សារព័ត៌មាន Reuters និង CNN បានរាយការណ៍ដូចគ្នានៅថ្ងៃទី២០ ខែសីហា ថា បំណុលរបស់អាម៉េរិក បានហក់ឡើងដល់៤០ទ្រីលានដុល្លារជាលើកដំបូង ដែលក្រុមអ្នកជំនាញចាត់ទុកថា ជាសញ្ញាបង្ហាញពីវិបត្តិសារពើពន្ធកាន់តែធ្ងន់ធ្ងរ។ ក្រុមអ្នកជំនាញព្រមានថា បំណុលជាតិអាម៉េរិក កំពុងកើនឡើងលឿនគួរឱ្យព្រួយបារម្ភ។ ក្នុងរយៈពេលត្រឹមតែ៥ខែ សហរដ្ឋអាម៉េរិក បានបន្ថែមបំណុលដល់ទៅ ១ទ្រីលានដុល្លារ ខណៈឱនភាពថវិកាបានឈានដល់១,៨ទ្រីលានដុល្លារក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន។
ក្តីបារម្ភធំបំផុតមួយ គឺការចំណាយលើការបង់ការប្រាក់ ដែលត្រូវបានរំពឹងថា នឹងកើនលើស១ទ្រីលានដុល្លារនៅឆ្នាំ២០២៦ នេះ។ ការចំណាយដ៏ធំសម្បើមនេះអាចរឹតត្បិតថវិកាសម្រាប់វិស័យសំខាន់ៗដូចជា សុខាភិបាល ការពារជាតិ ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសាធារណៈផ្សេងៗ។ បំណុលនេះ ក៏កំពុងដាក់សម្ពាធលើទីផ្សារមូលបត្ររដ្ឋអាម៉េរិកផងដែរ។ នៅពេលមូលបត្ររដ្ឋកើនឡើង វាអាចធ្វើឱ្យអត្រាការប្រាក់កម្ចីទិញផ្ទះ រថយន្ត និងកម្ចីអាជីវកម្មកើនឡើង ដែលមានន័យថា គ្រួសារពលរដ្ឋអាម៉េរិក និងក្រុមហ៊ុនត្រូវចំណាយកាន់តែច្រើនក្នុងការខ្ចីប្រាក់។
ក្រុមអ្នកជំនាញបានព្រមានថា ប្រសិនបើគ្មានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលាដូចជាការកាត់បន្ថយការចំណាយ និងបង្កើនចំណូលរដ្ឋទេនោះ បំណុលជាតិអាម៉េរិក អាចនឹងបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ពោលគឺកាលណាខ្ចីកាន់តែច្រើន បង់ការប្រាក់កាន់តែខ្ពស់ និងមានសមត្ថភាពសារពើពន្ធកាន់តែតិចក្នុងការឆ្លើយតបនឹងវិបត្តិនាពេលអនាគត៕
ដោយ: តែម សុខុម