកនាំដោយផ្ទាល់តែម្តង។ សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមនឹងភាពស្មុគស្មាញរឿងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច គឺវាទាមទារឲ្យស្ថាប័នរដ្ឋមានភាពរឹងមាំ ខ្លាំង ពូកែ ឆ្លាត និងស្អាតស្អំ ទើបសង្គម និងសេដ្ឋកិច្ចអាចរីកចម្រើនទៅមុខបាន។ ប៉ុន្តែបើរាជរដ្ឋាភិបាលមិនមានភាពរឹងមាំទេ ការអភិវឌ្ឍក៏មិនអាចឈានទៅមុខរួចដូចគ្នាដែរ។ ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុងលើកទី១នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ សីហានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានប្តេជ្ញាចិត្តចំពោះបេសកកម្មដ៏លំបាកស្មុគស្មាញដែលត្រូវធ្វើឲ្យសម្រេចបានថ្លៃថ្លាបំផុត ដើម្បីជីវភាពរស់នៅរបស់ប្រជាជនមានសុដុមរមនា ជាពិសេសប្តូរផ្តាច់ចំពោះបេសកកម្មនេះ ដើម្បីប្រែក្លាយកម្ពុជាឲ្យល្បីរន្ទឺដូចសម័យអង្គរ៕