ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ កន្លងទៅការវិនិយោគផ្ទាល់ពីបរទេសក្នុងប្រទេសសមាជិកទាំង១០របស់អាស៊ានឈានដល់កំណត់ត្រាជិត២៣០ពាន់លានដុល្លារ ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសសិង្ហបុរី វៀតណាម និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ទីផ្សារភាគហ៊ុននៅអាស៊ីអាគ្នេយ៍ កំពុងមានស្ថានភាពវិជ្ជមានគួរជាទីមោទនៈចាប់តាំងពីពាក់កណ្តាលខែសីហា មក ដោយសន្ទស្សន៍តម្លៃហ៊ុននៅទីផ្សារហ៊ុនប្រទេសឥណ្ឌូនេស៊ី បានឈានដល់កំណត់ត្រាខ្ពស់បំផុតកាលសប្តាហ៍កន្លងទៅនេះ ហើយសន្ទស្សន៍តម្លៃហ៊ុននៅម៉ាឡេស៊ី ក៏បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ កន្លងមកផងដែរ។
ជុំវិញបញ្ហានេះ លោក ប៉ូល ចូវ (Paul Chew )ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនស្រាវជ្រាវ Phillip Securities Research បាននិយាយថា វិនិយោគិនបានព្យាករណ៍ដ៏វិជ្ជមានអំពីស្ថានភាពទីផ្សារវិនិយោគនៅអាស៊ីអគ្នេយ៍។ ការមានទំនុកចិត្តបែបនេះរបស់វិនិយោគិន អាចពាក់ព័ន្ធនឹងគម្លាតអត្រាការប្រាក់រវាងសហរដ្ឋអាម៉េរិក និងប្រជាជាតិអាស៊ីអាគ្នេយ៍បានរួមតូច ខណៈតម្លៃរូបិយប័ណ្ណក្នុងតំបន់ជាច្រើនមានការកើនឡើងធៀបនឹងប្រាក់ដុល្លារ។
សន្ទស្សន៍ MSCI ដែលតំណាងឲ្យសន្ទស្សន៍តម្លៃហ៊ុនរបស់អាស៊ាន បានកើនឡើង៦% ក្នុងខែសីហា ដោយសារស្ថានភាពនៃការចរចាររូបិយប័ណ្ណនៅអាស៊ីអាគ្នេយ៍នៅខែនេះមានភាពរឹងមាំល្អ។ ទីផ្សារភាគហ៊ុននៅម៉ាស៊ីឡេស៊ី បានក្លាយជាទីផ្សារដែលមានដំណើរការល្អបំផុតនៅអាស៊ាន ដែលធ្វើអ្នកវិនិយោគមានការភ្ញាក់ផ្អើលចំពោះកំណែទម្រង់របស់ប្រទេសនេះ។
ដោយឡែកមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនឹងធ្លាក់ចុះមកនៅត្រឹម១,៩% នៅឆ្នាំ២០២៥ ខាងមុខ ប៉ុន្តែប្រជាជាតិ នៅអាស៊ាន អាចមានកំណើនសេដ្ឋកិច្ចផ្ទុយពីនេះ។ ជាមួយគ្នានេះអត្រាកំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងកើនដល់៤,៤% ឥណ្ឌូនេស៊ី ៥,១% ហើយហ្វីលីពីន ៦,២%។
បច្ចុប្បន្នតំបន់អាស៊ីអាគ្នេយ៍កំពុងទទួលអត្ថប្រយោជន៍យ៉ាងសម្បើមពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក ចំពេលមានភាពតានតឹងរវាងចិន និងអាម៉េរិក។ ការប្រកាសកំណត់ពន្ធដ៏ខ្ពស់របស់សហរដ្ឋអាម៉េរិក ដែលដាក់លើប្រទេសចិន បានរារាំងការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាម៉េរិក ដែលបណ្តាលឱ្យមានការកើនឡើងនៃការផ្លាស់ប្តូរទីតាំងផលិតកម្មពីប្រទេសចិន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលមានភូមិសាស្ត្រនយោបាយអព្យាក្រឹត។
របាយការណ៍បឋមបានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសក្នុងប្រទេសសមាជិកទាំង១០របស់អាស៊ាន បានឈានដល់កំណត់ត្រាជិត២៣០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះប្រទេសសិង្ហបុរី វៀតណាម និងកម្ពុជា បានបង្ហាញកំណើនគួរឱ្យកត់សម្គាល់ជាងគេ៕
ដោយៈ សរ សុជាតិ