កំពង់ផែទេសចរណ៍

កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត គ្រោងចំណាយថវិកាប្រមាណ ១០លានដុល្លារលើការស្តារជម្រៅផ្លូវទឹក ដើម្បីឲ្យនាវាចរណ៍ចេញ-ចូលបាន


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុន AZ Builders ជាអ្នកថែទាំ និងគ្រប់គ្រងប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ដែលបានជាប់គាំងដំណើរការក្រោយបញ្ចប់ការសាងសង់ជិត ២ឆ្នាំកន្លងមកនេះ។ សម្រាប់ការ ដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ កំពតនេះ ក្រុមហ៊ុននេះគ្រោងចំណាយថវិកាប្រមាណ១០លានដុល្លារ លើស្តារជម្រៅផ្លូវចេញចូល ដើម្បីអនុញ្ញាតឱ្យកប៉ាល់ ឬនាវាធ្វើចរាចរណ៍ចេញចូលកំពង់ផែនេះបាន។
កំពង់ផែទេសចរណ៍
ដោយ

បើគ្មានការប្រែប្រួលទេកំពង់ផែទេសចរណ៍នេះ គ្រោងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅត្រីមាសទី៣ និងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៤។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា មកទល់ពេលនេះរាជរដ្ឋាភិបាល បានបញ្ចប់កិច្ចលទ្ធកម្មក្នុងការជ្រើសរើសក្រុមហ៊ុនឯកជន ដើម្បីមើលថែទាំ និងធ្វើប្រតិបត្តិការនៅកំពង់ទេសចរណ៍អន្តរជាតិ ខេត្តកំពត រួចហើយ។ ក្នុងនោះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន AZ Builder ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group ជាអ្នកទទួលបន្ទុកលើការដំណើរការកំពង់ផែនេះ ក្រោមក្របខណ្ឌកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន(PPP)។ ការជ្រើសរើសនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍កាលពីពេលកន្លងទៅថ្មីៗនេះ។

ដើម្បីឈានទៅដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ កំពត ដែលបានបញ្ចប់ការសាងសង់ជិតពីរឆ្នាំមួយនេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិគ្រប់គ្រង និង ធ្វើប្រតិបត្តិការ AZ Builder គ្រោងចំណាយថវិកាចន្លោះពី ៥លានដុល្លារ ទៅ១០លានដុល្លារ ដើម្បីបំពាក់ឧបករណ៍បច្ចេកទេសផ្សេងៗ ក៏ដូចជាស្តារជម្រៅផ្លូវទឹកចេញចូលកំពង់ផែនេះ សំដៅធ្វើយ៉ាងឲ្យកប៉ាល់ ឬនាវាដឹកភ្ញៀវទេសចរ ធុនតូន និងមធ្យមអាចធ្វើចរាចរណ៍ចេញចូលកំពង់ផែនេះបាន។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផន រឹម។

ពាក់ព័ន្ធនឹងកំពង់ផែទេសចរណ៍កំពតនេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់កាលពេលថ្មីៗនេះថា ដើម្បីធានាឲ្យកំពង់ផែទេសចរណ៍មួយនេះដំណើរការទៅមានសុវត្ថិភាពល្អ និងមាននិរន្តរភាពសម្រាប់នាវាគ្រប់ប្រភេទធ្វើចរាចរណ៍បានដោយរលូននោះ រាជរដ្ឋាភិបាល តម្រូវឱ្យប្រតិបត្តិករកំពង់ផែអនុវត្តកាតព្វកិច្ចចាំបាច់មួយចំនួនដូចជា ការជីកបូមស្តារផ្លូវទឹក ឱ្យបានធំទូលាយ ការសិក្សាបន្ថែមលើបច្ចេកទេស ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរណ៍ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពមួយចំនួនទៀត ដើម្បីធានាឱ្យបានថា កំពង់ផែនេះនឹងក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិពេញលេញស្របតាមបទដ្ឋានបច្ចេកទេសជាតិ និងអន្តរជាតិ។

ឯកឧត្តម ប៉េង ពោធិ៍នា បានបន្តថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតនេះ គ្រោងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅអំឡុងត្រីមាសទី៣ឆ្នាំនេះ ហើយបើពុំមានការប្រែប្រួលទេកំពង់ផែនេះនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្តងនៅចុងឆ្នាំនេះ។

សូមបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត អភិវឌ្ឍន៍សាងសង់នៅលើផ្ទៃដីទំហំជាង៤ហិកតា បានបើកការដ្ឋានសាងសង់​កាលពីខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់កាលពីខែមិថុនា ឆ្នាំ២០២២ ជាមួយទុនវិនិយោគជាង ៩,២លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និង រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យគណៈប្រតិភូមេធាវីអន្តរជាតិមកពី១២ប្រទេសចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុ…

តើមានកត្តាអ្វីខ្លះធ្វើឱ្យតម្លៃគោរស់នៅកម្ពុជានៅតែបន្តធ្លាក់ថ្លៃក្រោម ១ម៉ឺនរៀលក្នុង១គីឡូក្រាម?

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា មកទល់ពេលនេះ តម្លៃទីផ្សារគោរស់នៅកម្ពុជានៅតែបន្តស្ថិតក្នុងតម្លៃទាប ក្រោម១ម៉ឺនរៀលក្នុង១គីឡូក្រាម …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ