អ្នកនាំពាក្យក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី លោក ហ្វេព្រី ហិនឌ្រី អង់តូនី អារីហ្វ (Febri Hendri Antoni Arief) បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ទូរសព្ទស្មាតហ្វូន iPhone 16 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីឡើយ ដោយសារតែពួកគេមិនបានបំពេញតាមច្បាប់ជាធរមាន ស្ដីពីការប្រើប្រាស់សមាសធាតុផលិតរបស់ឥណ្ឌូនេស៊ី។
សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា ប្រទេសឥណ្ឌូនេស៊ី តម្រូវឱ្យទូរសព្ទស្មាតហ្វូនមួយចំនួនដែលលក់ក្នុងស្រុកត្រូវប្រើគ្រឿងបន្លាស់ក្នុងស្រុកយ៉ាងហោចណាស់ឱ្យបាន៤០% ប៉ុន្តែទូរសព្ទ iPhone 16 មិនបានបំពេញតាមលក្ខខណ្ឌនេះទេ។
សេចក្ដីថ្លែងការណ៍នេះ បានបន្ថែមទៀតថា ទូរសព្ទ iPhone 16 ដែលនាំចូលទៅឥណ្ឌូនេស៊ី មិនអាចដាក់លក់ក្នុងទីផ្សារប្រទេសនេះបានទេ ដោយសារក្រុមហ៊ុន Apple Indonesia មិនបានបំពេញតាមតម្រូវការនៃការវិនិយោគរបស់ខ្លួន ដើម្បីទទួលបានវិញ្ញាបនបត្រមាតិកាក្នុងស្រុកប៉ុន្តែគេនៅតែអាចនាំចូលវាបានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឱ្យតែគេបង់ពន្ធតាមការកំណត់។
បច្ចុប្បន្នក្រុមហ៊ុន Apple មិនបានបង្កើតរោងចក្រផលិតទូរសព្ទរបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ីទេ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨ មក ក្រុមហ៊ុននេះបាននិងកំពុងបង្កើតកម្មវិធីសិក្សាដល់អ្នកអភិវឌ្ឍកម្មវិធីដែលរួមទាំងការបង្កើតសាលាថ្មីមានតម្លៃសរុបជាង១០០លានដុល្លារផងដែរ៕
បើតាមក្រុមហ៊ុនស្រាវជ្រាវ IDC បាននិយាយកាលពីខែឧសភា ថា ក្រុមហ៊ុនផលិតទូរសព្ទស្មាតហ្វូនកំពូលៗចំនួនពីរបានឈានមុខគេនៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ីនៅក្នុងត្រីមាសទីមួយឆ្នាំនេះ គឺក្រុមហ៊ុន OPPO របស់ចិន និងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung៕
អត្ថបទ៖ សុខ មង្គល