បើទោះបីគោលនយោបាយរបស់រដ្ឋបាលទីក្រុងប៉េកាំង ហាក់ងាកចេញពីការផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យក្តី តែអ្នករកស៊ីក្នុងវិស័យនេះរំពឹងថា នឹងទទួលបានការចង្អុលបង្ហាញពីរដ្ឋាភិបាលចិន ដើម្បីឱ្យពួកគេអាចជៀសផុតពីវិបត្តិសាច់ប្រាក់ក្នុងចំនោមអ្នកអភិវឌ្ឍន៍។ យ៉ាងណាក៏ដោយអ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ច រដ្ឋាភិបាលចិននឹងដាក់គោលដៅសម្រាប់កំណើនផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៤ ឱ្យប្រសើរជាងឆ្នាំនេះប្រមាណ៥%។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Financial Times។
ថ្លែងនៅទីក្រុងហុងកុង កាលពីសប្តាហ៍មុន លោក ផេន គង់សេង (Pan Gongsheng) ប្រធានធនាគារកណ្តាលរបស់ប្រទេសចិន បានព្រមានថា សេដ្ឋកិច្ចចិនកំពុងចាប់ផ្តើមក្នុងដំណើរមួយដ៏វែងឆ្ងាយ និងលំបាក និងកាន់តែចាកឆ្ងាយពីការវិនិយោគលើវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាក្បាលម៉ាស៊ីនក្នុងកាជួយជំរុញកំណើនសេដ្ឋកិច្ច។
ការលើកឡើងបែបនេះរបស់លោក ប៉ាង គឺចង់បង្ហាញពីបញ្ហាប្រឈមដល់អ្នកបង្កើតគោលនយោបាយចិន ចំពេលដែលពួកគេគ្រោងរៀបចំសន្និសីទការងារសេដ្ឋកិច្ចកណ្តាលនៅក្នុងខែនេះ។ កិច្ចប្រជុំនោះនឹងកំណត់គោលនយោបាយប្រចាំឆ្នាំសម្រាប់សេដ្ឋកិច្ចចិន ក៏ដូចជាដើម្បីបញ្ជូនសញ្ញាមួយទៅកាន់អ្នកវិនិយោគអំពីជំនួយ ដែលរដ្ឋាភិបាលអាចនឹងគាំទ្រជាពិសេសដល់វិស័យអចនទ្រព្យនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។
ទន្ទឹមគ្នានេះ បើតាមលោក ហ្វ្រេដ នូម៉េន (Fred Neumann) ប្រធានសេដ្ឋវិទូអាស៊ី នៅធនាគារ HSBC ក៏រំពឹងទុកអំពីសញ្ញាវិធានគាំទ្រពីសំណាក់រដ្ឋាភិបាលចិន ផងដែរ។ លោក ហ្រ្វេដ បានលើកឡើងថា ប្រសិនបើគ្មានគោលនយោបាយគាំទ្រដូចជាការជំរុញសារពើពន្ធបន្ថែម និងការគិតអំពីការបន្ធូរបន្ថយរូបិយវត្ថុទេនោះ សេដ្ឋកិច្ចចិននឹងលំបាកក្នុងការឈានដល់កំណើន៥% នៅឆ្នាំក្រោយ។
ទោះយ៉ាងណា ជាការឆ្លើយតប អ្នកបង្កើតគោលនយោបាយចិនបានចេញនូវគោលនយោបាយជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីខែតុលា កន្លងទៅ ធនាគារកណ្តាលចិន បានសន្យាថា ខ្លួននឹងជួយដោះស្រាយហានិភ័យសម្រាប់ក្រុមអចលនទ្រព្យធំៗ និងធ្វើឱ្យមានស្ថិរភាពនៃការរំពឹងទុកសម្រាប់វិស័យនេះ។
ដោយឡែក របាយការណ៍ផ្សេងទៀតបាននិយាយថា និយ័តករចិនកំពុងពិចារណាលើ«បញ្ជីស» នៃអ្នកអភិវឌ្ឍន៍ដែលមានសិទ្ធិទទួលបានប្រាក់កម្ចីធនាគារ បំណុល និងមូលនិធិសមធម៌ផងដែរ។
មនុស្សដែលដឹងពីបញ្ហានេះបាននិយាយថា ធនាគាររដ្ឋមួយចំនួនតាមការណែនាំរបស់និយ័តករបានចាប់ផ្តើមកោះហៅអ្នកអភិវឌ្ឍន៍ឯកជនមួយចំនួន ដើម្បីផ្តល់ការសន្យាពាក្យសម្តី សម្រាប់ការទទួលគាំទ្រឥណទាន។ គំនិតផ្តួចផ្តើមទាំងនោះអាចត្រូវបានប្រើដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកអភិវឌ្ឍន៍អចនទ្រព្យ។ នេះបើតាមអ្នកវិភាគសេដ្ឋកិច្ចនៅវិទ្យស្ថានGavekal Dragonomics។ ខណៈអ្នកសេដ្ឋកិច្ចជឿថា វិធានការទាំងនេះ រួមជាមួយនឹងការប្រកាសដោយរដ្ឋាភិបាលផ្សេងទៀត ដូចជាកម្ចីរដ្ឋាភិបាលកណ្តាលចំនួន១៤០ពាន់លានដុល្លារ សំដៅជួយពង្រឹងសេដ្ឋកិច្ច វានឹងអាចលេចចេញជារួបរាងនៅឆ្នាំក្រោយ។
ឥឡូវនេះការផ្តោតអារម្មណ៍កំពុងងាកទៅរកអ្វី ដែលនឹងមកដល់នៅឆ្នាំ២០២៤ ដែលលោកស្រី Tao Wang ប្រធានសេដ្ឋវិទូចិន នៅធនាគារ UBS ព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង៤,៤% នៅឆ្នាំក្រោយ។ ខណៈលោក ជូ ហៃទីន(Zhu Haibin) ប្រធានសេដ្ឋវិទូចិន នៅធនាគារ JPMorgan បានប្រាប់ Financial Times ថា គោលដៅកំណើន GDP ៥% របស់ចិនអាចនឹងប្រឈមនឹងការលំបាក តែបើ៤,៥% ទៅ៥% ប្រហែលជាមានភាពងាយស្រួលក្នុងការសម្រេចបានជាង ស្របពេលដែលចិន កំពុងមានបញ្ហាលំនៅដ្ឋាន និងបំណុលរដ្ឋាភិបាលក្នុងតំបន់។
យ៉ាងណាក៏ដោយសម្រាប់លោក មីអៅ យ៉ាងលៀង (Miao Yanliang) នាយកប្រតិបត្តិនៃនាយកដ្ឋានស្រាវជ្រាវនៅធនាគារវិនិយោគ CICC របស់ប្រទេសចិន លើកឡើងថា ៥%ប្រហែលជានឹងត្រូវស្វាគមន៍ដោយអ្នកវិនិយោគ ព្រោះគោលដៅកំណើននេះ គឺជាសូចនាករដ៏សំខាន់មួយដែលវានឹងមានឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារក្នុងប្រទេសចិន៕