ក្រុមអ្នកផលិតស្រាអន្តរជាតិ

ក្រុមអ្នកផលិតស្រាអន្តរជាតិមានក្តីសង្ឃឹមខ្ពស់លើទីផ្សារនៅប្រទេសចិន


សព្វថ្ងៃ ផលិតផលស្រាល្អៗបានរួមចំណែកដល់របៀបរស់នៅទាន់សម័យ និងការលម្ហែអារម្មណ៍បានមួយផ្នែក សម្រាប់អ្នកចង់រីករាយនឹងជីវិតលោកីយ៍។ ខណៈដែលផលិតផលស្រារបស់ចិនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលក្នុងពេលតាំងពិព័រណ៍ស្រានៅភាគពាយព្យប្រទេសចិន ដែលទើបបានបញ្ចប់ថ្មីៗ អ្នកផលិតស្រាអន្តរជាតិកាន់តែច្រើនកំពុងសម្លឹងមើលសក្តានុពលទីផ្សារដ៏ធំរបស់ចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួ។
ក្រុមអ្នកផលិតស្រាអន្តរជាតិមានក្តីសង្ឃឹមខ្ពស់លើទីផ្សារនៅប្រទេសចិន
ដោយ

តំបន់ស្វយ័ត នីងស៊ាហ៊ុយ (Ningxia Hui) ក្នុងនាមជាមូលដ្ឋានផលិតស្រាដ៏ធំបំផុតនៅប្រទេសចិន បានក្លាយជាតារាកំពុងរះនៅលើផែនទីស្រាពិភពលោក បន្ទាប់ពីការអភិវឌ្ឍជាង ៤ ទសវត្សរ៍មកនេះ។ នៅទីបំផុតគេបានរៀបចំព្រឹត្តិការណ៍អន្តរជាតិចំនួន២កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងតំបន់នេះ។ ព្រឹត្តិការណ៍ទាំងនេះគឺសន្និសីទស្តីពីឧស្សាហកម្មទំពាំងបាយជូ និងស្រា និងពិព័រណ៍វប្បធម៌និងទេសចរណ៍អន្តរជាតិ នីងស៊ាប្រទេសចិនលើកទី៣។

អំឡុងពេលតាំងពិព័រណ៍នៅទីក្រុងយីនឈាន់ (Yinchuan) ក្នុងតំបន់នេះ មានហាងស្រាចំនួន ៧៥ មកពីប្រទេសនិងតំបន់ចំនួន ១៦ រួមទាំងប្រទេសអាល្លឺម៉ង់ បារាំង ឈីលី ម៉ូលដាវី និងអេស្ប៉ាញផងដែរ បានឧទ្ទេសនាមផលិតផលស្រាថ្មីរបស់ពួកគេនៅកន្លែងតាំងពិព័រណ៍ពិសេសសម្រាប់ម៉ាកផលិតផលស្រាអន្តរជាតិ។

លោក សេម អូសដេមៀ (Cem Ozdemir) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងកសិកម្មរបស់អាល្លឺម៉ង់ បាននិយាយថា លោកគ្មានការងឿងឆ្ងល់ទេថា ស្រាអាឡឺម៉ង់ដ៏ល្អទាំងនេះក៏នឹងធ្វើឱ្យអ្នកទស្សនារីករាយដែរ បើប្រៀបធៀបជាមួយនឹងស្រាអន្តរជាតិដទៃទៀត។

នៅក្រោមប្រធានបទស្ដីពី«ធម្មជាតិ ការច្នៃប្រឌិត វប្បធម៌ និងបរិស្ថានវិទ្យា»សម្រាប់ឆ្នាំនេះ, ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើបានផ្តល់វេទិកាពិសេសមួយដើម្បីស្វែងរកគំរូកំណើនថ្មីសម្រាប់ឧស្សាហកម្មផលិតស្រាជាសកល និងដើម្បីចែករំលែកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

តំណាងសហគ្រាសនៅក្នុងឧស្សាហកម្មស្រាមកពីជាង ៣០ ប្រទេស និងអង្គការអន្តរជាតិចំនួន ៤ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិព័រណ៍នេះ។ លោក ម៉ូរីស៊ីយ៉ូ ហ៊ឺតាដូ (Mauricio Hurtado) ឯកអគ្គរដ្ឋទូតឈីលីប្រចាំប្រទេសចិន បានឱ្យដឹងថា ចិនគឺជាអ្នកនាំចូលស្រាឈីលីដ៏ធំបំផុតមួយ ដោយក្រុមហ៊ុននិងម៉ាកផលិតផលស្រាជាច្រើនរបស់ឈីលី បានបង្ហាញវត្តមានក្នុងទីផ្សាររបស់ចិនអស់ពេលជាង២ទសវត្សរ៍មកហើយ។

មន្ត្រីឈីលីរូបនេះបានបន្ថែមថា វាសំខាន់ខ្លាំងណាស់សម្រាប់ពួកគេព្រោះការទទួលទានស្រានៅប្រទេសចិនកំពុងកើនឡើងជារៀងរាល់ឆ្នាំ។ មន្ត្រីដដែលបន្តថា ផលិតផលស្រាទំពាំងបាយជូររបស់ឈីលីដ៏ល្បីបំផុតមួយ ក៏បានចូលរួមក្នុងពិព័រណ៍នេះដែរ ក្នុងគោលបំណងផ្សព្វផ្សាយវត្តមានរបស់ខ្លួន ព្រោះគេមើលឃើញថា ទីផ្សារនៅចិនគឺសំខាន់ខ្លាំងណាស់។

លោក តាង រ៉េនជាន (Tang Renjian) រដ្ឋមន្ត្រីក្រសួងកសិកម្មនិងកិច្ចការជនបទរបស់ប្រទេសចិន បាននិយាយនៅក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ស្រាថា ប្រទេសចិនបានរីកចម្រើនក្លាយជាទីផ្សារដ៏សកម្មបំផុតមួយសម្រាប់ឧស្សាហកម្មស្រាពិភពលោក ដោយរៀងរាល់ថ្ងៃ មានស្រាជិត១លានលីត្រមកពីទូទាំងពិភពលោក ត្រូវបាននាំចូលមកក្នុងទីផ្សារប្រទេសចិន ហើយសហគ្រាសល្បីៗជាច្រើនបានមកបណ្តាក់ទុននៅក្នុងប្រទេសចិន។

យោងតាមស្ថិត ប្រជាជនជាង ១ ពាន់ ៤ រយលាននាក់ នៅក្នុងប្រទេសចិន បានចូលរួមក្នុងដំណើរថ្មីដើម្បីកសាងប្រទេសសង្គមនិយមទំនើបមួយក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ប្រជាជនចិនបានក្លាយជាសក្តានុពលដ៏ធំធេងសម្រាប់ការលក់គ្រឿងឧបភោគនិងគ្រឿងបរិភោគ ក្នុងនោះ ពួកគេបានចាយប្រាក់ជាង ១ ពាន់ ៤ រយលានដុល្លារ លើស្រាបរទេសក្នុងឆ្នាំ២០២២៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសអាមេរិកថា ការទូតសហរដ្ឋអាមេរិកបានបន្ថយល្បឿនការរីកចម្រើននៃសេវាចារកម្មរបស់ចិន

រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខេន (Antony Blinken) បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋបាលលោក បៃដិន បានចាត់វិធានការ…

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន៖ សម្តេចតេជោ ហ៊ុន សែន គ្មានជំនឿថា អ៊ុនក្រែនអាចវាយដណ្តើមទឹកដីពីរុស្ស៊ីបានមកវិញនោះទេ

សម្តេចតេជោបានគូសបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានចាប់ផ្តើមវាយលុកលើរុស្ស៊ីវិញហើយ ដើម្បីដណ្តើមទឹកដីរបស់ខ្លួនដែលរុស្ស៊ីបានវាយកាន់កាប់ យកមកគ្រប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ