ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងយ៉ាងដូច្នេះ ថា៖ «បើអត់លុយ កុំទិញផ្ទះ អត់លុយត្រូវតែទិញដី អ្នកចង់មាន មានតែទិញដីទេ។ បើអត់មានផ្ទះ ខ្ញុំថា ចងតង់ ចងស្បូវ២០ទៅ៣០កណ្តប ធ្វើចង្ក្រានបាយដេកវៀនទៅ វាក៏នៅតែគ្រាន់បើ។ ថ្ងៃក្រោយ ដីនេះឡើងថ្លៃយើងក្លាយជាអ្នកមាន។ ផ្ទុយទៅវិញ បើយើងទិញផ្ទះ អត់ប្រយោជន៍ទេ រស់នៅអន់ចុះ ប៉ុន្តែ ភ្ជាប់ជាមានការដាំដុះ ដីកើតមិនងាយទេ តែមនុស្ស ងាយនឹងកើត»។
ការថ្លែងរបស់ឯកឧត្តម ជា សុផារ៉ា គឺធ្វើឡើងក្នុងពិធីសម្ពោធបញ្ចុះបឋមសិលាសាងសង់លំនៅឋានសមរម្យរបស់ក្រុមហ៊ុន Arakawa របស់ជប៉ុន នៅភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា នៅមុខពលរដ្ឋរាប់រយនាក់។
ដូចគ្នាដែរ លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា ដោយអះអាងថា ក្នុងករណីដែលពលរដ្ឋមិនទាន់មានលុយគ្រប់គ្រាន់នោះ គឺគួរតែទិញដីជាមុនសិន ដើម្បីទុកឲ្យឡើងថ្លៃ និងមានឱកាសរកចំណូលបន្ថែម ជាការបោះជំហានទៅទិញបុរី ឬខុនដូ ដែលជាបំណងប្រាថ្នារបស់ខ្លួននោះ។
លោកបញ្ជាក់យ៉ាងដូច្នេះថា ៖ «គាត់ (ឯកឧត្ដម ជា សុផារ៉ា) លើកឡើងនេះ ខ្ញុំឯកភាព។ បើពួកគាត់ខ្វះលុយ គួរយកលុយទៅទិញដីឡូតិ៍៥ទៅ៦ពាន់(ដុល្លារ)ទុក ៥ ទៅ ៦ឆ្នាំក្រោយមក យើងមានចំណូលបន្ថែមគ្រប់គ្រាន់ សឹមទៅទិញផ្ទះ ឬមានលុយសង់ផ្ទះលើដីនោះតែម្តង»។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានផ្តល់យោបល់ថា ប្រសិនបើពលរដ្ឋចង់ទិញខុនដូ ឬបុរី គឺគួរតែប្រើកម្ចីពីធនាគារ។
«ភាគច្រើននៃការទិញខុនដូ ឬបុរី គឺពឹងផ្អែកលើកម្ចី ប៉ុន្តែ សូមពលរដ្ឋគួរប្រើកម្ចីពីធនាគារ ព្រោះ មុននឹងធនាគារឲ្យលុយខ្ចី ធនាគារបានវាយតម្លៃយ៉ាងច្បាស់លាស់ពីលទ្ធភាពសងរបស់អតិថិជន។ មួយទៀត ធនាគារ គេនឹងត្រួតពិនិត្យប្លង់កម្មសិទ្ធិស្របច្បាប់របស់ខុនដូ ឬបុរី ដែលជួយអ្នកទិញឲ្យមានសុវត្ថិភាព និងគ្មានហានិភ័យ»។
នេះជាការអះអាងរបស់លោក ង៉ែត ជូ ដោយបន្ថែមថា សព្វថ្ងៃនេះ មានម្ចាស់បុរីមួយចំនួនបានផ្តល់សេវាបង់រំលស់ ដោយមិនបានវាយតម្លៃពីចំណូលអតិថិជនឲ្យបានច្បាស់លាស់ ដែលគិតតែពីប្រាក់ចំណេញ ហើយបង្កការលំបាកជាច្រើនដល់អតិថិជន៕