ជាងនេះទៅទៀត សមាគមមួយនេះបានចូលរួមចំណែកអ្វីខ្លះដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ? លោក សាយ សមិទ្ធិ ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចនៃសារព័ត៌មានអេឡិចត្រូនិច ខេមបូណូមីស បានជួបធ្វើបទសម្ភាសន៍ជាមួយនឹងលោក កែវ និមិត្ត អគ្គលេខាធិការសមាគមហាងបញ្ចាំកម្ពុជា។
លោក កែវ និមិត្ត៖ បាទ! សូមអរគុណ ខេមបូណូមីស ដែលបានមកធ្វើបទសម្ភាសន៍ជាមួយខ្ញុំនៅថ្ងៃនេះ! មុននឹងឆ្លើយសំណួរទាំងអស់នេះ ខ្ញុំសូមអនុញ្ញាតទាញចំណាប់អារម្មណ៍បងប្អូនទាំងអស់គ្នាមក ពិភាក្សាលើចំណុចសំខាន់ៗពាក់ព័ន្ធមួយចំនួន រួចហើយយើងនឹងធ្វើការសន្និដ្ឋានរួមគ្នា ថាតើសមាគមបានដើរតួនាទីសំខាន់បែបណាខ្លះ នៅក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាតិ។
ទី១ សមាគមានតួនាទីសំខាន់ណាស់ដើម្បីលើកស្ទួយនិងអភិវឌ្ឍវិស័យទទួលបញ្ចាំឲ្យដំណើរការទៅប្រកបដោយវិជ្ជាជីវៈ និងមានស្តង់ដារត្រឹមត្រូវ។ ទី២ សមាគមមានបំណងចង់កែប្រែទស្សនៈ អវិជ្ជមានមួយចំនួននៅក្នុងសង្គមខ្មែរយើង ដែលតែងតែយល់ថា មុខរបរហាងបញ្ចាំជាមុខរបរបងធំ ជាមុខរបរមិនថ្លៃថ្នូរ ជាមុខរបរដែលទទួលផលពីចោរកម្មជាដើម។
តាមពិតទៅ នៅប្រទេសជឿនលឿនជាច្រើន មុខរបរមួយនេះជាមុខរបរសុចរិត និងបានជួយដល់សេដ្ឋកិច្ចនិងសង្គមច្រើនខ្លាំងណាស់។ ថ្វីត្បិតតែអាជីវកម្មមួយនេះស្តាប់មើលទៅហាក់ដូចជាតូចតាច ប៉ុន្តែ ជាក់ស្តែង វិស័យមួយនេះបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាតិ ដោយបានចូលរួមដោះស្រាយនូវបញ្ហាកង្វះខាតសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាបន្ទាន់ ជាលក្ខណៈគ្រួសារក្តី ជាការដោះស្រាយក្នុងអាជីវកម្មក្តី ជូនដល់អតិថិជនក៏ដូចជាមហាជនទូទៅ គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន អ្នកក្រ ឬអ្នកមធ្យមនោះទេ។
ជាការសន្និដ្ឋាន ខ្ញុំយល់ឃើញថា អាជីវកម្មមួយនេះបានចូលរួមចំណែកសំខាន់ខ្លាំងណាស់ នៅក្នុងការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាតិ តាមរយៈការទទួលបញ្ចាំទ្រព្យ ដូចគ្នាទៅនឹងធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុដែរ។
សាយ សមិទ្ធិ៖ ហេតុអ្វីបានជាសម្រេចចិត្តបង្កើតសមាគមបញ្ចាំនេះឡើង ក្នុងគោលបំណងអ្វីខ្លះទៅ?
លោក កែវ និមិត្ត៖ បាទ! ខ្ញុំសូមជម្រាបលោកថា ការបង្កើតសមាគមហាងបញ្ចាំនេះឡើង គឺមានហេតុផលច្រើនយ៉ាងណាស់ ខ្ញុំសុំលើកយកតែចំណុចសំខាន់ៗដើម្បីជម្រាបជូនប្រជាជនខ្មែរយើងដឹងថា ការបង្កើតសមាគមនេះឡើងគឺដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគម។ លើកកម្ពស់សុចរិតភាពវិជ្ជាជីវៈរបស់សមាជិកនៅក្នុងសមាគម ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់សមាជិកឲ្យស្របទៅតាមនិយាមអន្ដរជាតិ ធ្វើទំនើបកម្មប្រតិបត្ដិការទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន បង្រួបបង្រួម និង ពង្រឹងចំណងមិត្ដភាពសមាជិកទាំងអស់ក្នុងសមាគម។ យើងចង់ប្រមូលផ្តុំឲ្យមានការចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីទប់ស្កាត់ និងលុបបំបាត់ការធ្វើអាជីវកម្មខុសច្បាប់។
សមាគមនឹងផ្ដល់ការប្រឹក្សាយោបល់ និងសម្របសម្រួលរាល់បញ្ហាទាក់ទងនឹងអាជីវកម្មរបស់សមាជិកនៅក្នុងសមាគម ដើម្បីបង្កើនទំនាក់ទំនងសហប្រតិបត្ដិការ និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមសមាជិកសមាគមទាំងក្នុងនិងក្រៅប្រទេស។
ផ្ដល់នូវវេទិកាសម្រាប់ធ្វើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ប្រកបដោយសុខដុមកម្ម ពាក់ព័ន្ធទៅនឹងវិជ្ជាជីវៈទទួលបញ្ចាំនិងទទួលប្រាតិភោគដោយអនុប្បទាន ទាំងក្នុងនិងក្រៅប្រទេស ទៅតាមការវិវឌ្ឍជាក់ស្តែងនៃសង្គមនិងសេដ្ឋកិច្ច។ ជំរុញនូវការផ្លាស់ប្ដូរនិងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងបញ្ហានិងការវិវឌ្ឍថ្មីៗនៃវិស័យទទួលបញ្ចាំ និង ទទួលប្រាតិភោគដោយអនុប្បទាន ទាំងក្នុងប្រទេសនិងក្រៅប្រទេស។
មិនតែប៉ុណ្ណោះ ចូលរួមរៀបចំកិច្ចប្រជុំ សិក្ខាសាលា បុរេសមាជ សមាជ សន្និសីទ និងរៀបចំតាំងពិព័រណ៍នានាក្នុងកម្រិតថ្នាក់ជាតិនិងអន្ដរជាតិ។ ធ្វើកិច្ចសហប្រតិបត្ដិការជាមួយអង្គការជាតិ និងអន្ដរជាតិនានា ដើម្បីធ្វើឲ្យសម្រេចនូវគោលបំណងដូចបានរៀបរាប់ខាងលើ។
សាយ សមិទ្ធិ៖ អ្វីជាការមើលឃើញរបស់លោកចំពោះអាជីវកម្មហាងបញ្ចាំក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ?
លោក កែវ និមិត្ត៖ ខ្ញុំមើលឃើញថា ប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុមានការលំបាកសម្រាប់អតិថិជនមួយចំនួនដែលគាត់ចង់បានប្រាក់កម្ចីលឿនរហ័ស អតិថិជនខ្លះចង់រកកន្លែងដាក់បញ្ចាំ ដែលងាយស្រួល ចំណាយតិច បានលុយភ្លាមដើម្បីបានប្រាក់យកមកប្រើប្រាស់ជាបន្ទាន់។
ហាងបញ្ចាំជាកន្លែងជួយសម្រួលដល់អតិថិជន ដែលគាត់ត្រូវការកម្ចីបន្ទាន់ ដែលធនាគារមិនអាចផ្តល់ឲ្យបាន។ អ្នកខ្លះត្រូវការប្រាក់យកទៅប្រើប្រាស់បង្វិលក្នុងមុខជំនួញ។ អ្នកខ្លះយកទៅប្រើប្រាស់ដោះស្រាយបញ្ហាគ្រួសារ ឧទាហរណ៍ បង់ថ្លៃសាលាកូនរៀន បង់ថ្លៃមន្ទីរពេទ្យជាបន្ទាន់ជាដើម ដែលការទៅទទួលសេវាពីហាងបញ្ចាំ គាត់អាចទទួលបានប្រាក់ភ្លាមៗ មិនលើសពី ២ម៉ោង។ នេះជាការចូលរួមចំណែកដោះស្រាយបញ្ហាសង្គមមួយយ៉ាងសំខាន់។
សាយ សមិទ្ធិ៖ ក្នុងនាម លោកជាអគ្គលេខាធិការសមាគមនេះ តើលោកអាចជម្រាបបន្តិចបានទេ ថាតើរហូតមកដល់ពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនហាងបញ្ចាំទូទាំងប្រទេសប៉ុន្មានក្រុមហ៊ុន?
លោក កែវ និមិត្ត៖ បាទ! រហូតមកដល់ពេលបច្ចុប្បន្ននេះ បើតាមតួលេខដែលយើងទទួលបានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតមកដល់ត្រឹមឆ្នាំ២០១៧នេះ នៅទូទាំងប្រទេសកម្ពុជា មានហាងបញ្ចាំ សរុបចំនួន ៤៥៨ទីតាំង បានចុះបញ្ជីការស្របច្បាប់។ នេះខ្ញុំនិយាយតែមានច្បាប់ទេ ដោយឡែកហាងបញ្ចាំអត់ច្បាប់វិញក៏មិនខ្វះដែរ។
សាយ សមិទ្ធិ៖ តើចំនួននេះ វាច្រើនពេកឬទេ? ហើយវាឆ្លើយតបទៅនឹងតម្រូវការទីផ្សារចាំបាច់នាពេលបច្ចុប្បន្នដែរឬទេ ក្នុងការស្វែងរកសេវាកម្មបញ្ចាំនេះ?
លោក កែវ និមិត្ត៖ បាទ ខ្ញុំគិតថា ចំនួននេះនៅមិនទាន់ច្រើនល្មមឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនយើងនៅឡើយទេ។ ហើយជាពិសេស ទីតាំងអាជីវកម្មទាំងនេះផ្តុំតែនៅទីប្រជុំជនធំៗ។
ដូច្នេះនៅពេលខាងមុខ យើងនៅមានលទ្ធភាពពង្រីកសាខាច្រើនបន្ថែមទៀត។ បើប្រៀបធៀបទៅនឹងប្រតិបត្តិករផ្សេងទៀត យើងមានចំនួនស្មើនឹងពាក់កណ្តាលចំនួនសាខាធនាគារទូទាំងប្រទេស និងស្មើនឹង១ ភាគ ៤ នៃចំនួនគ្រឹស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស។
សាយ សមិទ្ធិ៖ តើសមាគមធ្លាប់បានចាត់វិធានការអ្វីខ្លះទៅហាងបញ្ចាំខុសច្បាប់ ឬក៏នឹងចាត់វិធានការចំពោះក្រុមហ៊ុនហាងបញ្ចាំណាដែលប្រតិបត្តិការអាជីវកម្មគ្មានច្បាប់ គ្មានគុណភាព មិនគោរពតាមច្បាប់ដែរ ឬទេ?
លោក កែវ និមិត្ត៖ ខ្ញុំសូមជម្រាបថា កន្លងមក សមាគមមិនធ្លាប់បានចាត់វិធានការចំពោះអាជីវកម្មខុសច្បាប់ណាមួយនៅឡើយទេ ព្រោះមិនមែនជាសមត្ថកិច្ចរបស់សមាគម។ តែសមាគមនឹងសហការជាមួយក្រសួងមានសមត្ថកិច្ច តាមដាននិងរាយការណ៍ជូនអំពីសកម្មភាពខុសច្បាប់ទាំងនោះដើម្បីរួមគ្នាទប់ស្កាត់និងលុបបំបាត់អាជីវកម្មខុសច្បាប់នេះ ដើម្បីរក្សាភាពថ្លៃថ្នូរ ត្រឹមត្រូវ និងស្របច្បាប់ជូនដល់សមាជិកសមាគម។
សាយ សមិទ្ធិ៖ តើសមាគមបានធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលយ៉ាងណាខ្លះ ដើម្បីសម្របសម្រួលជួយដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដែលមានផ្នែកបញ្ចាំមួយផងដែរនោះ?
លោក កែវ និមិត្ត៖ ជាការពិតណាស់ សព្វថ្ងៃនេះ សមាគមហាងបញ្ចាំកំពុងធ្វើការយ៉ាងជិតដិតជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស នាយកដ្ឋានគ្រប់គ្រងអចលនៈទ្រព្យ បញ្ចាំ និង ប្រាតិភោគដោយអនុប្បទាន ដើម្បីសម្របសម្រួល និងគ្រប់គ្រងវិស័យមួយនេះឲ្យប្រព្រឹត្តទៅដោយរលូន។ ហើយទី២ សំខាន់ទៀតនោះ គឺ សមាគមបន្តកិច្ចសហប្របត្តិការយ៉ាងជិតដិតជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ចូលរួមទប់ស្កាត់និងលុបបំបាត់ការធ្វើអាជីវកម្មខុសច្បាប់។
សាយ សមិទ្ធិ៖ សមាគមនេះបង្កើតជាយូរមកហើយ ប៉ុន្តែ ហាក់បីដូចជាស្ងប់ស្ងាត់ មិនសូវជាមានផែនការសកម្មភាពអ្វីនោះទេ ទើបតែដើមឆ្នាំនេះប៉ុណ្ណោះ ដែលសមាគមមួយនេះហាក់ដូចជាចង់ពង្រឹងនិងពង្រីកសកម្មភាពរបស់ខ្លួនឡើងវិញ តើនៅក្នុងឆ្នាំ២០១៨នេះ សមាគមមានផែនការអី្វខ្លះសម្រាប់ជំរុញសេវាកម្មហាងបញ្ចាំនៅកម្ពុជា?
លោក កែវ និមិត្ត៖ យើងនឹងខិតខំជំរុញផ្សព្វផ្សាយសកម្មភាពសមាគមនិងសែ្វងរកដៃគូសហការ។ ការពារផលប្រយោជន៍អាជីវកម្មរបស់សមាជិក និងពង្រឹងបរិយាកាសអាជីវកម្មលើវិស័យទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន។ អភិវឌ្ឍនិងពង្រឹងវិស័យទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។ ពិសេស យើងនឹងខិតខំសម្របសម្រួលប្រព័ន្ធទីផ្សារ និងអភិវឌ្ឍវិស័យទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន។ សម្របសម្រួលការងារវិនិយោគលើវិស័យទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន។
សាយ សមិទ្ធិ៖ សមាជិកដែលចូលសមាគមទទួលបានផលប្រយោជន៍អ្វីខ្លះ? តើត្រូវមានលក្ខខណ្ឌបែបណាខ្លះដើម្បីក្លាយជាសមាជិករបស់សមាគម?
លោក កែវ និមិត្ត៖ បាទ ហាងបញ្ចាំដែលចូលជាសមាជិករបស់សមាគម ពិតជាទទួលបានប្រយោជន៍ច្រើនណាស់ គឺទទួលបានការការពារពីការរំលោភបំពានណាមួយទៅលើសិទ្ធិនិងផលប្រយោជន៍របស់ពួកគាត់ ទទួលបានចំណេះដឹងនិងបទពិសោធន៍ល្អៗពីអាជីវករផ្សេងទៀតដែលជាសមាជិករបស់សមាគម និងបានចូលរួមរាល់សកម្មភាពដែលផ្តួចផ្តើម និងរៀបចំឡើងដោយសមាគម ទទួលបានការដោះស្រាយ និងសម្រុះសម្រួល បើមានវិវាទកើតឡើង។
ហើយពិសេសជាងនេះទៅទៀត បានទទួលការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុន។ ហើយលក្ខខណ្ឌដើម្បីចូលជាសមាជិករបស់សមាគម គឺគាត់ត្រូវតែជាក្រុមហ៊ុនដែលរកស៊ីស្របច្បាប់ មានន័យថា គាត់ត្រូវតែទៅចុះបញ្ជីជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវតែបង់ពន្ធត្រឹមត្រូវ សុំច្បាប់ត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន និងបានបំពេញសំណុំបែបបទសុំចូលជាសមាជិកសមាគម និងបានបង់វិភាគទានត្រឹមត្រូវ។
សាយ សមិទ្ធិ៖ តើអាជីវកម្មហាងបញ្ចាំមានហានិភ័យអ្វីខ្លះ? ការគ្រប់គ្រងហានិភ័យត្រូវធ្វើដូចម្តេចទៅ?
លោក កែវ និមិត្ត៖ អាជីវកម្មនេះមានហានិភ័យច្រើន ដូចជា ពួកជនខិលខូចកែឯកសារ បន្លំឯកសារឡាននិងម៉ូតូ មាសនិងពេជ្រមិនពិត ហើយក៏មានករណីដែលអតិថិជនមិនមានលទ្ធភាពមកលោះទ្រព្យបញ្ចាំពីយើងវិញដែរ។ ជាគោលការណ៍របស់ក្រុមហ៊ុន យើងមិនចង់បានទ្រព្យបញ្ចាំដាច់របស់អតិថិជនទេ។ យើងព្យាយាមរកមធ្យោបាយឲ្យអតិថិជនមកលោះរបស់ទ្រព្យគាត់ទៅវិញ។ ក្នុងមួយឆ្នាំ មានមិនលើសពី ៥% ទេ។ ហើយក្នុងករណីដែលគាត់មិនមកលោះ យើងរកអតិថិជនមកទិញទ្រព្យរបស់គាត់ទៀត ឲ្យគាត់បានចំណេញ ហើយយើងយកតែលុយថ្លៃបញ្ចាំយើងមកវិញទេ៕