ថាមពលអគ្គិសនី

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ជំហរមិនសង់វារីអគ្គិសនីតាមទន្លេមេគង្គ និងបញ្ឈប់ការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអាណត្តិទី៧នេះ នៅតែរក្សាជំហរមិនសាងសង់វារីអគ្គិសនីនៅតាមបណ្ដោយទន្លេមេគង្គ ដើម្បីបញ្ចៀសផលប៉ះពាល់ចំពោះបរិស្ថាន និងជីវចម្រុះ។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសពីការដាក់ចេញគោលនយោបាយឈប់ឱ្យមានការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងបដិសេធរាល់បំណងរបស់វិនិយោគិនបរទេស ដែលចង់វិនិយោគលើវិស័យនេះនៅកម្ពុជាផងដែរ។
ថាមពលអគ្គិសនី
ដោយ

នាពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីនៅស្ទឹងតាតៃលើ នៅខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣០ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពល នៅតែជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៧ តែការអភិវឌ្ឍត្រូវមានការគិតគូចំពោះបរិស្ថាន និងជីវចម្រុះ។

ជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងចៀសវាងផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងជីវចម្រុះ រដ្ឋាភិបាលអាណត្តិទី៧នេះ នឹងមិនសាងសង់ទំនប់វារីអគ្គិសនីតាមបណ្ដោយទន្លេមេគង្គនោះឡើយ។

បើទោះបីកិច្ចការអភិវឌ្ឍន៍វិស័យអគ្គិសនី ជាអាទិភាពមួយក្នុងចំណោមផែនការអាទិភាពចំនួន៥ផ្សេងទៀតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក៏ដោយ តែរាជរដ្ឋាភិបាលក៏ត្រូវគិតគូចំពោះផលប៉ះពាល់នានាក្នុងតំបន់អភិវឌ្ឍន៍ផងដែរ។

សម្រាប់សម្តេច កម្ពុជាត្រូវមានសមត្ថភាពក្នុងការកសាងបណ្តាញ និងផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង ដើម្បីចៀសវាងហានិភ័យណាមួយ ក្នុងករណីប្រទេសជិតខាងមានបញ្ហាលើបញ្ហាអគ្គិសនី។

ទន្ទឹមនឹងប្រកាន់ជំហរមិនធ្វើវារីអគ្គិសនីតាមបណ្ដោយទន្លេមេគង្គ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់​ នៅស្រុកបុទុមសាគរ ខេត្តកោះកុង និងប្រកាសមិនឱ្យមានការផលិតអគ្គិសនីធ្យូងថ្ម តទៅទៀតនៅកម្ពុជាផងដែរ។

ក្រោយការប្រកាសផ្អាក សម្តេច ក៏បានបញ្ជាឱ្យក្រសួងរ៉ែ និងថាមពល ពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគពិនិត្យលទ្ធភាពប្តូរគម្រោងវិនិយោគផលិតអគ្គិសនីដុតធ្យូងថ្មនេះទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ដែលបំភាយឧស្ម័នកាបូនតិចតួចវិញផងដែរ។ ជាមួយគ្នានេះ សម្តេចធិបតី បានឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដែលមានស្រាប់បញ្ឈប់ដំណើរការមុនកាលកំណត់។

សូមបញ្ជាក់ថា ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ឲ្យបានរីកចម្រើន និងត្រឹមត្រូវ ដើម្បីឈានទៅសម្រេចបានការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃកាន់តែសមរម្យនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងជួយបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ​។

ថាមពលអគ្គិសនីមិនមែនត្រឹមតែជាផលិតផលមួយ ដែលត្រូវការសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផលិតផលចាំបាច់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀតផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិត្តហ្វូនទទួលបានពានរង្វាន់ធុរកិច្ចអន្តរជាតិដ៏មានកិត្យានុភាពចំនួន៤

ព័ត៌មាន
ថ្មីៗនេះ ក្រុមហ៊ុន Viettel Cambodia (Metfone) បានឈ្នះពានរង្វាន់អន្តរជាតិចំនួន 4 ក្នុងឆ្នាំ 2023 ដែលក្នុងនោះមាន 3 ពី Globee Awards និ…

គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើតម្លៃជិត៤០០លានដុល្លារ សម្រេចបានការសាងសង់ជាង៣១%

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានទុនវិនិយោគជិត៤០០លានដុល្លារ ស្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ