ទោះបីជា ទំហំទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសឆ្នាំ២០២២ បានធ្លាក់ចុះអស់រហូតជាង ១ពាន់លានដុល្លារក្ដី ប៉ុន្ដែ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅឆ្នាំ២០២២ ចំណូលពីការនាំចេញទំនិញចេញពីតំបន់សេដ្ឋកិច្ចពិសេស បានកើនឡើងរហូតជិត ៥០% បើធៀបនឹងឆ្នាំ២០២១។
ជុំវិញស្ថានភាពនៃការវិនិយោគនេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃពិភពលោកដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ជាដើម បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច-សង្គម កម្ពុជា រួមទាំងវិស័យដឹកជញ្ជូនជាដើម។ ប៉ុន្ដែ វាមិនបានរាំងស្ទះខ្លាំងដល់សកម្មភាពនៃការធ្វើពាណិជ្ជកម្មកម្ពុជា នោះទេ។ បើតាមឧកញ៉ា ស៊ិន ចន្ធី សកម្មភាពនៃការធ្វើពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការដឹកជញ្ជូនទំនិញចេញចូល នៅតែមានសកម្មភាពមមាញឹក ពិសេសនៅអំឡុងឆ្នាំ២០២២តែម្ដង ក្រោយការបើកសង្គម-សេដ្ឋកិច្ចកម្ពុជា ពេញលេញឡើងវិញ។
បើយោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានកត់ត្រាការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៦ នៅទូទាំងប្រទេសបានបង្ហាញថា នៅឆ្នាំ២០២២ មានក្នុងទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ មានកំណើនជិត ៥០% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះទំហំទឹកប្រាក់នៃការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានប្រមាណ ៧០០លានដុល្លារ កើនជាង៩០% ធៀបនឹងឆ្នាំ២០២១។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ១៨៦គម្រោង ជាមួយទុនវិនិយោគសរុបជាង ៤ពាន់លានដុល្លារ ថយចុះជាង ៣០០លានដុល្លារបើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ភាគច្រើនជាគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសដែលមានរហូត ១៤៣គម្រោង ជាមួយទុនវិនិយោគសរុប ជាង ៣ពាន់លានដុល្លារ ដែលអាចបង្កើតឱកាសការងារជាង ១២ម៉ឺនកន្លែង សម្រាប់ប្រជាជនកម្ពុជា។ គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ១៦៣គម្រោង។ រីឯ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៩គម្រោង។ ដោយឡែកវិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មានចំនួន ៩គម្រោង និងវិស័យទេសចរណ៍ មានចំនួន ៥គម្រោង៕