ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្នាំនេះ

ឯកឧត្តម ស៊ូ សុជាតិ៖ មានក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្នាំនេះ


ថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជា បានសម្លឹងឃើញថា ឆ្នាំ២០២៣ ជាឆ្នាំដ៏ល្អសម្រាប់វិស័យមូលបត្រកម្ពុជា ដោយសារមានក្រុមហ៊ុនធំៗមួយចំនួននឹងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងបណ្ណបំណុលរបស់ខ្លួននៅក្នុងផ្សារមូលបត្រកម្ពុជា។ ជាក់ស្តែង នៅក្នុងសិក្ខាសាលាស្តីអំពី«ការស្វែងយល់អំពីវិស័យមូលបត្រនៅកម្ពុជា និងត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធិ» កាលពីពេលថ្មីៗ ថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជា បានអះអាងថា នឹងមានក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅកម្ពុជានឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិក្នុងផ្សារមូលបត្រក្នុងពេលខាងមុខនេះ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំដ៏ពិសេសមួយសម្រាប់វិស័យមូលបត្រកម្ពុជា ដោយសារមានក្រុមហ៊ុនធំៗមួយចំនួនបានបង្ហាញចេតនាចង់ចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលក្នុងផ្សារមូលបត្រកម្ពុជាជាបន្តបន្ទាប់។ ឯកឧត្តមបានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុនក្នុងវិស័យទូរគមនាគមន៍ដ៏ធំមួយនឹងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ក៏ប៉ុន្ដែ មិនបានបញ្ជាក់លម្អិតពីឈ្មោះក្រុមហ៊ុនទូរគមនាគមន៍នេះនោះទេ។ ទោះបីយ៉ាងនេះក្តី កាសែតក្នុងស្រុកកាលពីដើមខែធ្នូឆ្នាំ២០២២ បានចុះផ្សាយដោយស្រង់សម្តីថ្នាក់ដឹកនាំក្រុមហ៊ុន Royal Group ថា ក្រុមហ៊ុន Cellcard និង EZECOM ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Royal Group នឹងចូលរួមបោះផ្សាយលក់មូលបត្រនៅឆ្នាំ២០២៣នេះ ដើម្បីកៀរគរទុនសម្រាប់អភិវឌ្ឍន៍ទំនើមកម្មផលិត និងសេវាកម្មរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្រៅពីក្រុមហ៊ុនទូរគមនាគមន៍ខាងលើ ក៏មានក្រុមហ៊ុនមួយចំនួនទៀតគ្រោងឈានជើងចូលក្នុងទីផ្សារមូលបត្រកម្ពុជាផងដែរ។ ជាក់ស្តែងក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី បានប្រកាសកាលពេលថ្មីៗថា ខ្លួននឹងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារមូលបត្រកម្ពុជានៅចុងខែមីនា ឬដើមឆ្នាំខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

បើតាម ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា វិស័យទីផ្សារមូលបត្រមិនត្រឹមតែជាប្រភពកៀរគរទុនវិនិយោគសម្រាប់វិនិយោគិនប៉ុណ្ណោះទេ ថែមទាំងជាកន្លែងកសាងទំនុកចិត្ត និងកេរិ៍ឈ្មោះសម្រាប់ក្រុមហ៊ុន ដែលបានចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលផងដែរ។ សម្រាប់ឯកឧត្តម ស៊ូ សុជាតិ វិស័យមូលបត្រជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារដ៏មានសក្តានុពលមួយ ដែលអាចឲ្យក្រុមហ៊ុនទទួលទុនសម្រាប់វិនិយោគ និងអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៧ក្រុមហ៊ុន។ ក្នុងនោះ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៨ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ យ៉ាងណាមិញ នៅឆ្នាំ២០២២កន្លងទៅមានក្រុមហ៊ុនថ្មីចំនួន២ប៉ុណ្ណោះបានស្នើសុំចុះបញ្ជី ខណៈកន្លងមកផ្សារមូលបត្រកម្ពុជារំពឹងថា នឹងមានក្រុមហ៊ុនថ្មីយ៉ាងហោចណាស់៤អាចនឹងចុះបញ្ជី៕




អត្ថបទបន្ទាប់


តើទីផ្សារកៅស៊ូប្រឈមនឹងភាពមិនច្បាស់លាស់អ្វីខ្លះនៅឆ្នាំ២០២៣?

ព័ត៌មាន
ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូ បញ្ជាក់ថា ការប្រមូលផលនិងខ្សែចង្វាក់ផលិតកម្មដំណាំកៅស៊ូជារួមនៅក្នុងឆ្នាំ២…

ទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាថយចុះនៅឆ្នាំ២០២២ ប៉ុន្ដែចំណូលពីការនាំចេញកើនឡើងជិត៥០%

ព័ត៌មាន
យោងតាមរបាយការណ៍ដែលផ្ដល់ឲ្យដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ ការអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ